អន្តរជាតិ
ដៃគូ​រកស៊ី​លោក ត្រាំ នៅ​ឥណ្ឌូណេស៊ី គាំទ្រ​លោក ចូ​កូ វី​ដូ​ដូ ជា​ប្រធានាធិបតី​ឆ្នាំ​២០១៩ ម្តងទៀត
29, Nov 2017 , 11:19 pm        
រូបភាព
លោក Hary Tanoesoedibjo (រូបភាព៖ Reuters)
លោក Hary Tanoesoedibjo (រូបភាព៖ Reuters)
ដោយ:
​សេដ្ឋី​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ជា​អតីត​ដៃគូ​ជំនួញ​របស់​ប្រធានាធិបតី​អាមេរិក​នៅ​ឥណ្ឌូណេស៊ី  សម្រេច​ឈប់ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៩ ដោយ​ងាក​មក​គាំទ្រ​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ (Joko Widodo) ។ អ្នកជំនួញ​រូបនេះ យល់ឃើញថា​លោក ចូ​កូ ជា​បុរស​ខ្លាំង ។



​លោក Hary Tanoesoedibjo អ្នកជំនួញ​ផ្នែក​ប្រព័ន្ធ​ផ្សាយ​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​២៨ វិច្ឆិកា បាន​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​មួយ​ថា លោក​បានសម្រេច​ចិត្ត​មិន​ចូលរួម​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៩​ឡើយ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី The Jakarta Post ។

​លោក Hary ដែលជា​អ្នកជំនួញ​អចលនទ្រព្យ និង​ជា​ធ្លាប់ជា​ដៃគូ​រកស៊ី​ធំ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រា​ម ផងដែរ​នោះ បាន​បញ្ជាក់ថា​៖« ប្រសិន​អ្នក​ក្រឡេកមើល​ស្ថានភាព​សព្វថ្ងៃ លោក ចូ​កូ គឺជា​បេក្ខជន​ប្រធានាធិបតី​ដែល​ខ្លាំង​បំផុត ។ » 

​គួរ​រម្លឹក​បន្តិច​ដែរ នៅ​ដើមឆ្នាំ​២០១៧ កន្លងទៅ លោក Hary បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា​៖«​ប្រសិន​គ្មាន​អ្នកណា​ដែល​ខ្ញុំ​អាច​ទុកចិត្ត​ក្នុងការ​ដោះស្រាយ​បញ្ហា​ក្នុងប្រទេស​បានទេ ខ្ញុំ​អាច​នឹង​ឈរឈ្មោះ​ជា​ប្រធានាធិបតី​។ យើង​ត្រូវការ​មេដឹកនាំ​ដែល​សុចរិត ដែល​អាច​រក​ដំណោះស្រាយ​សម្រាប់​ប្រទេស​នេះ​»​។​

​អ្នកជំនួញ ដែលមាន​ទំនោរ​លើ​កិច្ចការ​នយោបាយ​រូបនេះ ធ្លាប់​បរាជ័យ​ម្តង​រួចទៅហើយ​ក្នុងការ​ប្រជែង​តំណែង​អនុ​ប្រធានាធិបតី ក្នុង​ឆ្នាំ​២០១៤ ដែលជា​ឆ្នាំ​ដែល​លោក ចូ​កូ វី​ដូ​ដូ ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ក្នុង​អាណត្តិ​ទីមួយ​៕


Tag:
 ឥណ្ឌូណេស៊ី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com