អន្តរជាតិ
ម៉ា​ល់​ឌី​វ​៖ Passport Card អាច​ប្រើ​ជា​លិខិតឆ្លងដែន អត្តសញ្ញាណ​បណ្ណ បណ្ណ​បើកបរ កាត​ធនាគារ​...
03, Nov 2017 , 7:39 pm        
រូបភាព
ដោយ: ធីតា
​កោះ​ម៉ា​ល់​ឌី​វ ទើប​បង្ហាញ​ប្រភេទ ID Card ថ្មី ដែល​អាច​ប្រើប្រាស់​បាន​គ្រប់បែបយ៉ាង ក្នុងនោះ​មានដូចជា MasterCard អត្តសញ្ញាណ​បណ្ណ បណ្ណ​បើកបរ បណ្ណ​សុខភាព និង​បណ្ណ​ធានារ៉ាប់រង ហើយ​អ្វីដែល​កាន់តែ​ពិសេស​បំផុត​នោះ គឺ​វា​ត្រូវបាន​ប្រើប្រាស់​ធ្វើជា​លិខិតឆ្លងដែន​សម្រាប់​ការធ្វើដំណើរ​ផងដែរ​។​



​ពលរដ្ឋ ម៉ា​ល់​ឌី​វ មិនចាំបាច់​កាន់​កាត​ច្រើន​តាម​ខ្លួន​នោះឡើយ​។ យោងតាម​គេហទំព័រ​នាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ា​ល់​ឌី​វ លោក Abdulla Yameen Abdul Gayoom ប្រធានាធិបតី​នៃ​ប្រទេស​ដែន​កោះ​មួយ​នេះ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ «Passport Card» ដែលជា​ប្រភេទ​កាត​ប្រើប្រាស់​បាន​ច្រើន​មុខងារ​។​

​ក្រោម​កិច្ចសហការ​រវាង​នាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ា​ល់​ឌី​វ និង​ក្រុមហ៊ុន​អាល្លឺម៉ង់ Dermalog ព្រមទាំង​មានការ​ទទួលស្គាល់​ពី Bank of Maldives ក្រុមហ៊ុន MasterCard  ម៉ា​ល់​ឌី​វ ក្លាយជា​ប្រទេស​ទីមួយ​ដែល​ប្រើ «Passport Card» សម្រាប់​សេវាកម្ម e-services ក៏ដូចជា e-transport​។​



Passport Card កើតចេញពី​គំនិត​ច្នៃប្រឌិត​ដ៏​ថ្មី​បំផុត​មួយ​ដែល​ធ្វើឡើង​ពី​បន្ទះ​ប្រភេទ Polycarbonate ហើយ​អាចមាន​សុពលភាព​ប្រើប្រាស់​រហូតដល់​ទៅ​១០​ឆ្នាំ ខណៈ​បច្ចុប្បន្ន​បណ្ណធ​នាគា​រទូ​ទៅ​មាន​សុពលភាព​ត្រឹម​៣​ឆ្នាំ​ប៉ុណ្ណោះ​។​

​ក្រៅពី​មានមុខ​ងារ​ជា​បណ្ណធ​នាគារ Passport Card ក៏ត្រូវ​ប្រើប្រាស់​ជា បណ្ណ​បើកបរ បណ្ណ​សុខភាព ឬ​បណ្ណ​ធានារ៉ាប់រង ផងដែរ​។ អ្វីដែល​ពិសេស​ជាង​នេះ វា​ជា «​លិខិតឆ្លងដែន​» ទំនើប​មួយ ដែល​អាច​ប្រើការ​បាន​នៅតាម​ច្រក​អេ​ឡិច​ត្រូ​និ​ច ដោយ​មិនចាំបាច់​មានការ​បោះត្រា​លើ​សៀវភៅ​។​

​លោក Mohamed Anwar មន្ត្រី​នាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ា​ល់​ឌី​វ បាន​លើកឡើងថា​៖ «​ច្រកទ្វារ​គឺ​បើកចំហរ​សម្រាប់​នាយកដ្ឋាន​នានា​របស់​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន ក្នុងការ​ប្រើប្រាស់ Passport Card ដ៏​ទំនើប​របស់​យើង​»៕

Tag:
 ម៉ា​ល់​ឌី​វ​
  Passport Card
© រក្សាសិទ្ធិដោយ thmeythmey.com