អន្តរជាតិ
ក្រុង Oxford ដកហូត​ពាន​ពី​លោកស្រី ស៊ូ​ជី ព្រោះតែ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​
28, Nov 2017 , 11:14 am        
រូបភាព
លោកស្រី អ៊ុងសាន ស៊ូជី ពេលទទួលសញ្ញបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Oxford (រូបភាព៖ AP)
លោកស្រី អ៊ុងសាន ស៊ូជី ពេលទទួលសញ្ញបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Oxford (រូបភាព៖ AP)
​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី ត្រូវបាន​ដកហូត​ពានរង្វាន់​ប្រចាំ​ទីក្រុង Oxford របស់​ចក្រភព​អង់គ្លេស​ហើយ ដោយសារ​លោកស្រី​មិនមាន​ចំណាត់ការ​សមស្រប​ដើម្បី​ដោះស្រាយ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​។ វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា បាន​បង្ក​ជា​ចលនា​ចំណាកស្រុក​ដ៏​ធំ​ពី​មី​យ៉ាន់​ម៉ា​ទៅ​បង់​ក្លា​ដែ​ស ប៉ុន្តែ​រដ្ឋាភិបាល​ស៊ីវិល​របស់​មី​យ៉ាន់​ម៉ា​មិនបាន​ឆ្លើយតប​តាម​ស្ថានការណ៍​ឡើយ ខណៈ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ប្រឈមមុខ​បញ្ហាលំបាក​វេទនា​គ្រប់យ៉ាង​។



​ក្រុមប្រឹក្សា​ក្រុង Oxford បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ដកហូត​ពានរង្វាន់ Freedom of the City of Oxford ពី​លោកស្រី អ៊ុង​សាន ស៊ូ​ជី នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ព្រោះ​លោកស្រី​អសកម្ម​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​។ ចំពោះ​ការដក​ពានរង្វាន់​ដែល​ត្រូវ​បានប្រគល់​ឲ្យ​លោកស្រី ស៊ូ​ជី នៅ​ឆ្នាំ​១៩៩៧ ក្រុង Oxford បាន​ប្រាប់​មូល​ហេតុថា ខ្លួន​មិន​ចង់​អបអរ​អ្នក​ដែល​ធ្វើ​មិនដឹងមិនឮ​លើ​អំពើហិង្សា​ឡើយ​។​

​បើតាម​របាយការណ៍រ​បស់​អង្គការសហប្រជាជាតិ គិត​ចាប់ពី​ការប៉ះទង្គិច​នៅ​ខែ​ចុង​សីហា​មក មាន​ជនភៀសខ្លួន​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​ជាង​៦០​ម៉ឺន​នាក់​ហើយ បាន​ភៀសខ្លួន​ចេញពី​រដ្ឋ Rakhine របស់​មី​យ៉ាន់​ម៉ា​ទៅកាន់​បង់​ក្លា​ដែ​ស ដោយបាន​អះអាងថា ពួកគេ​រង​ការគំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ​។ រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា​រង​កា​រិះគន់​ខ្លាំង​ដោយ​បញ្ហា​នេះ ខណៈ​សហគមន៍​អន្តរជាតិ​នៅតែ​ទទូច​ឲ្យ​ប្រញាប់​ដោះស្រាយ និង​បញ្ឈប់​សកម្មភាព​ណា​ដែល​ប៉ះពាល់​ដល់​សិទ្ធិ និង​សុវត្ថិភាព​ប្រជាជន​។​

​លោកស្រី Mary Clarkson ជា​អ្នកស្នើ​ដក​ពានរង្វាន់​នេះ បាន​ប្រាប់​សារព័ត៌មាន BBC ថា ថ្ងៃនេះ យើង​បាន​ចាត់វិធានការ​មិន​ធ្លាប់មាន​ក្នុងការ​ដកហូត​ពានរ​ង្វាន់​ខ្ពស់បំផុត​ក្នុង​ទីក្រុង ដោយសារតែ​អសកម្ម​ភាព​របស់លោក​ស្រី​ចំពោះមុខ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​។ លោកស្រី​បន្ថែមថា ចំណាត់​នេះ​នឹង​ក្លាយជា​សំឡេង​មួយ​បន្ថែមទៀត​ក្នុងការ​ស្នើ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស និង​យុត្តិធម៌​សម្រាប់​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​។​

​ខណៈដែល​បញ្ហា​កំពុង​កើតឡើង​នេះ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដែល​កំពុងស្នាក់នៅ​តាម​ជំរំ​ជនភៀសខ្លួន​តោកយ៉ាក​តាម​ព្រំដែន​ប្រទេស​ទាំងពីរ​។ នេះ​អាចជា​ជំហាន​ទៅមុខ​ដ៏​ធំ​ក្នុងការ​ដោះស្រាយ​បញ្ហា តែ​ស្ថានភាព​ជាក់ស្ដែង​នោះ ជនភៀសខ្លួន​ទាំងអស់​នៅតែ​បន្ត​រងគ្រោះ​ដដែល ហើយ​ចំនួន​ជនភៀសខ្លួន​ក៏​កើន​ឡើងជា​លំដាប់ ដ្បិត​យោធា​មី​យ៉ាន់​ម៉ា​ក៏​ចេះតែ​បន្តសកម្មភាព​ហិង្សា​របស់ខ្លួន​ដដែល​។​

​ដោយសារ​សកម្មភាពរ​បស់​យោធា​នេះហើយ បានជា​លោកស្រី ស៊ូ​ជី បាក់មុខ​ខ្លាំង​លើ​ឆាក​អន្តរជាតិ ហើយ​យោធា​នេះ​ទៀតសោត​តែង​បដិសេធ​ទង្វើ​របស់ខ្លួន​ជា​ឧក្រិដ្ឋកម្ម ឬ​ការរើសអើង​ឡើយ​។ ក្នុងជំនួប​ជាមួយ​សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស ដែល​កំពុង​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា អគ្គបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា មីន អ៊ុង​ឡាំង និយាយថា គ្មាន​ការរើសអើង​សាសនា​អ្វី​ទាំងអស់​នៅ​មី​យ៉ាន់​ម៉ា​៕ 


Tag:
 ​មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com