ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុខ ឥសាន ទៅ​ឈរឈ្មោះ​ជា​សមាជិក​ព្រឹទ្ធសភា តែ​បន្តធ្វើ​អ្នកនាំពាក្យ CPP
29, Nov 2017 , 6:22 pm        
រូបភាព
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
​ភ្នំពេញ​៖ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP)  ដែល​អ្នកកាសែត​ទូទៅ យល់ថា​មាន​ភាពងាយស្រួល​ក្នុងការ​ទាក់ទង និង​ការ​សួរ​ព័ត៌មាន បាន​លាលែង​ពី​សមាជិក​រដ្ឋសភា​ហើយ ដើម្បី​ទៅ​ឈរ​ជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​វិញ​។ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨​។



​លោក សុខ ឥសាន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា ការផ្លាស់ប្តូរ​ស្ថាប័ន សម្រាប់​បំពេញការងារ​នេះ គឺជា​ការរៀបចំ​របស់​គណបក្ស​។ អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​វ័យ​៧១​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ព្រឹទ្ធសភា និង​រដ្ឋសភា មាន​តួនាទី​ដូច​តែ​គ្នា​ទេ​។ គ្រាន់តែ​ថា យើង​ចាស់ទុំ​ហើយ ទៅ​នុ៎ង​ទៅ ឯ​រដ្ឋសភា​ទុក​ឲ្យ​ក្មេងៗ បន្តវេន​ចុះ​។ វា ជាការ​ចាត់ចែង​របស់​គណបក្ស ហើយ​ទំនងជា​គណបក្ស យល់​អ៊ីចឹង​»​។

​តួនាទី ឬ​ឋានៈ​របស់លោក សុខ ឥសាន ត្រូវបាន​ផ្លាស់ប្តូរ​តែ​នៅក្នុង​ស្ថាប័នរដ្ឋ​ប៉ុណ្ណោះ ឯ​នៅក្នុង​ជួរ​គណបក្ស គឺ​នៅ​រក្សា​ដដែល​។ លោក សុខ ឥសាន បញ្ជាក់ថា លោក នៅតែ​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ទោះ​ធ្វើជា​សមាជិក​ព្រឹទ្ធសភា​ក៏ដោយ​។​

​បើតាម​លោក សុខ ឥសាន ក្រៅពី​រូបលោក មាន​តំណាងរាស្ត្រ​៣​រូប​ទៀត គឺ​លោក ហែម ខន លោក អាយ ខន និង​លោក ម៉ម ជុន​ហ៊ុយ ក៏បាន​លាលែង​ដែរ ដើម្បី​ទៅ​ឈរ​ជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​។ បេក្ខជន​ថ្មី ដែល​រួមមាន លោក សុខ ប៊​ន លោក អ៊ុក ដាម​រី លោក ជុំ យុ​ហៀន និង​លោក ពៅ សាមី ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ដាក់ជំនួស​អតីត​តំណាងរាស្ត្រ​ទាំង​៤​ខាងលើ​។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជូន​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​ថ្មី​ទាំង​៤​រូបនេះ ទៅកាន់​រដ្ឋសភា​ហើយ ដោយ​ភ្ជាប់​ជាមួយ​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​ថ្មី​ទាំង​១១​រូប​ផ្សេងទៀត​។ បេក្ខជន​តំណាងរាស្ត្រ​ថ្មី​ទាំង​១១​រូបនេះ ក៏​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ ដែល​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា ពី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ត្រូវបាន​តុលាការ​កំពូល រំលាយចោល​។ តាមច្បាប់ អាសនៈ​តំណាងរាស្ត្រ​ទាំង​១១ ត្រូវបាន​ទៅលើ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ ឯណោះ​ទេ តែដោយសារ​គណបក្ស​ទាំង​២​នេះ បោះបង់ចោល ទើប​គ​.​ជ​.​ប ប្រគល់​ទៅ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​។

​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក បានទទួល​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​ថ្មី ដែល​គ​.​ជ​.​ប បញ្ជូន​ឲ្យ​ហើយ​។ ទោះ​មិនទាន់​កំណត់​កាលបរិច្ឆេទ​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិភាក្សា​ពី​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​ទាំងនោះ តែ​លោក ឡេង ប៉េងឡុង បញ្ជាក់ថា នឹង​ធ្វើឡើង​ក្នុងពេល​ឆាប់ៗ​នេះ​។

​ជា​នីតិវិធី ក្រោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ទទួលស្គាល់​បេក្ខជន​តំណាងរាស្ត្រ​ទាំង​១១​រួចហើយ រដ្ឋសភា  នឹង​បើក​កិច្ចប្រជុំពេញអង្គ ដើម្បី​ប្រកាស​សុពលភាព​ជូន​ពួកគេ​។ ហើយ​បន្ទាប់មកទៀត ពួកគេ ត្រូវ​ទៅ​ស្បថ​នៅក្នុង​ព្រះបរមរាជវាំង មុននឹង​ចូល​បំពេញការងារ​ជា​តំណាងរាស្ត្រ​៕






Tag:
 ​សុខ ឥសាន​
  CPP
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com