ពីនេះ ពីនោះ
វិធីជៀសផុតពីការបំផ្លាញបរិស្ថាន ដែលមនុស្សត្រូវអនុវត្តន៍
× ការវិនាសផុតពូជប្រភេទសត្វខ្លះ ការបំពុល ផលផ្ទះកញ្ចក់ ការបំផ្លាញស្រទាប់អូសូន ជាលទ្ធផលនៃសកម្មភាពប្រចាំថ្ងៃរបស់យើង។ ដូច្នេះ ការផ្លាស់ប្តូរឥរិយាបទរបស់មនុស្សយើងនឹងចូលរួមការពារបរិស្ថាន។
យើងដឹងច្បាស់ហើយថា ធនធានធម្មជាតិគឺមានកំណត់។ ដូច្នេះយើងត្រូវប្រើប្រាស់ឲ្យមានកំណត់ និងជៀសវាងការខ្ជះខ្ជាយ។ យើងត្រូវប្រើប្រាស់បរិក្ខារដែលស៊ីទឹកតិច កុំងូតទឹកយូរពេក កុំបង្ហូរទឹកចោល និងត្រូវជួសជុលកន្លែងដែលធ្លាយទឹក។ លើសពីនេះទៅទៀតយើងអាចដាក់ទរ ឬប្រដាប់ត្រងទឹកភ្លៀង ដើម្បីយកមកប្រើប្រាស់ក្នុងការសន្សំទឹកបានខ្លះ។
អ្វីដែលនៅជុំវិញខ្លួនយើងគឺបរិស្ថាន ដើម្បីឲ្យបរិស្ថានទទួលបានភាពល្អបរិសុទ្ធ មិនត្រូវបោះពាសវាលពាសកាលឡើយ មិនត្រូវបោះចោលផលិតផលគីមី (ប្រេងម៉ាស៊ីន ទឹកក្បុង អាស៊ីត) ក្នុងប្រឡាយទឹក បង្គន់ ធុងសម្រាមឡើយ។ បើយើងគ្រប់គ្នាស្រលាញ់បរិស្ថាន ចូលរួមកែប្រែទម្លាប់ល្អក្នុងការការពារបរិស្ថាន។
ព្រៃឈើជាម្លប់សម្រាប់មនុស្ស សត្វ ដែលជាធនធានធម្មជាតិមនុស្ស សត្វមិនអាចខ្វះបាន។ ការកាប់ព្រៃឈើមួយដើមហាក់ដូចជាបាត់បង់នូវជម្រក។ ដូច្នេះ មានតែព្រៃឈើទើបជួយយើងជៀសផុតពីការកើនឡើងនូវកម្តៅ ហើយជាម្លប់ដ៏ត្រជាក់ផងដែរ។
កាលពីដើមឡើយភពផែនដីដំបូង គឺមានតែសត្វ និងរុក្ខជាតិតែប៉ុណ្ណោះដែលមាននៅលើផែនដី ប៉ុន្តែនៅពេលមនុស្សកើតឡើងហើយកាន់តែច្រើនទៅៗ ធ្វើឲ្យមានការបាត់បង់ប្រភេទភាវ:រស់ជាច្រើន ដែលភាវ:រស់ខ្លះត្រូវបានផុតពូជ។ តាមអ្នកវិទ្យាសាស្ត្រទទួលបន្ទុកសិក្សា និងរាប់ចំនួនភាវ:រស់បានឲ្យដឹងថា នៅពេលដែលប្រភេទភាវៈរស់ណាមួយត្រូវវិនាសផុតពូជ គេព្យាយាមបញ្ចូលភាវៈរស់នោះពីកន្លែងផ្សេង មកចិញ្ចឹមទៅក្នុងតំបន់នោះវិញ៕
(សារព័ត៌មានអេឡិចត្រូនិកថ្មីៗទទួលបានសិទ្ធិដកស្រង់ និងផ្សព្វផ្សាយបន្តពីអង្គការស៊ីប៉ា។
អត្ថបបទខាងលើត្រូវបានដកស្រង់ចេញពីសៀវភៅដែលមានចំណងជើងថា៖ បរិស្ថានយើង។
សូមចូលរួមជួយជាវសៀវភៅដែលបោះពុម្ពដោយអង្គការស៊ីប៉ា។ អង្គការស៊ីប៉ា គឺជាអង្គការជួយជំរុញការអានយ៉ាងខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា)។
Tag:
បរិស្ថាន
អាកាសធាតុ
ពីនេះពីនោះ
© រក្សាសិទ្ធិដោយ thmeythmey.com