អន្តរជាតិ
ក្រុមហ៊ុន​ព័ត៌មានវិទ្យា​ធំជាងគេ​របស់​វៀតណាម​សរសើរ​ពាណិជ្ជកម្ម​សេរី​ថា​ជំរុញ​កំណើនសេដ្ឋកិច្ច
29, Nov 2017 , 7:59 pm        
រូបភាព
ដោយ: VOA
​ក្រុង​ដា​ណា​ង ៖ ពាណិជ្ជកម្ម​សេរី និង​ការវិនិយោគ​កំពុង​ជំរុញ​កំណើនសេដ្ឋកិច្ច​វៀតណាម ជាង​៦%​ក្នុង​មួយ​ក្នុង​ឆ្នាំ ធ្វើ​ឲ្យ​វៀតណាម​ស្ថិត​ក្នុងចំណោម​ប្រទេស​ចំនួន​បួន ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​ជាងគេ​បង្អស់​នៅ​អាស៊ី​។​



​លោក Truong Gia Binh នាយក​ក្រុមហ៊ុន FPT Group បាន​ថ្លែងប្រាប់ VOA ថា​៖

«​ពិតណាស់ ខ្ញុំ​គិតថា ជាការ​សំខាន់​ដែល​វៀតណាម​មិន​ត្រឹមតែ​បើកទ្វារ​សម្រាប់​បរ​ទេស​ទេ ថែមទាំង​លើកកម្ពស់​ច្បាប់ពាណិជ្ជកម្ម និង​ផលិតកម្ម និង​ធ្វើ​ឲ្យ​វៀតណាម​កាន់តែ​ល្បី​នៅ​អន្តរជាតិ​»​។​

​ក្រុមហ៊ុន​ព័ត៌មានវិទ្យា​នៅ​វៀតណាម​នេះ​អាច​ចំណេញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី សម្រេច​ឡើង​ពេល​កិច្ចប្រជុំ APEC​។​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​វៀតណាម លោក Tran Tuan Anh ថ្លែងថា​៖

«​ផ្អែកលើ​លទ្ធផល​នៃ​ការពិភាក្សា​បួន​ជុំ នៅ​ក្រុង​ដា​ណា​ង ក្រុម​រដ្ឋមន្ត្រី​បាន​ព្រមព្រៀង​លើ​ចំណុច​សំខាន់ៗ រួម​ឈ្មោះ​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ ដែល​ប្រទេស ១១​ជា​សមាជិក គឺ កិច្ចព្រមព្រៀង​ទូលំទូលាយ និង​ជឿនលឿន​ទៅមុខ​នៃ​ភាពជា​ដៃគូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក (CPTPP)»​។​

​កិច្ចព្រមព្រៀង​ថ្មី​នេះ​ធ្វើឡើង បន្ទាប់ពី​លោក​ដូ​ណា​ល់ ត្រាំ ដក​សហរដ្ឋអាមេរិក​ចេញ ហើយ​ងាក​ទៅរក​កិច្ចព្រមព្រៀងទ្វេភាគី​។​

​លោក Truong Gia Binh ប្រធាន​ក្រុមហ៊ុន FPT បាន​និយាយថា​៖

«​ខ្ញុំ​ជឿជាក់ថា នៅ​ចំណុច​មួយ សហរដ្ឋអាមេរិក​នឹង​វិល​មក​ពិភាក្សា​ពី​ការប្តេជ្ញា​មុតមាំ​លើ​កំណើនសេដ្ឋកិច្ច​។ ហើយ​ខ្ញុំ​គិតថា នោះ​នឹង​ជា​របៀប ដែល​អាមេរិក​ដើរតួ​ជា អ្នកដឹកនាំ​លើ​ពិភពលោក​»​។​

​ក្រុមហ៊ុន FPT ថា ខ្លួន​នឹងមិន​ឲ្យ​ខកខាន​បដិវត្តន៍​ឌីជីថល​នៅលើ​ពិភពលោក​ទេ​។​

​លោក Truong Gia Binh បាន​បន្តថា​៖

«​វៀតណាម​យឺតយ៉ាវ​សម្រាប់​បដិវត្តន៍​វិស័យ​ឧស្សាហកម្ម​បី​លើក​មកហើយ​។ ការវិវត្ត​វិស័យ​ឧស្សាហកម្ម​លើក​ទី​បួន (​ឌីជីថល​) គឺជា​ឱកាស​តែមួយ ប្រហែល​ចុងក្រោយ​ផង សម្រាប់​វៀតណាម ដើម្បី​តាម​ឲ្យ​ទាន់​ពិភពលោក​»​។​

​ក្រុមហ៊ុន FTP ដែលមាន​សាខា​ធំ​រួចទៅហើយ​ក្នុងស្រុក កំពុង​សម្លឹង​ទៅ​ការពង្រីក​ទីផ្សារ​នៅ​អាស៊ី​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com