អន្តរជាតិ
អតីតអគ្គលេខាធិការអាស៊ាន ស៊ូរិន ពិតសុវណ្ណ ស្លាប់ដោយសារគាំងបេះដូង
30, Nov 2017 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
 អតីតអគ្គលេខា​ធិ​ការ​​អាស៊ាន និង​រដ្ឋ​មន្ត្រី​ការបរទេស​ថៃលោក ស៊ូរិន ពិតសុវណ្ណ (Sorin Pitsuwan) បានទទួល​មរណភាពក្នុងអាយុ ៦៨ ឆ្នាំនៅថ្ងៃព្រហស្បតិ៍ទី ៣០ ខែវិច្ឆិកានេះ​ដោយសារគាំងបេះដូង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ បាងកកប៉ុស្តិ៍។ 

 
លោក ស៊ូរិន ពិតសុវណ្ណ ដែលជាអតីតអគ្គលេខាធិការ​អង្គការអាស៊ាន និងជា​អតីតរដ្ឋ​មន្ត្រី​ការបរទេសថៃ​នោះបានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍​នេះ​ដោយសារជំងឺគាំងបេះដូង។ លោក​បច្ចុប្បន្ន​មានវ័យ​៦៨ ឆ្នាំ។ 

បើតាម​សារព័ត៌មានថៃបាងកកប៉ុស្តិ៍ លោក ពិតសុវណ្ណ​ បានដួលនៅពេលដែលលោក​ត្រៀមឡើងថ្លែង​សុន្ទរ​កថា​នៅ​កម្មវិធី Halal Assembly ឆ្នាំ ២០១៧​​ នាមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុងបាងកក។ ក្រោយដួល លោកត្រូវបានគេបញ្ជូន​ទៅមន្ទីរពេទ្យរាមកំហែង ប៉ុន្តែក្រោយមកក៏​មានការប្រកាស​ថា លោក​បានស្លាប់​បាត់​បង់​ជីវិត​តែម្តង។

សូមបញ្ជាក់​បន្តិចថា លោក ស៊ូរិន ពិតសុវណ្ណ បានបំពេញ​ការងារ​ជា​អគ្គលេខាធិកាអាស៊ានពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២  ដោយជំនួសតំណែងលោក Ong Keng Yong អគ្គលេខាធិការអាស៊ានដែលជាជន​ជាតិ​សិង្ហបុរី។ ក្រៅពីនេះ​លោកក៏បានបំពេញការងារ​ជា​រដ្ឋមន្ត្រី​ការបរទេស​រាជាណាចក្រ​ថៃចាប់ពី​ឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០១ផងដែរ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com