អន្តរជាតិ
មួយឆ្នាំ​ប្រជាជន​ហ្វីលីពីន​ចំណាយពេល​១៦​ថ្ងៃ លើ​ការស្ទះ​ចរាចរណ៍​
29, Nov 2017 , 10:39 pm        
រូបភាព
រូបភាព៖ Inquirer
រូបភាព៖ Inquirer
​របាយការណ៍​សិក្សា​ថ្មី​មួយ​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Boston Consulting Group និង​មានការ​សហការ​ជាមួយ​ក្រុមហ៊ុន Uber ហ្វីលីពីន​បង្ហាញថា ប្រជាជន​ហ្វីលីពីន​ម្នាក់ៗ​នៅក្នុង​រដ្ឋធានី​ម៉ានីល ចំណាយពេល ១៦​ថ្ងៃ​ក្នុង​មួយឆ្នាំ​លើ​ការស្ទះ​ចរាចរណ៍ និង​ខាត​បង់លុយ​ជាង ៥​ពាន់​ដុល្លារ​។



​ការស្ទះ​ចរាចរណ៍​ជា​បញ្ហា​គួរ​ឲ្យ​ឈឺក្បាល​បំផុត​មួយ​នៅក្នុង​បណ្តា​ទីក្រុង​ធំៗ​នៅ​តំបន់​អាស៊ី​។ ដូច​ឃើញស្រាប់ របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ប្រជាជន​ហ្វីលីពីន​នៅ​រដ្ឋធានី​ម៉ានីល​ចំណាយពេល ១​ម៉ោង ៦​នាទី​រាល់ថ្ងៃ ឬ​ស្មើ ១៦​ថ្ងៃ​ក្នុង​មួយឆ្នាំ​លើ​ការស្ទះ​ចរាចរណ៍​។

​សារព័ត៌មាន The Straits Times បាន​ផ្សាយ​ថា បើ​យោង​របាយការណ៍​នេះ ក្រៅពី​ចំណាយពេល​១៦​ថ្ងៃ​លើ​ការស្ទះ​ចរាចរណ៍ ពួកគេ​ក៏ត្រូវ​ចំណាយពេល​២៤​នាទី​ក្នុង​មួយថ្ងៃ​ដើម្បី​ស្វែងរក​កន្លែង​ចត​ឡាន​ផងដែរ​។​

 ប្រជាជន​បីនាក់​ក្នុងចំណោម​ប្រជាជន​ហ្វីលីពីន​បួន​នាក់​ទៅ​ខកខាន ឬ​ពេល​ខ្លះទៅ​យឺតយ៉ាវ​ក្នុងការ​ចូលរួម​កម្មវិធី​ណាមួយ​ដោយសារ​គេ​មិនអាច​រក​កន្លែង​ចត​ឡាន​បាន​លឿន​តាមចិត្ត​។ ពួកគេ​ជាទូទៅ​ខក​ខានទៅ​សម្ភាសន៍​ការងារ ចូលរួម​មង្គលការ និង​ទៅ​ជួប​គ្រូពេទ្យ​។ ដូច្នេះហើយ​ក្នុង​មួយឆ្នាំ ប្រជាជន​ហ្វីលីពីន​ចំណាយពេល ១៦​ថ្ងៃ​ក្នុង​មួយឆ្នាំ​លើ​បញ្ហា​ចរាចរណ៍ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ពួកគេ​ខាតបង់​ថវិកា​ប្រហែល ១​សែន​ប៉ឺ​សូ (៥៣០០​ដុល្លារ​) រាល់​ឆ្នាំ​ផងដែរ​។

​លោក Laurence Cua នាយក​គ្រប់គ្រង​ក្រុមហ៊ុន Uber ហ្វីលីពីន​បានលើកឡើង​ដូច្នេះ​៖« ស្ទះចរាចរណ៍​តាមផ្លូវ​ធ្វើ​ឲ្យ​អាស៊ី​ខាតបង់​ប្រយោជន៍​សេដ្ឋកិច្ច​ចន្លោះ​ពី​ពីរ ទៅ​ប្រាំ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​រាល់​ឆ្នាំ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ធនាគារអភិវឌ្ឍន៍អាស៊ី​»​។

​ក្រៅពី​បង្ហាញ​ពី​ផលវិបាក​នៃ​ការស្ទះ​ចរាចរណ៍ របាយការណ៍​នេះ​ក៏បាន​ព្យាករ​ផងដែរ​ថា កំណើន​តម្រូវការ​ផ្នែក​សេវា​ដឹកជញ្ជូន​តាម​រថភ្លើង​កើនឡើង​ខ្លាំង​នៅ​ហ្វីលីពីន​នៅ​ឆ្នាំ ២០២០ ដោយសារ​បញ្ហា​ស្ទះចរាចរណ៍​។ ហើយ​វា​ក៏​ចាំបាច់​ត្រូវមាន​ការកសាង​ផ្លូវ និង​រៀបចំ​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​បន្ថែមទៀត​ដើម្បី​ឆ្លើយតប​បញ្ហា​នេះ​។​

 ដូច្នេះហើយ រដ្ឋាភិបាល​ហ្វីលីពីន​ត្រូវ​ចំណាយ​ថវិកា​យ៉ាងហោចណាស់ ២,៧ ពាន់​លាន​ដុល្លារ​បន្ថែម​លើ​ការសាងសង់​ផ្លូវ ផ្លូវ​រថភ្លើង​លើ​អាកាស និង​ផ្លូវ​រថភ្លើង​ក្រោម​ដី​ផងដែរ​នៅពេល​អនាគត​ខាងមុខ​។

​សូមបញ្ជាក់ថា របាយការណ៍​សិក្សា​នេះ​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Boston Consulting Group (BCG) ហើយ​ការស្រាវជ្រាវ​នេះ​ធ្វើឡើង​ដោយមាន​ការស្ទង់មតិ​ក្នុងចំណោម​មនុស្ស ៩​ពាន់​នាក់​អាយុ​ចន្លោះ​ពី ១៨ ដល់ ៦៥​ឆ្នាំ​នៅក្នុង​ទីក្រុង​ធំៗ​ជាច្រើន​នៅ​អាស៊ី​ដូចជា​បាងកក ហ្សា​ការ​តា​, គូ​ឡា​ឡាំ​ពួរ និង ហុងកុង​ជាដើម ៕


Tag:
 Boston Consulting Group
  ហ្វីលីពីន​
  ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com