អន្តរជាតិ
សកម្មជន​សិង្ហ​បុរី​រង​ការចោទប្រកាន់​ដោយ​រៀបចំ​បាតុកម្ម​ដោយ​គ្មាន​ការអនុញ្ញាត​
29, Nov 2017 , 9:39 pm        
រូបភាព
រូបភាព៖ សារព័ត៌មាន TODAY Online
រូបភាព៖ សារព័ត៌មាន TODAY Online
ដោយ: ថ្មីៗ
​សកម្មជន​សិង្ហ​បុរី​ម្នាក់​ត្រូវបាន​តុលាការ​ចោទប្រកាន់​នៅ​ថ្ងៃ​ពុធ​ទី ២៩ ខែវិច្ឆិកា​នេះ​ដោយសារ​គេ​រៀបចំ​បាតុកម្ម​នៅ​ទីសាធារណៈ​ដោយ​គ្មាន​ការអនុញ្ញាត​។ មានការ​ទាមទារ​ឲ្យ​អាជ្ញាធរ​សិង្ហ​បុរី​បញ្ឈប់​ការ​រឹតត្បិត​សិទ្ធ​ធ្វើបាតុកម្ម​អហិង្សា និង​ឈប់​បន្ត​ចាត់ទុក​ការ​បាតុកម្ម​ជា​បទឧក្រិដ្ឋ​ផងដែរ​។



​តុលាការ​សិង្ហ​បុរី​បានសម្រេច​ចោទប្រកាន់​បុគ្គល​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​សកម្មជន​ពីបទ​រៀបចំ​បាតុកម្ម​តូច​ចំនួន​បី​លើក​ដោយ​គ្មាន​ការអនុញ្ញាត​ចាប់ពី​ខែវិច្ឆិកា​ឆ្នាំមុន​ដល់​ខែកក្កដា​កន្លងមកនេះ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP សកម្មជន​ដែល​ត្រូវ​តុលាការ​ចោទប្រកាន់​នេះ​មាន​ឈ្មោះថា Jolovan Wham មាន​អាយុ ៣៧​ឆ្នាំ​ដែលជា​អ្នក​សកម្មជន​ដែល​ការពារ​សិទ្ធិ​ពលករ​បរទេស​។  គេ​ជាប់​ពាក់ព័ន្ធ​នឹង​ការធ្វើ​បាតុកម្ម​មួយ​កាលពី​ខែមិថុនា​ដែល​រៀបចំឡើង​ដោយ​សកម្មជន​ជាច្រើន​នាក់​ដែល​ទាម​ទារក​យុត្តិធម៌​ចំពោះ​មនុស្ស ២២​នាក់​ដែល​ត្រូវ​បានឃើញ​ចាប់ខ្លួន​និង​ឃុំខ្លួន​ក្នុង​ឆ្នាំ ១៩៨៧ ដោយសារ​បំពាន​ច្បាប់​សន្តិសុខ​ផ្ទៃក្នុង​ដ៏​តឹងរ៉ឹង​នោះ​។​

​តាម​បទល្មើស​ដែល​គេ​រង​ការចោទប្រកាន់​នេះ Jalovan អាច​នឹងត្រូវ​ផាក​ពិ​ន័​ន​រហូតដល់​មួយ​ម៉ឺន​ដុល្លារ ឬ​អាច​ជាប់ពន្ធនាគារ​រហូត​ដល់ ប្រាំ​មួយខែ ឬ​អាច​ប្រឈម​ពិន័យ​ទាំងពីរ​ក្នុងករណី​ដែល​គេ​រកឃើញថា ជននេះ​ប្រព្រឹត្ត​ខុស​ម្តង​ហើយ​ម្តងទៀត​នោះ​។​

​តាមពិតទៅ នៅ​សិង្ហ​បុរី វា​ជា​រឿង​ខុសច្បាប់​ដែល​រៀបចំ​បាតុកម្ម​នៅ​ទីកន្លែង​សាធារណៈ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ប៉ូលិស​នោះ ហើយ​វា​ជា​រឿង​កម្រ​បំផុត​ដែល​ប៉ូលិស​ផ្តល់​ការអនុញ្ញាត​ឲ្យ​មានការ​រៀបចំ​បាតុកម្មអហិង្សា​នោះ​។

​យ៉ាងណាក៏ដោយ ការចោទប្រកាន់​សកម្ម​ជន​សិទ្ធិមនុស្ស បង្ក​ឲ្យ​មានការ​រិះគន់ និង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​សិង្ហ​បុរី​ទម្លាក់​ការចោទប្រកាន់​នេះ​ផងដែរ​។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​ទទូ​ឲ្យ​សិង្ហ​បុរី​បញ្ចប់​បណ្តឹង​ចោទប្រកាន់​ប្រឆាំង​អ្នក​បាតុកម្មអហិង្សា និង​រៀបចំ​ការជួបជុំ​ដោយ​អហិង្សា​ផងដែរ​នោះ​៕


Tag:
 សិង្ហ​បុរី​
  បាតុកម្ម​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com