អន្តរជាតិ
កូរ៉េខាងជើង​រំឭក​រដ្ឋ​អាហ្វ្រិក​រឿង​ជំនួយ​ពី​អតីតកាល​
27, Nov 2017 , 7:59 pm        
រូបភាព
មេដឹកនាំលំដាប់ទីពីររបស់កូរ៉េខាងជើង គីម យ៉ុងណាម ពេលទស្សនកិច្ចនៅហ្គីណេអេក្វាទ័រ (រូបភាព៖ The Wall Street Journal)
មេដឹកនាំលំដាប់ទីពីររបស់កូរ៉េខាងជើង គីម យ៉ុងណាម ពេលទស្សនកិច្ចនៅហ្គីណេអេក្វាទ័រ (រូបភាព៖ The Wall Street Journal)
​ស្រប​ពេលដែល​អាមេរិក​កំពុង​ប្រមែរ​ប្រមូល​រដ្ឋ​អាហ្វ្រិក​ឲ្យ​ដាក់ទណ្ឌកម្ម ឬ​ផ្ដាច់ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង សារព័ត៌មាន​កូរ៉េខាងជើង​ក៏បាន​ចេញផ្សាយ​អត្ថបទ​មួយ​ជុំវិញ​ការ​ផ្ដល់ជំនួយ​សន្ធឹកសន្ធាប់​ពី​កូរ៉េខាងជើង​ទៅ​ឲ្យ​រដ្ឋ​អាហ្វ្រិក​មួយចំនួន​ពី​អតីតកាល​។ កូរ៉េខាងជើង ដែល​កាន់តែ​ឯកោ​លើ​ឆាក​អន្តរជាតិ នៅមាន​សេសសល់​មិត្តភក្តិ​ខ្លះ​នៅ​ទ្វីបអាហ្វ្រិក​ដែល​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច និង​យោធា​។



​ទន្ទឹមនឹង​ការដាក់ទណ្ឌកម្ម​ឯកតោភាគី​ផង និង​ទណ្ឌកម្ម​តាម​ក្រុមប្រឹក្សាសន្តិសុខ​ផង អាមេរិក​ក៏​កំពុង​ប្រកូក​ប្រកាស​ឲ្យ​ប្រទេស​ផ្សេងៗ រួមទាំង​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង រួមដៃគ្នា​ដាក់​គំនាប​លើ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​ឲ្យ​បោះបង់​មហិច្ឆតា​អភិវឌ្ឍ​នុយក្លេអ៊ែរ​។ អាមេរិក​ក៏បាន​ទទូច​ឲ្យ​បណ្ដា​រដ្ឋ​អាហ្វ្រិក ដែលមាន​ទំនាក់ទំនង​ការទូត​ជាមួយ​កូរ៉េ​ជើង ត្រូវ​បញ្ឈប់ ឬ​ទម្លាក់​រាល់​ទំនាក់ទំនង​ទាំងអស់​ជាមួយ​កូរ៉េខាងជើង​ដែរ​។​

​ជាមួយនឹង​ការអំពាវនាវ​របស់​អា​មេ​រិ​ក កូរ៉េខាងជើង​ក៏បាន​ផ្ញើ​សារ​មួយ​រំឭក​មិត្តភក្តិ​អាហ្វ្រិក​ពី​ការ​ផ្ដល់ជំនួយ​របស់ខ្លួន​នាពេល​កន្លងមក​។ សារព័ត៌មាន​កូរ៉េខាងជើង Rodong Sinmun នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា បានលើកឡើង​ពី​ការជួយ​របស់​កូរ៉េខាងជើង​ទៅដល់​រដ្ឋ​អាហ្វ្រិក​ក្នុងសម័យ​កាល​ដឹកនាំ​របស់លោក គីម អ៊ី​ល​ស៊ុ​ង ដែល​បាន​ផ្ដល់ជំនួយ​ទាំង​សម្ភារ និង​កម្លាំងចិត្ត​ដើម្បី​ឲ្យ​ប្រទេស​ទាំងនោះ​មានលទ្ធភាព​សាងសង់​ប្រទេស​បាន​។ 

​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង បាន​សរសេរ​ចំឈ្មោះ​រដ្ឋ​អាហ្វ្រិក​ចំនួន​ពីរ គឺ​តូ​ហ្គោ និង​តង់​សានី ដែល​ធ្លាប់​ទទួល​ជំនួយ​ច្រើន​ពី​របប​ក្រុង​ព្យុងយ៉ាង​។ សាវតារ​នៃ​ចំណង​ការទូត​រវាង​កូរ៉េខាងជើង និង​រដ្ឋ​អាហ្វ្រិក​មួយចំនួន ចាប់ផ្ដើម​កាលពី​ចុង​សតវត្សរ៍​ទី​២០ គ្រា​ដែល​អតីត​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម អ៊ី​ល​ស៊ុ​ង ចូលរួម​ក្នុង​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​។ ដោយសារ​រឿងនេះ ទើប​ក្រុង​ព្យុងយ៉ាង​ផ្ដល់ជំនួយ​គគ្រឹកគគ្រេង​ទៅ​ឲ្យ​ប្រទេស​អាហ្វ្រិក​ទាំងនោះ​ដូចជា​រោងចក្រ កសិដ្ឋាន និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​។​

«​នៅពេលនោះ កូរ៉េខាងជើង​មិនមែនជា​ប្រទេស​អ្នកមាន ឬ​សម្បូរ​សប្បាយ​ជាង​ប្រទេស​ណា​ឡើយ ពេល​ផ្ដល់ជំនួយ​នោះ​។ ប្រជាជន​យើង​បានផ្ដល់​ស្បៀងអាហារ និង​សម្ភារ​ផ្សេងៗ​ទៅកាន់​ប្រទេស​ក្រីក្រ​នៅ​អាហ្វ្រិក​»​។ នេះ​ជា​សំណេរ​រំឭក​គុណ​របស់​សារព័ត៌មាន Rodong Sinmun ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap ។  

​បើ​គ្រាន់តែ​ជា​អត្ថបទ​លើ​សារព័ត៌មាន​មែន តែ​វា​ក៏បាន​ឆ្លុះបញ្ចាំង​ពី​នយោបាយ​របស់​កូរ៉េខាងជើង ចំពោះមុខ​ការដាក់​គំនាប​របស់​អាមេរិក​។ តាមរយៈ​សារព័ត៌មាន​របស់ខ្លួន កូរ៉េខាងជើង​ទំនង​ចង់​ផ្ញើ​សារ​ឲ្យ​ប្រទេស​អាហ្វ្រិក​ដែល​ធ្លាប់​ទទួល​ជំនួយ​របស់ខ្លួន ត្រូវ​ចេះ​ថ្លឹងថ្លែង​គុណ​ស្រ័យ​ក្នុងការ​សម្រេចចិត្ត​រប​ស់​ខ្លួន ហើយក៏​មិនត្រូវ​ភ្លេច​ការគាំទ្រ​របស់​កូរ៉េខាងជើង​ដែរ​៕


Tag:
 ​កូរ៉េខាងជើង​
  អាហ្វ្រិក​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com