អន្តរជាតិ
ចិន​ត្រៀម​ទទួល​លោក ត្រាំ លើសពី​ទស្សនកិច្ច​ផ្លូវរដ្ឋ​ធម្មតា​
08, Nov 2017 , 12:02 pm        
រូបភាព
​ចេញពី​ជប៉ុន និង​កូរ៉េខាងត្បូង ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​អាស៊ី​មួយទៀត គឺ​ចិន​។ នៅពេលនេះ ចិន​កំពុង​ញាប់ដៃ​ញាប់ជើង​ក្នុង​ការរៀបចំ​កម្មវិធី​ដំណើរ​របស់លោក ត្រាំ ដែលជា​មេដឹកនាំ​បរទេស​ទីមួយ​ទៅ​ទស្សនកិច្ច​នៅ​ចិន​ចាប់តាំងពី​ការបញ្ចប់​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​លើក​ទី​១៩ រួចមក​។ មន្ត្រី​ចិន​ប្រកាសថា លោក ត្រាំ នឹងត្រូវ​បានទទួល​លើសពី​ទស្សនកិច្ច​ផ្លូវរដ្ឋ​ធម្មតា​ទៅទៀត​។



​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ គ្រោង​ទៅដល់​ចិន​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ក្នុង​ដំណើរ​ទស្សនកិច្ច​បី​ថ្ងៃ​ដែលជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ច​រយៈពេល​វែង​នៅ​តំបន់​អាស៊ី​។ លោក ត្រាំ ជា​ប្រមុខរដ្ឋ​បរទេស​ដំបូង​គេ ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ចិន ក្រោយ​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​កាលពី​ខែតុលា​។ បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី គឺជា​របៀបវារៈ​សំខាន់​នៃ​ទស្សនកិច្ច​ដ៏​សំខាន់​លើក​នេះ​។​

​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ រដ្ឋាភិបាល​ចិន​កំពុង​រៀបចំ​កម្មវិធី​ទស្សនកិច្ច​របស់លោក ត្រាំ ឲ្យ​សក្តិសម​បំផុត និង​លើសពី​ទស្សនកិច្ច​ផ្លូវរដ្ឋ​ធម្មតា ដើម្បី​ឆ្លើយតប​នឹង​បដិសណ្ឋារកិច្ច​ដែល​ប្រធានាធិបតី​អាមេរិក​ទទួល​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ Mar-a-Lago រដ្ឋ Florida កាលពី​ខែមេសា​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua អគ្គរដ្ឋទូត​ចិន​ប្រចាំ​អាមេរិក​លោក Cui Tiankai និយាយថា ចិន​ចង់បាន​ទស្សនកិច្ច​លោក ត្រាំ លើសពី​ទស្សនកិច្ច​សព្វមួយដង​។​

​បន្ថែម​ពីលើ​កម្រាល​ផ្លូវ​ពណ៌​ក្រហម និង​ការ​ត្រួតពល​យោធា​នោះ ក្រុង​ប៉េកាំង​ក៏​រៀបចំ​ជំនួប​ទល់មុខ​មិន​ផ្លូវការ​និង​សម្ងាត់​រវាង​លោក ត្រាំ និង​លោក ស៊ី ដើម្បី​ផ្ដល់ឱកាស​មេដឹកនាំ​ទាំងពីរ​ជជែក​គ្នា​លើ​ប្រធានបទ​រសើបៗ ដោយស្មោះ​ត្រង់ និង​ដោយផ្ទាល់​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ដែល​បន្តថា ចិន​ចាត់ទុក​ទស្សនកិច្ច​លោក ត្រាំ ជា​រឿង​សំខាន់បំផុត​។​

​សូមបញ្ជាក់ថា ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក មាន​លក្ខណៈ​ល្អប្រសើរ​ខ្លាំង​ក្រោយ​លោក ត្រាំ ចូលកាន់​តំណែង​នៅ​ដើមឆ្នាំ​នេះ ប៉ុន្តែ​ទំនាក់ទំនង​នេះ​នៅ​ជួប​បញ្ហា​ខ្លះ​ដូចជា​សំណុំរឿង​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ជាដើម​។ រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​តែង​ទទូច​ឲ្យ​ចិន​ដាក់បន្ទុក​ឲ្យ​បាន​ខ្លាំង​លើ​កូរ៉េខាងជើង​ដើម្បី​បង្ខំ​ឲ្យ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។ ប៉ុន្តែ​ចិន​ហាក់​មិន​អើពើ​នឹង​សំណើ​នេះ​ទេ និង​ប្រាប់​ឲ្យ​ប្រទេស​ផ្សេង​ចេញមុខ​ខ្លះ​ផង​។​

​គេ​រំពឹង​ទស្សនកិច្ច​របស់លោក ត្រាំ នៅ​ទឹកដី នឹង​បើក​ទំព័រ​ថ្មី​នៃ​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​យុគសម័យ​ថ្មី ក្រោម​នយោបាយ «America First » របស់លោក ត្រាំ និង​នយោបាយ​បើកចំហរ​របស់លោក ស៊ី ដែល​ទើប​ជាប់ឆ្នោត​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន​៥​ឆ្នាំ​ទៀត​។ ជា​មហាអំណាច​ទីមួយ និង​ទី​ពីរ​របស់​ពិភពលោក ដំណើរ​ទៅមុខ ឬ​ថយក្រោយ​នៃ​ចំណង​ការទូត​រវាង​អាមេរិក និង​ចិន​ប្រាកដជា​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​នយោបាយ​ពិភពលោក​ទាំងមូល​៕


Tag:
 អាស៊ី​
  ចិន​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com