អន្តរជាតិ
អតីត​មេបញ្ជាការ​យោធា​បូ​ស្ន៊ី​ក្រូ​អាដ​បាន​ស្លាប់​បន្ទាប់ពី​ផឹក​គ្រឿង​ពុល​នៅក្នុង​បន្ទប់​តុលាការ​ក្រុងឡាអេ​រ៍​
30, Nov 2017 , 7:59 pm        
រូបភាព
ដោយ: VOA
​លោក Slobodan Praljak អតីត​មេ​បញ្ចា​ការ​យោធា​បូ​ស្ន៊ី​ក្រូ​អាដ​បាន​ស្លាប់​កាលពី​ថ្ងៃ​ពុធ​បន្ទាប់ពី​ផឹក​សារធាតុពុល​នៅក្នុង​បន្ទប់​តុលាការ​ក្រុងឡាអេ​រ៍​ភ្លាមៗ​បន្ទាប់ពី​ចៅក្រម​អង្គការសហប្រជាជាតិ​ម្នាក់​បានសម្រេច​កាត់ទោស​ឲ្យ​លោក​ជាប់ពន្ធនាគារ​២០​ឆ្នាំ​ចំពោះ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំងនឹង​ជនជាតិ​បូ​ស្ន៊ី​កាន់សាសនា​ឥស្លាម នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋ​ក្រូ​អាដ​។​



​ពួក​អាជ្ញាធរ​អនុវត្ត​ច្បាប់​ហូ​ឡង់​បានប្រកាស​ក្នុង​បន្ទប់​តុលាការ​នៅឯ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​សម្រាប់​ការកាត់ទោស​អតីត​ឧក្រិដ្ឋជន​យូ​ហ្គោ​ស្លា​វី​រូបនេះ​បន្ទាប់ពី​លោក Praljak បាន​ផឹក​សារធាតុពុល​ក្នុង​ដប​ហើយ​បាន​ស្រែកថា «​ខ្ញុំ​មិនមែនជា​ឧក្រិដ្ឋជន​សង្គ្រាម​ទ‍េ​»​។​

​បន្ទាប់ពី​ចៅក្រម​បាន​ផ្អាក​សវនាការ​ហើយ​បាន​កោះហៅ​ឲ្យ​បុគ្គលិក​ពេទ្យ​ដែល​ស្ថិតនៅ​អគារ​តុលាការ​នោះបាន​ចូលក្នុង​បន្ទប់​តុលាការ​ដើម្បី​ធ្វើការ​ព្យាបាល​។​ឆ្មាំ​ការពារ​តុលាការ​ម្នាក់​បាន​និយាយថា លោក Praljak បានទទួល​ការព្យាបាល​អស់​រយៈពេល​ជាង​មួយ​ម៉ោង​បន្ទាប់ពី​ចុងចោទ​នោះបាន​និយាយថា លោក​បាន​ផឹក​សារធាតុពុល​។​

​ព្រឹត្តិការណ៍​នេះ​បាន​កើតមានឡើង​នៅពេលដែល​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​អង្គការសហប្រជាជាតិ​បាន​កាត់ទោស​លោក Praljik និង​ពួក​មេដឹកនាំ​នយោបាយ​និង​យោធា​បូ​ស្ន៊ី​ក្រូ​អាដ​៥​នាក់​ទៀត​ដែល​ត្រូវបាន​កាត់​ឲ្យ​ជាប់ទោស​នៅ​ឆ្នាំ​២០១៣​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក្នុង​ទសវត្សរ៍​១៩៩០​។​

​សេចក្តីសម្រេច​នេះ​ជាការ​សម្រេច​ចុងក្រោយ​ដោយ​តុលា​ការដែល​ត្រូវបាន​បង្កើតឡើង​ដោយ​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ​១៩៩៣​។ តុលាការ​មាន​គម្រោង​នឹង​បិទ​សវនាការ​នៅពេលដែល​អាណត្តិ​របស់​ខ្លួន​ផុតកំណត់​នៅ​ចុងឆ្នាំ​នេះ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com