អន្តរជាតិ
បោះឆ្នោត​កេ​ន​យ៉ា​៖ អ្នកឈ្នះ​ត្រៀម​ចូលកាន់​តំណែង​ប្រធានាធិបតី ឯ​អ្នកចាញ់​ត្រៀម​ធ្វើបាតុកម្ម​
28, Nov 2017 , 3:06 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
​លោក អ៊ូ​ហ៊ូ​រូ កេ​ន​យ៉ា​តា (Uhuru Kenyatta) ដែល​ទើប​ឈ្នះ​ការបោះឆ្នោត​ជុំ​ទី​ពីរ​កាលពីពេល​ថ្មីៗ​នេះ នឹង​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​កេ​ន​យ៉ា​អាណត្តិ​ទី​២ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា​។ សន្តិសុខ​ត្រូវបាន​ពង្រឹង​យ៉ាងខ្លាំង​ក្នុង​រដ្ឋធានី​ណៃ​រ៉ូ​ប៊ី ជាពិសេស​នៅ​កន្លែង​ប្រារព្ធ​ពិធី​ស្បថ ខណៈ​បក្សប្រឆាំង​ក៏​ត្រៀម​ធ្វើបាតុកម្ម​ដែរ​។ បក្សប្រឆាំង​កេ​ន​យ៉ា​ដឹកនាំ​ដោយ​លោក រ៉ៃ​ឡា អូ​ឌី​ង​ហ្កា (Raila Odinga) ចាត់ទុក​ជ័យជម្នះ​របស់លោក កេ​ន​យ៉ា​តា ជា​រឿង​មិន​ស្របច្បាប់​។​



​ឆ្លងកាត់​ការបោះឆ្នោត​ពីរដង​កន្លងមក លោក អ៊ូ​ហ៊ូ​រូ កេ​ន​យ៉ា​តា ត្រូវបាន​ប្រកាស​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​របស់​កេ​ន​យ៉ា​។ ពិធី​ស្បថ​ចូលកាន់​តំណែង​នឹង​រៀបចំ​នៅក្នុង​កីឡដ្ឋាន​ជាតិ​ក្នុង​រដ្ឋធានី​ណៃ​រ៉ូ​ប៊ី ដោយ​មនុស្ស​ប្រមាណ​៦​ម៉ឺន​នាក់​នឹងមាន​វត្តមាន​ក្នុង​ពិធី​នេះ​។ ប៉ុន្តែ​មេដឹកនាំ​ប្រឆាំង រ៉ៃ​ឡា អូ​ឌី​ង​ហ្កា បាន​បដិសេធ​ចូលរួម​កម្មវិធី​នេះ ដោយ​ចោទ​លោក កេ​ន​យ៉ា​តា ឈ្នះឆ្នោត​ដោយ​មិន​ស្របតាម​ច្បាប់​អ្វី​ឡើយ​។

​តាមពិតទៅ លោក កេ​ន​យ៉ា​តា បាន​ផ្ដួល​លោក អូ​ឌី​ង​ហ្កា ម្ដង​រួចទៅហើយ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​លើកទីមួយ ថ្ងៃទី​៨ ខែសីហា​។ ប៉ុន្តែ​ជ័យជម្នះ​នេះ​ត្រូវបាន​តុលាការ​កំពូល​កេ​ន​យ៉ា​ទាត់ចោល​យ៉ាង​ភ្ញាក់ផ្អើល ដោយ​លើក​ហេតុផល​ថា ការបោះឆ្នោត​មាន​ភាពមិនប្រក្រតី​ជាច្រើន និង​ចេញ​បញ្ជា​ឲ្យ​រៀបចំ​ការបោះឆ្នោត​ម្ដងទៀត​នៅ​ថ្ងៃទី​២៦ ខែតុលា​។ លោក អូ​ឌី​ង​ហ្កា បាន​ដកខ្លួន​ចេញពី​ការបោះឆ្នោត​លើក​ទី​ពីរ ហើយ​លោក កេ​ន​យ៉ា​តា ក៏​ទទួល​ជ័យជម្នះ​ដោយ​ស្រួល​។​

​ការដកខ្លួន​របស់​មេ​ដឹកនាំ​ប្រឆាំង កើតឡើង​បន្ទាប់ពី​មាន​អំពើហិង្សា​រវាង​ក្រុមបាតុករ និង​ប៉ូលិស​របស់​រដ្ឋាភិបាល​លោក កេ​ន​យ៉ា​តា ។ មនុស្ស​យ៉ាងតិចណាស់​៥០​នាក់​ត្រូវបាន​រាយការណ៍​ថា​ស្លាប់​ក្នុងការ​ប៉ះទង្គិច​ក្រោយ​ការសម្រេចចិត្ត​របស់​តុលាការ​កំពូល​។ បើតាម​សារព័ត៌មាន BBC លោក អូ​ឌី​ង​ហ្កា បានប្រកាស​ធ្វើ​បាតុក​ម្ដងទៀត​នៅ​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង​អាណត្តិ​ទី​ពីរ​របស់លោក កេ​ន​យ៉ា​តា ដើម្បី​រំឭក​ដល់​អ្នកស្លាប់​។​

​អ្នកគាំទ្រ​លោក កេ​ន​យ៉ា​តា រាប់ម៉ឺន​នាក់​បាន​សម្រុកចូល​កីឡដ្ឋាន Kasarani ជាទី​ប្រារព្ធ​ពិធី​ស្បថ​ចូលកាន់​តំណែង​នៃ​ប្រធានាធិបតី​ថ្មី​។ ប៉ូលិស​បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែកហ្វូង​អ្នកគាំទ្រ​ដែល​ប្រឹង​ប្រជ្រៀតចូល​កីឡដ្ឋាន និង​បាន​ដំឡើង​ផ្ទាំងសំពត់ស​ដ៏​ធំ​ខាងក្រៅ​ផងដែរ​។ មេដឹកនាំ​បរទេស​មួយចំនួន​នឹងចូលរួម​កម្មវិធី​នេះ​ដូចជា នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ និង​ប្រធានាធិបតីរ​វ៉ាន់ដា ប៉ូល កា​ហ្កា​ម៉េ ជាដើម​។​

​ចំណែក​អ្នកគាំទ្រ​របស់លោក អូ​ឌី​ង​ហ្កា និយាយថា ការចរចា​ជាមួយ​បក្ស​កាន់អំណាច​មានន័យ​ស្មើនឹង​ការទទួលស្គាល់​បរាជ័យ​។ ពួកគេ​ក៏​ចោទ​បក្ស​លោក កេ​ន​យ៉ា​តា ថា​លួច​សន្លឹកឆ្នោត ពុករលួយ បញ្ជា​ឲ្យ​កម្លាំង​សន្តិសុខ​បង្ក្រាប​បាតុករ និង​រើសអើង​ការអភិវឌ្ឍ​នៅតាម​តំបន់​ជាច្រើន​ក្នុងប្រទេស ជាពិសេស​តំបន់​ដែល​សម្បូរ​ដោយ​អ្នកគាំទ្រ​របស់លោក អូ​ឌី​ង​ហ្កា ។ បើតាម​បក្សប្រឆាំង ការបែងចែក​បែបនេះ​មិនអាច​ដោះស្រាយ​តាម​ការចរចា​ឡើយ​៕
 

Tag:
 អាហ្វ្រិក​
  កេ​ន​យ៉ា​
  Uhuru Kenyatta
  Raila Odinga
© រក្សាសិទ្ធិដោយ thmeythmey.com