អន្តរជាតិ
សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស ចាប់ផ្ដើម​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​និង​បង់​ក្លា​ដែ​ស
27, Nov 2017 , 10:48 am        
រូបភាព
​​ប្រមុខ​បុរី​វ៉ា​ទី​កង់ សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស កំពុងស្ថិត​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស ជាទី​ដែល​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​រាប់សែន​នាក់​កំពុង​រង​ទុក្ខ​បុក​ម្នេញ​។ ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​បាន​បន្ត​ភៀសខ្លួន​ចូល​ទឹកដី​បង់​ក្លា​ដែ​ស​ដើម្បី​គេច​ពី​ប្រតិបត្តិការ​ហិង្សា​របស់​យោធា​នៅឯ​រដ្ឋ Rakhine ភាគ​ខាងជើង​មី​យ៉ាន់​ម៉ា ស្រប​ពេលដែល​ដំណោះស្រាយ​រក​មិនទាន់​ឃើញ​នៅឡើយ​។ គេ​រំពឹងថា ទស្សនកិច្ច​របស់​សម្ដេច​ប៉ាប​ពេលនេះ នឹង​ជួយ​សម្រួល​ស្ថានភាព​នៃ​វិបត្តិ​មនុស្សធម៌​នេះ​បាន​។​



​សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស បាន​ចាក​ចេញពី​ទីក្រុង​រ៉ូម​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ដើម្បី​ទស្សនកិច្ច​៦​ថ្ងៃ​ប្រទេស​អាស៊ី​ចំនួន​ពីរ គឺ​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស​។ ប្រមុខ​សាសនា​គ្រិស្ត​កាតូលិក​អង្គ​នេះ គ្រោង​ទៅដល់​ទីក្រុង​យ៉ាំង​ហ្គោ​ន​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ដើម្បី​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​មី​យ៉ាន់​ម៉ា និង​គ្រិស្ត​សាសនិក​រាប់ម៉ឺន​នាក់​ទៀត​។ ចេញពី​មី​យ៉ាន់​ម៉ា ទើប​ព្រះអង្គ​បន្តដំណើរ​ទៅកាន់​បង់​ក្លា​ដែ​ស ដែល​ប្រជាជន​ភាគច្រើន​គោរព​សាសនា​ឥស្លាម​។​

​ទស្សនកិច្ច​របស់​សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស នៅ​ប្រទេស​ទាំងពីរ​នេះ ធ្វើឡើង​ចំពេល​ដែល​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​រក​ច្រកចេញ​មិនទាន់​ឃើញ ហើយ​ជនភាគតិច​មូស្លីម​មួយក្រុម​នេះ​នៅតែ​បន្ត​រងគ្រោះ​ដដែល​។ វត្តមាន​របស់​មេដឹកនាំ​គ្រិស្តសាសនា​ដ៏​ធំ​នេះ នឹង​ជួយ​លើកទឹកចិត្ត​ដល់​ការប្រឹងប្រែង​បញ្ចប់​បញ្ហា​មនុស្សធម៌ ដែល​បង្ខំ​ឲ្យ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​រត់​ចាកចោល​ផ្ទះសម្បែង​របស់​ខ្លួន និង​ត្រូវ​រស់នៅក្នុង​ជំរំ​តោកយ៉ាក​តាម​ព្រំដែន​រវាង​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស​។

​នៅ​មី​យ៉ាន់​ម៉ា សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស នឹង​ជួប​ជាមួយ​ទីប្រឹក្សា​រដ្ឋ​លោកស្រី អ៊ុង​សាន ស៊ូ​ជី និង​អគ្គមេបញ្ជាការ​កងទ័ព មីន អ៊ុង​ឡាំង ផង​។ រដ្ឋាភិបាល​របស់លោក​ស្រី ស៊ូ​ជី រង​ការរិះគន់​ខ្លាំង​ដោយសារ​មិនអាច​ទប់ស្កាត់​ប្រតិបត្តិការ​របស់​យោធា​បាន ដ្បិត​លោកស្រី​គ្មាន​អំណាច​បញ្ជា​កងទ័ព​។ ឯ​កងទ័ព​វិញ​ក៏​មិនសូវ​ស្ដាប់​មេដឹកនាំ​ស៊ីវិល​ដែរ ហើយ​ចេះតែ​បង្ក​សកម្មភាព​របស់ខ្លួន ធ្វើ​ឲ្យ​ជន​រ៉ូ​ហ៊ីង​យ៉ា​ជាង​៦​សែន​នាក់​ត្រូវ​ភៀសខ្លួន​នោះ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រី​ជំនិត​របស់​សម្ដេច​ប៉ាប​និយាយថា ព្រះអង្គ​នឹង​ជំរុញ​ឲ្យ​មានការ​ផ្សះផ្សា និង​ការចរចា​រវាង​ភាគី​ទាំងសងខាង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ ប៉ុន្តែ​នៅមុន​ទស្សនកិច្ច​នេះ ព្រះអង្គ​ត្រូវបាន​មេដឹកនាំ​គ្រិស្តសាសនា​នៅ​មី​យ៉ាន់​ម៉ា​ផ្ដល់យោបល់​ខ្លះៗ ជាពិសេស​មិនត្រូវ​ប្រើប្រាស់​ពាក្យ «​រ៉ូ​ហ៊ីង​យ៉ា​» ឡើយ ព្រោះ​អាច​នាំ​ឲ្យ​មាន​ការមិនសប្បាយចិត្ត​ពី​ប្រជាជន​ទូទៅ ដែលជា​អ្នក​គោរព​ពុទ្ធសាសនា​។​

​ដំណើរ​ទៅកាន់​ប្រទេស​កាន់​ពុទ្ធសាសនា និង​ឥស្លាម​ដ៏​ធំ​ទាំងពីរ​នេះ គឺជា​ទស្សនកិច្ច​ក្រៅប្រទេស​លើក​ទី​២១ របស់​សម្ដេច​ប៉ាប​។ បើ​រាប់ទាំង​លើក​នេះ​ទៀត សម្ដេច​ប៉ាប​អង្គ​នេះ​បាន​ទៅដល់​ប្រទេស​ចំនួន​៣១​ហើយ​។ តាំងពី​ក្លាយជា​មេដឹកនាំ​សាសនា​ដែលមាន​អ្នក​គោរព​ច្រើនជាងគេ​ក្នុង​ឆ្នាំ​២០១៤ សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស បានដាក់​គោលដៅ​អាទិភាព​មួយ គឺ​ការ​ទៅ​ជួប​អ្នកដើរ​តាម​គ្រិស្តសាសនា​នៅតាម​តំបន់​ងាយ​រងគ្រោះ​៕ 


Tag:
 មី​យ៉ាន់​ម៉ា​
  បង់​ក្លា​ដែ​ស​
  សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស
© រក្សាសិទ្ធិដោយ thmeythmey.com