អន្តរជាតិ
សភា​ស៊ីម​បា​វ៉េ​បណ្តេញ​សមា​ជិ​កខ្លួន​ប្រាំ​រូប​ដែល​ស្និទ្ធ​លោក មូ​ហ្កា​បេ
29, Nov 2017 , 4:10 pm        
រូបភាព
ដោយ: ថ្មីៗ
​សមាជិកសភា​ចំនួន ប្រាំ​រូប​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​មនុស្ស​ជំនិតរបស់​​លោក រ៉ូបឺត មូ​ហ្កា​បេ ត្រូវបាន​សភា​បញ្ចប់​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ​ទី ២៩ ខែវិច្ឆិកា​នេះ​។  ការបណ្តេញ​មនុស្ស​ស្និទ្ធ​អតីត​ប្រធានាធិបតី​នេះ​ធ្វើឡើង​ក្រោយ​បក្ស​កាន់អំណាច​ផ្តល់ដំណឹង​ថា ពួកគេ​លែង​តំណាង​ឲ្យ​ប្រយោជន៍​គណបក្ស​ទៀតហើយ​។​



​បន្ទាប់ពី​លោក រ៉ូបឺត មូ​ហ្កា​បេ ចុះ​ចេញពី​តំណែង​ជា​ផ្លូវការ គណបក្សកាន់អំណាច ZANU PF​បានសម្រេច​ស្នើ​ទៅ​សភា​ឲ្យ​បញ្ចប់​តំណែង​សមាជិកសភា​ប្រាំ​រូប​ដែលជា​សម្ព័ន្ធមិត្ត​របស់​លោក មូ​ហ្កា​បេ ដែរ​។ ការបណ្តេញ​មនុស្សលោក មូ​ហ្កា​បេ ពី​តំណែង​ជាការ​បោសសម្អាត និង​រៀបចំ​ពង្រឹង​រចនាសម្ព័ន្ធ​ដឹកនាំ​ផ្ទៃក្នុង​របស់​បក្ស​កាន់អំណាច​ផងដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua អនុ​ប្រធានសភា​លោកស្រី  Mabel Chinomona បានប្រកាស​ពី​អាសនៈ​សភា​ដែល​នៅ​ទំនេរ​ក្រោយពេល​បណ្តេញ​សមាជិក​ទាំង​ប្រាំ​រូប​ហើយ​នោះ ហើយ​លោកស្រី​ក៏​បញ្ជាក់​ផងដែរ​ពី​នីតិវិធី​ដែល​ត្រូវធ្វើ​បន្តបន្ទាប់​ទៀត​ក្រោយ​អនុវត្ត​ចំណាត់ការ​នេះ​។​

«​វិធានការ​រដ្ឋបាល​នឹងត្រូវ​ដាក់ចេញ​ដើម្បី​ផ្តល់ដំណឹង​ដល់​ប្រធានាធិបតី  Emmerson Mnangagwa និង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ពី​អាសនៈ​ដែល​នៅសល់​នេះ​អនុលោម​តាមច្បាប់​បោះឆ្នោត​»​។ នេះ​ជាការ​បញ្ជាក់​របស់​អនុប្រធាន​សភា​ខាងលើ​។​

​តាមពិតទៅ ការបណ្តេញ​សមាជិកសភា​ប្រាំ​រូប​ធ្វើឡើង​បន្ទាប់ពី​បក្ស​កាន់អំណាច​រាយការណ៍​ទៅ​សភា​ថា សមាជិកសភា​ទាំងនោះ​លែង​តំណាង​ឲ្យ​ផលប្រយោជន៍​បក្ស​ទៀតហើយ​។ ម្យ៉ាងទៀត​វា​ក៏​កើតឡើង​ក្រោយពេល​គណបក្ស​កាន់​អំ​ណេ​ច​សម្រេច​បណ្តេញ​រដ្ឋមន្ត្រី​អភិវឌ្ឍ​ជនបទ​, រដ្ឋមន្ត្រី​អប់រំ​ជាន់ខ្ពស់ លេខាធិការ​រដ្ឋបាល​នៃ​បក្ស​កាន់អំណាច លេខាធិការ​បក្ស​ទទួល​បន្ទុក​កិច្ចការ​យុវជន និង​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការងារ​ខេត្ត​ផងដែរ​។

​លោក Emmerson Mnangagwa បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ស៊ីម​បា​វ៉េ​ថ្មី​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ក្រោយ​ពេលដែល​មេដឹកនាំ​វ័យ​ជរា​លោក រ៉ូបឺត មូ​ហ្កា​បេ បង្ខំចិត្ត​ចុះចេញ​ពី​តំណែង​ដោយសារ​រង​សម្ពាធ​។ គេ​រំពឹងថា មេដឹកនាំ​ថ្មី​នឹង​អាចរួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​រាប់រយ​ជំពូក​ដែល​ស៊ីម​បា​វ៉េ​កំពុង​ប្រឈម​ជាពិសេស​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​តែម្តង​៕


Tag:
 ស៊ីម​បា​វ៉េ​
  រ៉ូបឺត មូ​ហ្កា​បេ​
  Mabel Chinomona
  Emmerson Mnangagwa
© រក្សាសិទ្ធិដោយ thmeythmey.com