អន្តរជាតិ
ឥណ្ឌូណេស៊ី​-​ម៉ាឡេស៊ី រួមគ្នា​តទល់​គោលនយោបាយ​រើសអើង​របស់​សហភាព​អឺរ៉ុប​លើ​ទំនិញ​«​ដូងប្រេង​»
29, Nov 2017 , 8:59 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា និង​រដ្ឋាភិបាល​ក្រុង​កូ​ឡា​ឡាំ​ពួរ ថ្មីៗ​នេះ បាន​ជួបពិភាក្សា​ទ្វេភាគី​ដើម្បី​រិះរក​មធ្យោបាយ​ក្នុងការ​តទល់​ជាមួយនឹង​គោលនយោបាយ​រឹតត្បិត​ថ្មី​របស់​សហភាព​អឺរ៉ុប​លើ​ការបញ្ជាទិញ​ទំនិញ​ដូងប្រេង ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​លើ​ការនាំចេញ​របស់​ប្រទេស​ទាំងពីរ ។



​លោកនាយក​រដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ និង​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ បាន​អះអាង​រួមគ្នា​នា​សន្និសីទ​សារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ប្រឹក្សា​យោបល់​លើក​ទី​១២ ម៉ាឡេស៊ី​-​ឥណ្ឌូណេស៊ី​នា​ចុង​សប្តាហ៍​មុន​ថា សេចក្តីសម្រេច​របស់​ស​ហ​ភាព​អឺរ៉ុប​ពាក់ព័ន្ធ​នឹង ដូងប្រេង ជា​ប្រភេទ​គោលនយោបាយ​មួយ​មានការ​រើសអើង និង​ចង្អៀតចង្អល់ ។ នេះ​បើ​យោងតាម​សារព័ត៌មាន The Jakarta Post ។​

​ប្រមុខ​ដឹកនាំ​ទាំងពីរ ក៏បាន​ចាត់ទុកថា គោលនយោបាយ​ថ្មី​ថ​មិនមាន​យុត្តិធម៌​ចំពោះ​កសិករ​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ហើយក៏​មិនគួរ​អនុវត្ត​បន្តទៀត​ដែរ ។ ជាក់ស្តែង​នោះ លោកនាយក​រដ្ឋមន្ត្រី ណា​ជីប តាមរយៈ​វេទិកា​ដដែល​នោះ បាន​លើក​បញ្ជាក់​បន្ថែមថា គោលនយោបាយ​របស់​ស​ហ​អឺរ៉ុប នឹង​ផ្តល់​ផល​អវិជ្ជមាន​លើ​រោង​ចង​ក្រ​ដូងប្រេង និង​ចំណូល អ្នក​ពឹង​ផ្អែកលើ​វិស័យនេះ​រាប់ម៉ឺន​នាក់​នៅ​ម៉ាឡេស៊ី និង​រាប់លាន​នាក់​នៅ​ឥណ្ឌូណេស៊ី​ផងដែរ ។

​យ៉ាងណាក៏ដោយ ទន្ទឹមនឹង​អះអាង​ពី​ការជះឥទ្ធិពល​អវិជ្ជមាន មេដឹកនាំ​ទាំងពីរ ក៏បាន​សន្យា​ស្វែងរក​ដំណោះស្រាយ​មួយ​ឲ្យ​បាន ដ្បិត បញ្ហា​នេះ ក៏ត្រូវ​បានដាក់​ទៅ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក Donald Tusk បានដឹង​ផងដែរ​នោះ ។

​គួរ​រម្លឹក​ផងដែរ​ថា នៅ​ខែមេសា​កន្លងទៅ សហភាព​អឺរ៉ុប បានអនុម័ត​លើ​សេចក្តីសម្រេច​មួយ​ស្តីពី ដូងប្រេង និង​ការកាប់បំផ្លាញ​ព្រៃឈើ ។ តាមរយៈ​គោលនយោបាយ​នោះ សហភាព​អឺរ៉ុប បានកំណត់​លក្ខខណ្ឌ​តឹងរឹង​បន្ថែម​ពាក់ព័ន្ធ​ការបញ្ជាក់​សម្រាប់​ការ​នាំចូល​ផលិតផល​ដូងប្រេង​។ ក្នុងនោះ រាប់​បញ្ជូន​ទាំង​គោលនយោបាយ​នៃ​ការធ្វើ​អាជីវកម្ម​ប្រកបដោយ​និរន្ត​ភាព និង​មិន​ប៉ះពាល់​បរិស្ថាន ខណៈពេលដែល ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី បាន​ទទួលរង​ការព្រមាន​ពាក់ព័ន្ធ​នឹង​ការបរាជ័យ​ក្នុងការ​ទប់ស្កាត់​ការកាប់​ព្រៃឈើ​នោះ ៕


Tag:
 ឥណ្ឌូណេស៊ី​
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com