អន្តរជាតិ
ប្រធានាធិបតី​ថ្មី​ស៊ីម​បា​វ៉េ​សន្យា​បង្រួម​ក្បាលម៉ាស៊ីន​ដឹកនាំ​ដើម្បី​ប្រសិទ្ធភាព និង​បន្ថយ​ការចំណាយ​
30, Nov 2017 , 3:07 pm        
រូបភាព
​ប្រធានាធិបតី​ថ្មី​ស៊ីម​បា​វ៉េ​បានប្រកាស​នៅ​ដើម​សប្តាហ៍​ថា លោក​នឹង​បង្កើត​គណៈរដ្ឋមន្ត្រី​ដែល​តូច​ជាង​មុន​ដោយ​រំលាយ​ក្រសួង និង​ស្ថាប័ន​មួយចំនួន ដែល​ជួយ​បង្កើន​ប្រសិទ្ធិភាព​ក្នុង​ការដឹកនាំ​ប្រទេសជាតិ​ផងដែរ​។​



​បន្ទាប់ពី​ស្បថ​ចូលកាន់​តំណែង​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ប្រធានាធិបតី​ស៊ីម​បា​វ៉េ​លោក  Emmerson Mnangagwa បាន​ព្យាយាម​បង្ហាញ​ទៅ​ប្រជាជន​ស៊ីម​បា​វ៉េ​គ្រប់​ស្រទាប់វណ្ណៈ​ថា លោក​នឹង​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ដឹកនាំ និង​កម្ចាត់​អំពើពុករលួយ​ដែល​ចាក់​ឬ​ស​ជ្រៅ​ក្នុងសង្គម​ស៊ីម​បា​វ៉េ​នោះ​។​

​ក្នុងជំនួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​ជា​លើកដំបូង​នៅ​ថ្ងៃ​អង្គារ​ទី ២៨​ខែវិច្ឆិកា លោក Mnangagwa បាន​ថ្លែងថា លោក​នឹង​រៀបចំ​បង្កើត​គណៈរដ្ឋមន្ត្រី​ដែលជា​ក្បាលម៉ាស៊ីន​ដឹកនាំ​ដែល​តូច​ជាង​គណៈរដ្ឋមន្ត្រី​មុន ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការផ្តល់​សេវាសាធារណៈ​ផង​។

​ទីភ្នាក់ងារ​ព័ត៌មាន Xinhua បាន​ស្រង់​សម្តី​ប្រធានាធិបតី​ខាងលើ​ដូច្នេះ​៖«​ខ្ញុំ​កំពុងស្ថិត​ក្នុងដំណាក់កាល់​រៀបចំ​ច្របាច់​បញ្ចូល​រចនាសម្ព័ន្ធ​គណៈរដ្ឋមន្ត្រី ដែល​វា​គួរតែ​តូច​ជាមុន​។ វា​នឹងមាន​ការរួមបញ្ចូល​ក្រសួង​មួយចំនួន​ដើម្បី​ធានាថា វា​មិនមាន​ការត្រួត​ស៊ីគ្នា​នៃ​តួនាទី និង​ភារកិច្ច​ជាពិសេស​កាត់បន្ថយ​ការចំណាយ​មិនចាំបាច់ និង​ធានា​ប្រសិទ្ធភាព​ការងារ​»​។

​វា​មានការ​លើកឡើង​ពី​ការ​បង្រួម​ក្បាលម៉ាស៊ីន​ដឹកនាំ​នេះ ដោយសារ​នៅ​ជំនាន់ លោក រ៉ូបឺត មូ​ហ្កា​បេ ស៊ីម​បា​វ៉េ គណៈរដ្ឋមន្ត្រី​របស់លោក​មាន​រដ្ឋមន្ត្រី​មិនតិចជាង ២៥​នាក់​ឡើយ​។

​ប្រមុខរដ្ឋ​ស៊ីម​បា​វ៉េ​ថ្មី​នេះ​បាន​បន្តថា​៖ «​រដ្ឋាភិបាល​របស់ខ្ញុំ​នឹងមិន​អត់ឱន​ចំពោះ​បញ្ហា​ការិយាធិបតេយ្យ​ដែលជា​បញ្ហា​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការផ្តល់សេវា​សាធារណៈ​ដ​ល់​ប្រជាជន អ្នកវិនិយោគ និង​រាល់​ភាគី​ទាំងអស់​ក្នុងប្រទេស​»​។​

​ក្រៅពីនេះ​លោក Mnangagwa បានលើកឡើង​ពី​គោលដៅ​ដែល​គណៈរដ្ឋមន្ត្រី​លោក​ត្រូវធ្វើ​បន្ទាប់ពី​ត្រូវបាន​បង្កើត​ស្រួលបួល​ហើយ​នោះ​។ រដ្ឋាភិបាល​ថ្មី​នឹង​ផ្តោត​សំខាន់​លើ​ដំណោះស្រាយ​ជាក់លាក់​មួយ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច បង្កើត​ការងារ និង​បង្កើន​ចំណូល​របស់​ប្រជាពលរដ្ឋ​ផងដែរ​។ ប៉ុន្តែ​គេ​ដឹង​ច្បាស់​ថា វា​ជា​រឿង​ស្មុគស្មាញ និង​លំបាក​បំផុត​មួយ​សម្រាប់​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​ដែល​ចង់​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើតឡើង​នៅ​ស៊ីម​បា​វ៉េ​បច្ចុប្បន្ននេះ​។

​សូមបញ្ជាក់ថា លោក Mnangagwa ឡើងកាន់​អំណាច​ក្រោយ​ពេលដែល​យោធា​ធ្វើ​រដ្ឋប្រហារ​ទ​ម្លា​ល់​លោក រ៉ូបឺត មូ​ហ្កា​បេ ពី​អំណាច​កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា​នេះ​។ មេដឹកនាំ​ថ្មី​នេះ​សន្យា​ផ្លាស់ប្តូរ​ជោគវាសនា​ស៊ីម​បា​វ៉េ ហើយ​លោក​ក៏បាន​ដាក់ចេញ​ចំណាត់ការ​ច្រើន​ដែរ​ដើម្បី​ដោះស្រាយ​បញ្ហា​អសកម្ម​នៅក្នុង​ប្រទេស​។ ដូច​ឃើញ​ដើម​សប្តាហ៍​នេះដែរ​លោក​ក៏បាន​ប្រកាស​ដាក់​ឱសានវាទ​ដល់​បណ្តាជន​ពុករលួយ​ឲ្យ​ប្រមូល​ទ្រព្យ ឬ​លុយកាក់​ដែល​ខ្លួន​លាក់​នៅ​បរទេស​ត្រឡប់មកវិញ​ផងដែរ បើ​មិន​ដូច្នោះ​ទេ​ពួកគេ​នឹងត្រូវ​ចាប់ខ្លួន​៕


Tag:
 ស៊ីម​បា​វ៉េ​
  Emmerson Mnangagwa
  រ៉ូបឺត មូ​ហ្កា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com