អន្តរជាតិ
ចិន​សុំ​ចរចា​ដោះស្រាយ​បញ្ហា THAAD តែ​កូរ៉េខាងត្បូង​ថា​គ្មាន​ផែនការ​ទេ
24, Nov 2017 , 8:59 pm        
រូបភាព
ប្រព័ន្ធការពារមីស៊ីល THAAD របស់អាមេរិកដែលដំឡើងនៅកូរ៉េខាងត្បូង (រូបភាព៖ Xinhua)
ប្រព័ន្ធការពារមីស៊ីល THAAD របស់អាមេរិកដែលដំឡើងនៅកូរ៉េខាងត្បូង (រូបភាព៖ Xinhua)
​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា និយាយថា ខ្លួន​មិនទាន់មាន​ផែនការ​ចរចា​ជាមួយ​ភាគី​លើ​បញ្ហា​ប្រព័ន្ធ​ការពារ​អាកាស THAAD នៅឡើយ​ទេ​។ ការលើកឡើង​បែបនេះ ធ្វើឡើង​ក្រោយ​ចិន​បានស្នើ​ជា​ផ្លូវការ សុំ​ជួបចរចា​លើ​ការពង្រាយ​ប្រព័ន្ធ​ការពារ THAAD របស់​អាមេរិក នៅ​កូរ៉េខាងត្បូង​។ ការពង្រាយ THAAD នេះហើយ​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​កូរ៉េខាងត្បូង និង​ចិន​ល្អក់កករ​នាពេល​កន្លងមក​។​



​ដោយសារតែ​ការពង្រាយ THAAD កូរ៉េខាងត្បូង និង​ចិន​មើលមុខ​គ្នា​មិន​ចំឡើយ​។ កូរ៉េខាងត្បូង​ត្រូវការ THAAD ដើម្បី​ការពារ​ខ្លួន​ពី​ការគំរាមកំហែង​របស់​សត្រូវ​បងប្អូន គឺ​កូរ៉េខាងជើង​។ ចិន​ឯណោះ​វិញ​ចាត់ទុកជា​ការគំរាមកំហែង​មកលើ​សន្តិសុខ​របស់ខ្លួន ព្រោះ​បារម្ភ​អាមេរិក​ប្រើ​រ៉ា​ដា​នៃ​ប្រព័ន្ធ​នេះ​ដើម្បី​ស៊ើបការណ៍​ផ្ទៃក្នុង​របស់ខ្លួន​។ យ៉ាងណាមិញ ស្ថានការណ៍​បាន​ប្រែប្រួល ក្រោយ​សេ​អ៊ូ​ល​ប្រកាស​មិន ពង្រាយ​ខែល​នេះ​ថែមទៀត​។​

​ចិន​បានដាក់​សំណើសុំ​ចរចា​ផ្នែក​យោធា​ជា​ផ្លូវការ​លើ​បញ្ហា THAAD ក្នុងជំនួប​ទ្វេភាគី​រវាង​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង កាង ឃ្យុ​ង​វ៉ា (Kang Kyung-wha) និង​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា​។ លោកស្រី កាង បាន​សន្យាថា លោកស្រី​នឹង​ពាំនាំ​សំណើ​នេះ​ទៅកាន់​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​ដើម្បី​ពិចារណា​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Joongang Daily ។​

​មកដល់​ថ្ងៃទី​២៤ គេ​មិនទាន់​ឃើញ​មានការ​ឆ្លើយតប​ណាមួយ​សំណាក់​កូរ៉េខាងត្បូង​ឡើយ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃទី​២៤ ខែវិច្ឆិកា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង លោក Moon Sang-gyun និយាយថា មកទល់ពេលនេះ​មិនទាន់​ផែនការ​ដើម្បី​ពិភាក្សា​ជាមួយ​ចិន​ទេ​។

​បន្ទាប់ពី​មើលមុខ​គ្នា​មិន​ត្រូវអស់​ពេល​យូរ​គួរសម​នោះ អ្នកជិតខាង​ទាំងពីរ​នេះ​ក៏​សម្រេចចិត្ត​និយាយ​គ្នា​វិញ​។ កាលពី​ចុងខែ​តុលា ប្រមុខ​ការទូត​ទាំងពីរ​ប្រទេស​បាន​ព្រមព្រៀងគ្នា​លើ​ការពង្រឹង​ទំនាក់ទំនង​ដើម្បី​ឈានដល់​ភាពប្រក្រតី​ឡើងវិញ ប៉ុន្តែ​បញ្ហា THAAD នេះ​នៅតែ​ជា​ឧបសគ្គ​ដដែល ព្រោះ​ចិន​បានស្នើ​ឲ្យ​កូរ៉េខាងត្បូង​អនុវត្ត​សកម្មភាព​ឲ្យ​ជាក់ស្ដែង​តាម​ការប្ដេជ្ញាចិត្ត​របស់​ខ្លួន​។ ក្នុងជំនួប​នៅ​ចិន មន្ត្រីការទូត​ទាំងពីរ​ក៏បាន​សម្រេចចិត្ត​ប្រើ​យន្តការ​យោធា​ដើម្បី​ទាក់ទង​គ្នា​លើ​បញ្ហា THAAD ។​

​ទោះជា​បញ្ហា​នៅ​មិនទាន់​ដោះស្រាយ​ស្រេចបាច់​ក្ដី ការព្រមព្រៀង​គ្នា​ថ្មីៗ​នេះ ជា​សញ្ញា​នៃ​ការវិល​ទៅរក​ភាពល្អប្រសើរ​ឡើងវិញរ​វាង​កូរ៉េខាងត្បូង និង​ចិន​។ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​ជួប​ជាមួយ​សម​ភាគី​ចិន ស៊ី ជិន​ភីង នៅក្រៅ​កិច្ចប្រជុំ APEC វៀតណាម​កាលពី​ដើមខែ​នេះ ហើយ​នៅ​ខែក្រោយ លោក មូ​ន នឹងធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើកដំបូង​ទៅកាន់​ចិន​ផងដែរ​។ ច្បាស់​ណាស់​ថា THAAD របស់​អាមេរិក​នឹង​ជា​ប្រធានបទ​សំខាន់​មួយ​នៃ​ជំនួប​កំពូល​នេះ​៕  


Tag:
 កូរ៉េខាងត្បូង​
  ចិន​
  THAAD
© រក្សាសិទ្ធិដោយ thmeythmey.com