អន្តរជាតិ
ទឹកដី​បារាំង New Caledonia ត្រៀម​ធ្វើ​ប្រជាមតិ​ប្រកាស​ឯករាជ្យ​ឆ្នាំ​២០១៨
10, Nov 2017 , 8:59 am        
រូបភាព
​ទឹកដី​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​បារាំង New Caledonia ត្រៀមខ្លួន​ធ្វើ​ប្រជាមតិ​ដើម្បី​ប្រកាស​ឯករាជ្យ​ជា​ផ្លូវការ​នៅ​ឆ្នាំ ២០១៨​ខាងមុខ​។ ការប្រកាស​ពី​គម្រោង​ប្រជាមតិ​នេះ​ធ្វើ​ក្រោយ​មានការ​ចរចា​គ្នា​ជោគជ័យ​រវាង​មេដឹកនាំ​បារាំង និង​តំណាង​កោះ​ប៉ាស៊ីហ្វិក​នេះ​កាលពី​ចុង​សប្តាហ៍​មុន​។​



​កោះ​របស់​បារាំង New Caledonia ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល ៧៥០ ម៉ា​ល៍ពី​អូស្ត្រាលី​នោះ​នឹង​រៀបចំ​ប្រជាមតិ​ដើម្បី​កំណត់​ជោគវាសនា និង​ស្វ័យភាព​របស់ខ្លួន​នៅ​ឆ្នាំ ២០១៨​ខាងមុខ​។
 
​សារព័ត៌មាន The Guardian បាន​ផ្សាយ​ថា ការប្រកាស​ពី​គម្រោង​ធ្វើ​ប្រជាមតិ​របស់​កោះ​ប៉ាស៊ីហ្វិក​កើតឡើង​ក្រោយ​កិច្ចរ​ចារ​វាង​មន្ត្រី​រដ្ឋាភិបាល​បារាំង និង​តំណាង​កោះ​នេះ​នៅ​ក្រុងប៉ារីស​ចុង​សប្តាហ៍​កន្លងទៅ​។ ភាគី​ទាំងពីរ​ឯកភាពគ្នា ដោយ​អនុញ្ញាត​ឲ្យ​មាន​ការធ្វើប្រជាមតិ​ដោយ​ស្របច្បាប់​មួយ​សម្រាប់​ឆ្នាំ ២០១៨​។​

​នាយករដ្ឋមន្ត្រី​បារាំង​លោក Edouard Philippe បាន​ថ្លែងថា ការចរចា​គ្នា​កន្លងមក​បានចេញ​ជា​លទ្ធផល​ដោយមាន​ការបង្កើត​ដំណោះស្រាយ​នយោបាយ​។ លោក​ក៏​បញ្ជាក់​ផងដែរ​ថា លោក​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កោះ New Caledonia នៅ​ចុងខែ​វិច្ឆិកា​ផងដែរ​។​

​បច្ចុប្បន្ន​កោះ New Caledonia មាន​ប្រជាជន​សរុប ២៧៥០០០​នាក់ ដោយ​ក្នុងចំណោម​នោះ​មាន ៤៥​ភាគរយ​ជា​ជនជាតិភាគតិច Kanaks​។ បើសិន​ប្រជាជន​ភាគច្រើន​នៃ​ទឹកដី​នេះ​ជ្រើសរើស​សិទ្ធិ​ស្វ័យ​សម្រេច កោះ New Caledonia នឹង​ក្លាយជា​រដ្ឋ​ឯករាជ្យ​មួយ​ផង​។​

 បើ​មានការ​ប្រកាស​ឯករាជ្យ​មែន វា​នឹង​ក្លាយជា​ទឹកដី​របស់​បារាំង​ដំបូង​បំផុត​ដែល​ចាក​ចេញពី​ការគ្រប់គ្រង​របស់​បារាំង រាប់​ចាប់ពី​ពេលដែល​ប្រទេស ជី​ប៊ូ​ទី ប្រកាស​ឯករាជ្យ​ឆ្នាំ ១៩៧៧ និង​កោះ​ប៉ាស៊ីហ្វិក​ខាងត្បូង Vanuatu ប្រកាស​ឯករាជ្យ​ឆ្នាំ ១៩៨០​នោះ​។​

​យ៉ាងណាក៏ដោយ ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​ធ្លាប់​និយាយថា លោក​ចង់ឃើញ​ទឹកដី New Caledonia បន្ត​ស្ថិតនៅ​ជា​ផ្នែក​មួយ​របស់​បារាំង ហើយ​បា​រាំងជា​អ្នក​ជួយ​រក្សា​ស្ថិរភាព​និង​ការអភិវឌ្ឍ​នៃ​កោះ​នេះ​ផង​។ ប៉ុន្តែ​ទឹកដី​នេះ​កន្លងមក​បន្ត​ប្រឈម​បញ្ហា​ច្រើន​ជាពិសេស​អត្រា​អ្នកគ្មានការងារ​ច្រើន បញ្ហា​អប់រំ កំណើន​បទឧក្រិដ្ឋ​ជាដើម​ផងដែរ​។​

​សូមបញ្ជាក់ថា កោះ New Caledonia  ត្រូវបាន​ដាក់ឈ្មោះ​បែបនេះ​ដោយ​នាវិក​អង់គ្លេស James Cook ឆ្នាំ ១៧៧៤ ប៉ុន្តែ​នៅ​ឆ្នាំ ១៨៥៣ កោះ​នេះ​ត្រូវបាន​ព្រះ​ចៅ ណាប៉ូលេអុង​ទី បី ដណ្តើមយក និង​ដាក់​ទឹកដី​នេះ​ក្រោម​អាណាព្យាបាល​បារាំង​តែម្តង​។ ប្រទេស​នេះ​ត្រូវបាន​គេ​ស្គាល់​ថា ជា​ដែន​កោះ​មួយ​ក្នុងចំណោម​ទឹកដី​ដែល​សម្បូរ​ដោយ​រ៉ែ​នី​កែ​ល​ជាងគេ​លើ​លោក​៕

Tag:
 New Caledonia
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com