អន្តរជាតិ
អ្នក​ន​យោ​បា​ម៉ាឡេស៊ី ចង់​ឲ្យ​រដ្ឋាភិបាល​ខ្លួន​សម្លាប់​ឈ្មួញ​គ្រឿងញៀន​តាម​លោក ឌូ​ទើ​តេ
30, Nov 2017 , 8:59 am        
រូបភាព
រូបភាព៖ The Star Online
រូបភាព៖ The Star Online
ដោយ:
​អ្នកនយោបាយ​ម៉ាឡេស៊ី​មួយរូប សរសើរ​ចំណាត់ការ​ប្រ​ធា​ធិបតី​ហ្វីលីពីន Rodrigo Duterte ក្នុងការ​បង្ក្រាប​គ្រឿងញៀន ទោះ​វា​រង​ការរិះគន់​ខ្លាំង​ពី​អង្គការសិទ្ធិមនុស្ស​ក្តី ។ អ្នកនយោបាយ​រូបនេះ​ក៏​ចង់​រដ្ឋាភិបាល​ម៉ាឡេស៊ី អនុវត្តតាម​ការដឹក​នាំ​របស់​មេដឹកនាំ​ហ្វីលីពីន​ដោយ​បាញ់សម្លាប់​ឈ្មួញ​គ្រឿងញៀន​ផងដែរ​។



​លោក Bung Moktar Radin សមាជិកសភា​របស់​ម៉ាឡេស៊ី នៅ​ថ្ងៃ​២៨ វិច្ឆិកា បាន​ថ្លែង​ក្នុង​ការជជែក​ដេញដោល​របស់​សភា​ម៉ាឡេស៊ី​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​គ្រឿងញៀន​យ៉ាង​ដូច្នេះ​ថា ៖«​ហេតុ​អីយើ​ង​មិន​យក​គំរូ​តាម​ហ្វីលីពីន​? រាល់​អ្នកញៀន​ថ្នាំ​ទាំងអស់ ចាប់​ពួកគេ​ដាក់ពន្ធនាគារ​ដោយ​ពុំ​ចាំបាច់​ឆ្លងកាត់​សវន​ការ ... រីឯ​អ្នក​ជួយ​ដូរ​គ្រឿង​វិញ បាញ់សម្លាប់​ពួកគេ​តែម្តងទៅ​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ អ្នកតំណាងរាស្ត្រ​រូបនេះ ក៏​ធ្លាប់​ស្នើ និង​លើកឡើង​ពី​ចំណាត់ការ​បែបនេះ នៅក្នុង​ការជជែក​ដេញដោល​លើ​គោលនយោបាយ​របស់​ម៉ាឡេស៊ី​ម្តង​រួចទៅហើយ​កាលពី​ឆ្នាំមុន​។ អ្នកនយោបាយ​នេះ​ជឿជាក់ថា វា​មានតែ​ចំណាត់ការ​បែបនេះ ដែល​អាច​បញ្ឈប់​ការជួញដូរ​គ្រឿងញៀន​នៅក្នុង​ប្រទេស​បាន ។

​យ៉ាងណាក៏ដោយ សំណើ​របស់លោក​តំណាងរាស្ត្រ មិន​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អង្គនីតិប្រតិបត្តិ​នោះទេ ។ លោក​អនុរដ្ឋមន្ត្រី​មហាផ្ទៃ​ម៉ាឡេស៊ី Nur Jazlan Mohamed បាន​អះអាងថា ការអនុវត្ត​គោលនយោបាយ​បែបនេះ នឹង​ដើរ​បញ្ច្រាស​បទដ្ឋាន​អន្តរជាតិ និង​ជាពិសេស​នោះ វា នឹង​បំពាន​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​ទៀតផង ។ អនុរដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា​៖«​យើង​មិន​អាចធ្វើ​ដូច​ហ្វីលីពីន​បានឡើយ ព្រោះ វា នឹង​បង្ក​ជា​បញ្ហា និង​សម្ពាធ​ច្រើន​ពី​ខាងក្រៅ រួមទាំង​អង្គការសហប្រជាជាតិ​»​។

​គួរ​រម្លឹក​ផងដែរ​ថា ក្រោយ​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ឡើងកាន់​អំណាច ឈ្មោះ​ហ្វីលីពីន បាន​លេចលឺ​ខ្លាំង​លើ​ឆាក​អន្តរជាតិ ។ នោះ​ក៏​ព្រោះតែ​សង្គ្រាម​បង្ក្រាប​គ្រឿងញៀន​របស់លោក​បានសម្លាប់​អ្នកពាក់ព័ន្ធ​គ្រឿងញៀន​ជាច្រើន​នាក់ ហើយ​វា​ក៏​ទទួលរង​នូវ​ការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​ផងដែរ ៕


Tag:
 ម៉ាឡេស៊ី​
  ហ្វីលីពីន​
  អាស៊ាន​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com