អន្តរជាតិ
ឥណ្ឌូណេស៊ី​បិទ​ព្រលានយន្តហោះ​កោះ​បាលី ខណៈ​ភ្នំភ្លើង Agung កម្រើក​កាន់តែខ្លាំង
27, Nov 2017 , 5:21 pm        
រូបភាព
ភ្នំភ្លើង Agung កំពុងបញ្ចេញផ្សែងផេះទៅលើមេឃ (រូបភាព៖ Xinhua)
ភ្នំភ្លើង Agung កំពុងបញ្ចេញផ្សែងផេះទៅលើមេឃ (រូបភាព៖ Xinhua)
​អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​បិទ​ចរាចរណ៍​ផ្លូវអាកាស​ទាំងអស់​នៅ​ព្រលានយន្តហោះ​កោះ​ទេសចរណ៍​បាលី ក្រោយពេល​ភ្នំភ្លើង Agung មាន​សកម្មភាព​កាន់តែខ្លាំង​ឡើងៗ​។ នៅ​ថ្ងៃទី​២៧ ខែ​វិ​ច្ឆ​កា ឥណ្ឌូណេស៊ី បាន​ដំឡើង​កម្រិត​ព្រមាន​ដល់​កម្រិត​ខ្ពស់បំផុត​ជាមួយនឹង​ការបារម្ភ​ថា ភ្នំភ្លើង​នេះ​អាច​ផ្ទុះ​ក្នុងពេល​ដ៏​ខ្លី​។ ភ្នំភ្លើង Agung បាន​បញ្ចេញ​កម្ទេចផេះ និង​ផ្សែងខ្មៅ​ដល់​ទៅ​កម្ពស់​ជាង​បី​គីឡូម៉ែត្រ​កាលពី​សប្ដាហ៍​មុន បន្ទាប់ពី​បាន​ស្ងប់ស្ងាត់​មួយរយៈ​មក​។



​អាជ្ញាធរ​ឥណ្ឌូណេស៊ី នៅ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា បាន​ដំឡើង​កម្រិត​ព្រមាន​គ្រោះថ្នាក់​នៃ​ការផ្ទុះ​ភ្នំភ្លើង​ដល់​កម្រិត​ទី​៤ ដែលជា​កម្រិត​ខ្ពស់បំផុត ស្រប​ពេលដែល​ភ្នំភ្លើង Agung ចាប់ផ្ដើម​កម្រើក​ជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​ត្រឹម​មួយ​សប្ដាហ៍​។ ការ​កម្រើក​នេះ បញ្ចេញ​ជា​ផ្សែងខ្មៅ​ទៅលើ​រយៈកម្ពស់​ដ៏​ខ្ពស់ ក្រោយ​សកម្មភាព​លើក​កម្រើក​ដំបូង​កាលពី​ចុង​សប្ដាហ៍​មុន​។ គេ​បារម្ភ​ថា ការផ្ទុះ​ដ៏​ខ្លាំង​មួយ​អាច​កើត​ឡើងជា​បន្ត​មិន​ខាន​។​

​ព្រលានយន្តហោះ​ទីក្រុង Denpasar ស្ថិត​លើ​កោះ​បាលី ត្រូវបាន​បិទ​បណ្ដោះអាសន្ន​រយៈពេល​២៤​ម៉ោង ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៨ ខែវិច្ឆិកា ដែល​ធ្វើ​ឲ្យ​មានការ​លុបចោល​ជើងហោះហើរ​ជាច្រើន ខណៈ​យន្តហោះ​ដឹកនាំ​អ្នកដំណើរ​មួយចំនួនទៀត ត្រូវបាន​បង្វែរ​គោលដៅ​ចុះចត​នៅ​ទីក្រុង​ផ្សេង​វិញ​។ បើតាម​សារព័ត៌មាន The Jakarta Post អ្នកនាំពាក្យ​ព្រលានយន្តហោះ​ក្រុង Denpasar និយាយថា អ្នកដំណើរ​រាប់ពាន់នាក់​រង​ផលប៉ះពាល់​ដោយសារ​ការ​កម្រើក​រប​ស់​ភ្នំភ្លើង Agung ។​

​ទន្ទឹមគ្នានេះ ឥណ្ឌូណេស៊ី​ក៏បាន​ពង្រាយ​ឡានក្រុង និង​ស្រឡាង​ជាច្រើន​ដើម្បី​ដឹកជញ្ជូន​អ្នកដំណើរ​ដែល​ជាប់គាំង​នៅ​ព្រលានយន្តហោះ​កោះ​បាលី​។ អ្នកដំណើរ​ទាំងអស់​អា​ច​ធ្វើដំណើរ​តាមផ្លូវ​ទឹក​ឆ្ពោះ​សំដៅ​កោះ​ជ្វា​ដែល​នៅក្បែរ​ខាង រួច​សឹម​បន្តដំណើរ​ទៅកាន់​ព្រលានយន្តហោះ​ដែល​នៅ​កៀក​បំផុត ដ្បិត​ការបិទ​ចរាចរណ៍​ផ្លូវអាកាស​លើ​កោះ​បាលី​នឹង​បន្ត​រហូតដល់​មានការ​អនុញ្ញាត​ជាថ្មី​។​

​ដោយសារ​ភ្នំភ្លើង​នេះ​មាន​សកម្មភាព​កាន់តែខ្លាំង អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ពង្រីក​តំបន់ហាមឃាត់​ជុំវិញ​ភ្នំភ្លើង Agung ក្នុង​ចម្ងាយ​១០​គីឡូម៉ែត្រ ដោយ​ការជម្លៀស​បានចាប់ផ្ដើម​តាំងពី​សប្ដាហ៍​មុន​។ ប្រជាជន​ចំនួន​ជាង​បួន​ម៉ឺន​នាក់​រស់នៅ​តំបន់ហាមឃាត់​នេះ បាន​កាន់​តំបន់​មាន​សុវត្ថិភាព​រួចរាល់​ហើយ​ដែរ​។ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី​អះអាងថា ការ​ផេះ​នៅតែ​បន្ត​ហុយ​អមដោយ​ការផ្ទុះ​តូចៗ និង​ពន្លឺភ្លើង​ព្រាក​នៅពេល​យប់ ដែលជា​សញ្ញា​មុន​ការផ្ទុះ​ទ្រង់ទ្រាយ​ធំ​។​

​សូមបញ្ជាក់ថា ភ្នំភ្លើង Agung បាន​បញ្ចេញ​សកម្មភាព​ចុងក្រោយ​បំផុត​ក្នុង​ឆ្នាំ​១៩៦៣ ដោយបាន​សម្លាប់​មនុស្ស​១៦០០​នាក់​។ ក្រោយ​ការ​ស្ងប់ស្ងាត់​អស់​ពេល​យូរ​មក ភ្នំភ្លើង​នេះ​បាន​កម្រើក​ជាថ្មី​នៅក្នុង​ខែកញ្ញា ហើយ​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊​ក៏​ដំឡើង​កម្រិត​ព្រមាន​ដល់​កម្រិត​ពីរ​។ មនុស្ស​ជាង​១​សែន​នាក់​ក៏ត្រូវ​បាន​ជម្លៀសចេញ​ទៅរក​ទីតាំង​សុវត្ថិភាព​ដែរ​៕


Tag:
 ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com