អន្តរជាតិ
នាយករដ្ឋមន្ត្រី​កាណាដា មក​ទស្សនកិច្ច​វៀតណាម និង​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​នៅ​ហ្វីលីពីន​
03, Nov 2017 , 2:39 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​កាណាដា លោក ចា​ស្ទី​ន ទ្រូ​ដូ (Justin Trudeau)​បានប្រកាសថា លោក​នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​វៀតណាម និង​ហ្វីលីពីន​ចាប់ពី​ថ្ងៃ ៦ ខែវិច្ឆិកា​នេះ​។ នៅ​វៀតណាម លោក​នឹង​ជួប​ជាមួយ​មេដឹកនាំ​វៀតណាម និង​ចូលរួម​កិច្ចប្រជុំ APEC ហើយ​បន្តដំណើរ​ទៅ​ហ្វីលីពីន​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣១ ថែមទៀត​។​



​ចាប់ពី​ថ្ងៃ ៦ ដល់​ថ្ងៃ ១៤ ខែវិច្ឆិកា​នេះ លោក ចា​ស្ទី​ន ទ្រូ​ដូ នឹង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​កាន់​តំបន់​អាស៊ី​។ លោក​នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​វៀតណាម និង​ចូលរួម​ក្នុង​កិច្ចប្រជុំ​វេទិកា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច អាស៊ី​ប៉ាស៊ីហ្វិក​។​

«​ទំនាក់ទំនង​រវាង​កាណាដា​ជាមួយ​វៀតណាម​រឹងមាំ​ដោយសារ​ចំណងមិត្តភាព​រវាង​ប្រជាជន​និង​ប្រជាជន ហើយ​ទំនាក់ទំនង​នោះ​រីកចម្រើន​លូតលាស់​លឿន​ក្នុង​រយៈពេល ៤០​ឆ្នាំកន្លងមក​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ជួយ​ជាមួយ​មេដឹកនាំ​វៀតណាម ដើម្បី​ជំរុញ​ការអភិវឌ្ឍ​អភិបាលកិច្ច និង​សិ​ទិ្ធ​មនុស្ស​រួមទាំង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​សេដ្ឋកិច្ច វិនិយោគ និង​បង្កើត​ឱកាស​សម្រាប់​ប្រជាជន​យើង​»​។ នេះ​ជាស​ម្តី​របស់លោក ចា​ស្ទី​ន ទ្រូ​ដូ ដែល​ស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួ​។

​ពេល​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លោក ទ្រូ​ដូ នឹង​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​វៀតណាម Tran Dai Quang  នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ប្រធានសភា Nguyen Thi Kim Ngan និង​លេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម Nguyen Phu Trong​។

​ក្រៅពី​ជួប​មេដឹកនាំ​នយោបាយ លោក ទ្រូ​ដូ ក៏​នឹង​បន្តដំណើរ​ទៅកាន់​ក្រុង​ហូជីមិញ ដើម្បី​ជួប​ជាមួយ​បណ្តា​អ្នកជំនួញ​ធំៗ និង​ចូលរួម​កិច្ចពិភាក្សា​ជាមួយ​និស្សិត​សាកលវិទ្យាល័យ Ton Duc Thang ផង​។ បន្ទាប់មកទៀត​លោក​បន្តដំណើរ​ទៅកាន់​ក្រុង ដា​ណា​ង ដើ​មី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC )​។

​ក្រោយ​ចប់​កិច្ចប្រជុំ មេដឹកនាំ​កាណាដា រូបនេះ​នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​ហ្វីលីពីន ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣១​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ដដែល លោក ទ្រូ​ដូ នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​កាណាដា​ដើម្បី​រម្លឹក​ខួប​លើក​ទី ៤០ នៃ​ការបង្កើត​ទំនាក់ទំនង​រួមគ្នា​រវាង​ភាគី​ទាំងពីរ​។ ក្នុង​កិច្ចប្រជុំ​នេះ មេដឹកនាំ​អាស៊ាន និង​កាណាដា នឹង​ពិភាក្សា​និង​ស្វែងរក​វិធីសាស្ត្រ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ផង​។​

​ក្រៅពីនេះ កាលពី​ខែសីហា​កន្លងទៅ រដ្ឋាភិបាល​ហ្វីលីពីន​បានប្រកាសថា ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ផ្ញើ​លិខិតអញ្ជើញ​ផ្លូវការ​ដើម្បី​អញ្ជើញលោក​នាយករដ្ឋមន្ត្រី ចា​ស្ទី​ន ទ្រូ​ដូ ឲ្យ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ន ក្នុងនាម​ជា​ភ្ញៀវ​របស់​ប្រធាន​អាស៊ាន​។​

 តាមពិតទៅ កាណាដា​បាន​បន្ត​ស្វះ​ស្វែងរក​ឱកាស​ដើម្បី​ក្លាយជា​សមាជិក​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​បូក តាំងពី​យូរ​មកហើយ ហើយ​ហ្វីលីពីន​យល់ថា វា​ជា​ពេល​ល្អ​ដែល​ត្រូវ​អញ្ជើញ​មេដឹកនាំ​ប្រទេស​មហាអំណាច​មួយ​នេះ​ឲ្យ​មក​ចូលរួម​កិច្ចប្រជុំ​នៅខាងមុខ​ផង​។ ក្រៅពី កាណាដា លោក ឌូ​ទើ​តេ ក៏បាន​អញ្ជើញ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Donald Tusk មក​ចូលរួម​កិច្ចប្រជុំ​ខាងលើ​ក្នុងនាម​ជា​ភ្ញៀវ​របស់​ប្រធាន​អាស៊ាន​ដែរ​។​៕


Tag:
 ចា​ស្ទី​ន ទ្រូ​ដូ​
  វៀតណាម​
  ហ្វីលីពីន​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com