អន្តរជាតិ
លោក មូ​ហ្កា​បេ ៖ ខ្ញុំ​លាលែង​ដោយ​ស្ម័គ្រចិត្ត និង​ដើម្បី​ផ្ទេរអំណាច​ដោយ​រលូន​
22, Nov 2017 , 10:24 am        
រូបភាព
លោក Robert Mugabe នៅមុនការលាលែងតំណែងប្រធានាធិបតីស៊ីមបាវ៉េ ក្រោយដឹកនាំអស់៣៧ឆ្នាំ។ រូបថត AFP
លោក Robert Mugabe នៅមុនការលាលែងតំណែងប្រធានាធិបតីស៊ីមបាវ៉េ ក្រោយដឹកនាំអស់៣៧ឆ្នាំ។ រូបថត AFP
​នៅ​ទីបំផុត​លោក រ៉ូបឺត មូ​ហ្កា​បេ បាន​ចុះ​ចេញពី​តំណែង​ប្រធានាធិបតី​ស៊ីម​បា​វ៉េ​ហើយ​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា បន្ទាប់ពី​កាន់តំណែង​នេះ​អស់​រយៈពេល​៣៧​ឆ្នាំ​មក​។ ការលាលែង​តំណែង​នេះ ត្រូវគេ​មើលឃើញថា ធ្វើឡើង​ដោយ​បង្ខំ ព្រោះ​លោក មូ​ហ្កា​បេ បាត់បង់​ការគាំទ្រ​អស់​ទៅហើយ មិន​ថា​ក្នុង​ជួរ​បក្ស​កាន់អំណាច​របស់លោក ឬ​នៅក្នុង​កងទ័ព​ឡើយ​។ ប្រជាជន​ស៊ីម​បា​វ៉េ​បា​នាំគ្នា​រាំច្រៀង​ពេញ​ដង​វិថី​ក្នុង​រដ្ឋធានី​ហា​រ៉ា​រ៉េ និង​ចាត់ទុកជា​ការចាប់ផ្ដើម​សករាជ​ថ្មី​ផង​។​



​មេដឹកនាំ​វ័យ​៩៣​ឆ្នាំ រ៉ូបឺត មូ​ហ្កា​បេ បានដាក់​ពាក្យ​លាលែង​តំណែង​ប្រធានាធិបតី​ទៅកាន់​ប្រធានសភា ដែល​នេះ​ជាការ​បញ្ចប់​ការ​ក្ដាប់​អំណាច​រយៈពេល​៣៧​ឆ្នាំ​។ ការអបអរ និង​ក្ដី​រីករាយ​បាន​ផ្ទុះឡើង​ពេញ​បន្ទប់​ប្រជុំ​សភា ខណៈដែល​ប្រធានសភា​លោក Jacob Mudenda បាន​អាន​លិខិត​លាលែង​របស់លោក មូ​ហ្កា​បេ ។ បើតាម​លិខិត​លា​លែ​នេះ លោក មូ​ហ្កា​បេ និយាយថា លោក​លាលែង​ពី​តំណែង​ដោយ​ស្ម័គ្រចិត្ត​។​

«​ការសម្រេចចិត្ត​លាលែង​នេះ គឺជា​ការស្ម័គ្រចិត្ត​រប​ស់​ខ្លួន​ខ្ញុំ និង​ដែល​កើតចេញពី​ការព្រួយបារម្ភ​របស់ខ្ញុំ​លើ​ជីវភាព​របស់​ប្រជាជន​ស៊ីម​បា​វ៉េ ក៏ដូចជា​បំណង​របស់ខ្ញុំ​ក្នុងការ​ធានា​ពី​ការផ្ទេរអំណាច​ដោយ​រលូន សន្តិភាព និង​អហិង្សា ដើម្បី​ការពារ​សន្តិសុខ​ជាតិ សន្តិភាព និង​ស្ថិរភាព​»​។ នេះ​ជា​អត្ថន័យ​ក្នុង​លិខិត​លាលែង​របស់លោក មូ​ហ្កា​បេ និង​ផ្សាយ​ដោយសារ​ព័ត៌មាន Al Jazeera ។ លោក មូ​ហ្កា​បេ បន្តថា ការលាលែង​របស់លោក​មាន​ប្រសិទ្ធភាព​ភា្ល​មៗ​តែម្ដង​។​


