ជាតិ
អាជ្ញាធរ​ប្រាប់​ឲ្យ​ឈប់​ទិញ​-​លក់​អាវ​ដែលមាន​អក្សរ «Police» និង «Army»
04, Nov 2017 , 10:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ទាំងអស់​ឲ្យ​ឈប់​ទិញ​សម្លៀកបំពាក់ ឬ​សម្ភារៈ​ផ្សេងៗ ដែល​ពាក់ព័ន្ធ​និង​សមត្ថកិច្ច ឬ​កងកម្លាំង​ប៉ូលីស​។ លើសពីនេះទៅទៀត​សាលា​រាជធានី ក៏បាន​អំពាវនាវ​ឲ្យ​អាជីវករ​ទាំងអស់​បញ្ឈ​ប់​ការលក់​សម្លៀកបំពាក់ ដែល​ស្រដៀង​គ្នា​ទៅ​និង​នគរបាលជាតិ​។ ការអំពាវនាវ​នេះ​បន្ទាប់ពី​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នក ដែល​បាន​ពាក់អាវ​មាន​ពាក្យ​ថា Police និង Army  ទាំង​ក្មេង ទាំងចាស់ ប្រមាណ​១០០​នាក់ មិន​ឲ្យ​ចូល​កម្សាន្ត ក្នុងន័យ​ថែរក្សា​សុវត្ថិភាព​។



​បើតាម​ការផ្សាយ​របស់ Fresh News អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បញ្ឈប់​ការទិញ​សម្លៀកបំពាក់ និង​ឧបករណ៍ ដែល​ពាក់ព័ន្ធ​និង​កងកម្លាំង​នគរបាល កងកម្លាំងប្រដាប់អាវុធ​ហត្ថ និង​កង​កម្លាំងយោធា ដើម្បី​ចៀសវាង​ការប្រើប្រាស់ ហើយ​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​។ មិនតែប៉ុណ្ណោះ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​អំពាវនាវ​ដល់​ដល់​អាជីវករ​ទាំងអស់ ឬ​អ្នក​នាំចូល​សម្លៀកបំពាក់​ឲ្យ​បញ្ឈប់​ការលក់ និង​នាំចូល​សម្លៀកបំពាក់ និង​ឧបករណ៍​ទាំងនេះ ព្រោះ​ការលក់​សម្ភារៈ​ទាំងនេះ​អាច​នឹង​មានទោស​តាមផ្លូវ​ច្បាប់​។

​ការ​ថ្លែង​បែបនេះ បន្ទាប់ពី​កងកម្លាំង​ការពារ​សន្តិសុខ​សណ្ដាប់​ធ្លាប់បាន​ឃាត់ខ្លួន​មនុស្ស​ជាង​១០០​នាក់ ដែល​មកពី​តំបន់​ខុសគ្នា​មក​ចូលរួម​ពិធីបុណ្យ​អុំទូក នៅ​យប់​ថ្ងៃទី​២​នៃ​ពិធី​បុណ្យអុំទូក ហើយ​បាន​ពាក់អាវ​ដែលមាន​សរសេរថា Police និង Army ។

​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក​ជួន សុវណ្ណ បាន​ឲ្យ​ដឹងផង​ដែរ​ថា ការឃាត់ខ្លួន​នេះ ដោយសារ​ព្រួយបារម្ភ​ពី​សុវត្ថិភាព ខ្លាចក្រែង​មាន​ជនខិលខូច បន្លំ​ខ្លួន​ធ្វើជា​ប៉ូលីស ហើយ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​នៅក្នុង​កម្មវិធី​បុណ្យ​។​
​អ្នក​ដែល​បាន​ពាក់អាវ នោះបាន​លើកឡើងថា ពួកគាត់​ពាក់អាវ​នេះ​មិនមាន​បំណង​អ្វី​នោះទេ គ្រាន់តែ​អាវ​នេះ​ជា​ប្រភេទ​អាវ​រងា ហើយ​មេឃ​ត្រជាក់​ទើប​ពួកគាត់​ទិញ​វា​យកមក​ពាក់​។​

​ក្រោយពី​កងកម្លាំង​សន្តិសុខ​បាន​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ទាំងនោះ​មួយរយៈ ក៏បាន​ដោះលែង​វិញ តែ​បាន​ដកហូត​អាវ​មិន​ឲ្យ​ពាក់​ទៅ​ចូលរួម​កម្មវិធី​បុណ្យអុំទូក​ទៀត​នោះទេ​៕


Tag:
 អុំទូក​
  សុវត្ថិភាព​
  ប៉ូលីស​
  សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com