ជាតិ
ស្ថានទូត​ចិន​បើក​ស្ថាន​កុងស៊ុល​របស់ខ្លួន​នៅ​ខេត្តសៀមរាប​
27, Nov 2017 , 4:42 pm        
រូបភាព
រូបពីហ្វេសប៊ុក អភិបាលខេត្តសៀមរាប
រូបពីហ្វេសប៊ុក អភិបាលខេត្តសៀមរាប
​សៀមរាប​៖ ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា បាន​បើកសម្ពោធ​ការិយាល័យ​ស្ថាន​កុងស៊ុល នៅ​ខេត្តសៀមរាប​ជា​ផ្លូវការ នៅ​ល្ងាច​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ ស្ថាន​កុងស៊ុល​នេះ បាន​លេចចេញ​ជា​រូបរាង ក្រោយ​ជំនួប​កំពូល​រវាង សម្តេច ហ៊ុន សែន និង​ប្រធានាធិបតី លោក ស៊ី ជី​ង​ពី​ន កាលពី​២០១៦​កន្លងទៅ​។​



​ក្នុង​ពិធី​សម្ពោធ​នោះ គេ​ឃើញ​មាន​វត្តមាន​លោក លោក លី ធុជ ទទួលបន្ទុក​បេសកកម្ម​ពិសេស តំណាង​រាជរដ្ឋាភិបាល លោក XIONG BO ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង អភិបាលខេត្ត​សៀមរាប​។​ល​។​

​ថ្លែង​ក្នុង​ពិធី​នោះ លោក លី ធុជ បាន​លើកឡើងថា ស្ថាន​កុងស៊ុល​នេះ គឺជា​សក្ខីភាព​បញ្ជាក់​ពី​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​បន្ថែមទៀត ក្នុង​ដំណើរ​ទំនាក់​ទំនងជា​មិត្តភាព​ដ៏​រឹងមាំ​រវាង​ប្រទេស​ចិន និង​កម្ពុជា​។ ស្ថាន​កុងស៊ុល​នេះ ក៏​ដើម្បី​ពង្រឹង​ទំនាក់ទំនង ពិសេស​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍ រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។​



​ក្នុង​សន្ទរកថា​របស់លោក លី ធុជ ដែល​ធ្វើ​នៅ​សណ្ឋាគារ​សុខា​សៀមរាប ស្ថាន​កុងស៊ុល​ប្រចាំ​នៅ​ខេត្តសៀមរាប មាន​តួនាទី​ជា​ប្រវត្តិសាស្ត្រ ជា​មជ្ឈមណ្ឌល​នៃ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​នយោបាយ ការទូត សេដ្ឋកិច្ច សង្គមកិច្ច និង​ជាពិសេស ផ្សព្វផ្សាយ​រវាង​ប្រទេស​ទាំងពីរ​។​

​គួររម្លឹកថា យោងតាម​របាយការណ៍​ក្រសួងទេសចរណ៍​ក្នុង​ឆ្នាំ​២០១៦ មាន​ទេសចរ​ជនជាតិ​ចិន ចំនួន ជាង​៨​សែន​នាក់ ដែល​មក​កម្សាន្ត​នៅ​កម្ពុជា​។ ក្នុងនោះ តាម​ការរំពឹងទុក នៅ​ឆ្នាំ​២០២០ ចំនួន​ទេសចរ​ជនជាតិ​ចិន អាច​នឹង​កើន​ដល់​ជាង ២​លាន​នាក់​៕


Tag:
 ស្ថាន​កុងស៊ុល​ចិន​
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com