          ពលរដ្ឋស៊ីមបាវ៉េ អបអរក្រោយលោក មូហ្កាបេ ចុះចេញពីតំណែង។ រូបថត AFP

​ការប្រកាស​នេះ​ធ្វើឡើង ខណៈដែល​សភា​ក៏បាន​ចាប់ផ្ដើម​ដំណើការ​បោះឆ្នោត​ទម្លាក់​លោក មូ​ហ្កា​បេ ចេញពី​តំណែង​ដែរ​។ សមាជិកសភា​បក្ស​កាន់អំណាច Zanu-PF ដែល​លោក មូ​ហ្កា​បេ ជា​អ្នកបង្កើត​ដោយ​ផ្ទាល់ដៃ បានដាក់​សំណើសុំ​ចាប់ផ្ដើម​នីតិវិធី​បោះឆ្នោត​ទម្លាក់​រូបលោក ខណៈដែល​សមាជិកសភា​បក្សប្រឆាំង​ក៏​គាំទ្រ​ខ្លាំង​ដែរ​។ ប៉ុន្តែ​លោក មូ​ហ្កា​បេ បានសម្រេច​ចិត្ត​ចាកចេញ មុន​សភា​បោះឆ្នោត​ទម្លាក់​ទៅទៀត​។​

​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ ទោះជា​លោក មូ​ហ្កា​បេ អះអាងថា លោក​លាលែង​ដោយ​ស្ម័គ្រចិត្ត​ក្ដី នេះ​គ្រាន់តែ​ជាការ​និយាយ​យក​លេស​ប៉ុណ្ណោះ ដ្បិត​លោក ត្រូវបាន​មេ​យោធា​ឃុំខ្លួន​ក្នុងផ្ទះ​ជាច្រើន​ថ្ងៃ ហើយ​រង​សម្ពាធ​ឲ្យ​ចុះចេញ​នោះ​។ ក្នុង​ពេលនេះ លោក មូ​ហ្កា​បេ បាន​ចរចា​ជាមួយ​ក្រុម​យោធា​លើ​ការផ្ទេរអំណាច ដោយ​យោធា​សន្យា​សិទ្ធិសេរីភាព​របស់លោក និង​គ្រួសារ រក្សាទ្រព្យ​សម្បត្តិ និង​មិនមាន​ការកាត់ទោស​ណាមួយ​ឡើយ​។​

​ក្រោយ​ការលាលែង​របស់លោក មូ​ហ្កា​បេ បក្ស​កាន់អំណាច Zanu-PF បានប្រកាសថា អតីត​អនុ​ប្រធានាធិបតី Emmerson Mnangagwa ដែល​ត្រូវ​លោក មូ​ហ្កា​បេ បណ្ដេញ​ចេញពី​តំណែង នឹង​ក្លាយជា​អ្នក​ស្នង​តំណែង​ជំនួស​។ លោក Mnangagwa កំពុង​ស្ថិតនៅ​បរទេស ហើយ​ជា​មេដឹកនាំ​ដែល​ទទួលបាន​គាំទ្រ​ពី​ក្រុម​យោធា​ផងដែរ​។ ការបញ្ចប់​តំណែង​លោក Mnangagwa នេះហើយ ដែល​នាំ​ឲ្យ​មានការ​អន្តរាគមន៍​យោធា និង​ឈានដល់​ការ​ចុះចេញ​របស់លោក មូ​ហ្កា​បេ ៕ 


Tag:
 ស៊ីម​បា​វ៉េ​
  រ៉ូបឺត មូ​ហ្កា​បេ​
© រក្សាសិទ្ធិដោយ thmeythmey.com