អន្តរជាតិ
ហ្វីលីពីន​៖​សកម្មជន​សិទ្ធិមនុស្ស​ពីរ​នាក់​ត្រូវគេ​បាញ់សម្លាប់ ពេល​ជួយ​ដោះស្រាយ​បញ្ហា​រំលោភ​ដីធ្លី​
30, Nov 2017 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សកម្មជន​សិទ្ធិមនុស្ស​ហ្វីលីពីន​ពីរ​នាក់​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​ថ្ងៃ​ពុធ​ទី​២៩ ខែវិច្ឆិកា​។ មុនពេល​ត្រូវគេ​បាញ់សម្លាប់ សកម្មជន​ទាំងនេះ​បាន​ចុះ​ស៊ើបអង្កេត​ករណី​ចោទប្រកាន់​ចៅហ្វាយក្រុង​ម្នាក់ រឿង​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​ស្លូតត្រង់​ផងដែរ​។​



​ការបាញ់​អ្នកសារព័ត៌មាន និង​សកម្មជន​សិទ្ធិមនុស្ស ប្រហែលជា​រឿង​សាមញ្ញ​នៅក្នុង​សង្គម​ហ្វីលីពីន ហើយ​បញ្ហា​និ​ទណ្ឌ​ភាព​ក្លាយ​អត្តសញ្ញាណ​នៃ​សង្គម​នេះដែរ​។​មកដល់​សប្តាហ៍​នេះ សកម្មជន​សិទ្ធិមនុស្ស​ពីរ នាក់​ដែល​ធ្វើការ​ងារ​លើ​រឿង​ជម្លោះដីធ្លី​នោះ ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP សកម្មជន​ទាំងពីរ​នាក់​នោះ​មាន​ម្នាក់​ជា​មន្ត្រី​អង្គការ​សិ​ទិ្ធ​មនុស្ស Karapatan មាន​ឈ្មោះថា Elisa Badayos​។ ចំណែក​សកម្មជន​ម្នាក់ទៀត​មានឈ្មោះ​ថា Eleuterio Moises  ជា​សមាជិក​ក្រុមការងារ​សហគម​ន៍ក​សិ​ករ​មូលដ្ឋាន ។

​បើតាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​ប៉ូលិស ជនរងគ្រោះ​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ពេល​គេ​កំពុង​ជិះ​ម៉ូតូ​ទៅ​បន្ត​ស៊ើបអង្កេត​ករណី​បំពាន​សិទ្ធិមនុស្ស​ដែល​ស្ថិតក្នុង​សំណុំរឿង​រំលោភ​ដីធ្លី​ពលរដ្ឋ​ពី​សំណាក់​អភិបាលក្រុង Negros​។

​ពាក់ព័ន្ធ​បញ្ហា​នេះ មន្ត្រី​ព័ត៌មាន​នៃ​អង្គការ Karapatan លោក Geri Cerillo បាន​បញ្ជាក់ថា ជនរងគ្រោះ​ព្យាយាម​ស៊ើបអង្កេត​ករណី​រំលោភសិទ្ធិ​មនុស្ស​នេះ​។ លោក​បានបញ្ជាក់ ដូច្នេះ​៖«​ក្រុម​ប្រដាប់អាវុធ​ស៊ីឈ្នួល​បាន​បំពារបំពាន​និង​ធ្វើទុក្ខបុកម្នេញ​ប្រជាជន​នៅ​មូលដ្ឋាន​។ វា​មានការ​ប៉ុនប៉ង​រំលោភ​យក​ដីធ្លី​ពី​សំណាក់​ក្រុម​អ្នកនយោបាយ​»​។​
​បច្ចុប្បន្ននេះ​ប៉ូលិស និង​គណៈកម្មការ​សិទ្ធិមនុស្ស​ដែល​ឯករាជ្យ ដែល​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​ហ្វីលីពីន បានបញ្ជាក់​ខ្លូន​ពួកគេ​នឹង​សហការគ្នា​ដើម្បី​បើក​ការស៊ើបអង្កេត​លើ​ករណី​ឃាត​កម្មនេះ​។​

​ខាង​ក្រុម​សិទ្ធិមនុស្ស​ឯណោះ​វិញ​បាន​អធិប្បាយ​ថា ហ្វីលីពីន​រងគ្រោះ​យូរ​មកហើយ​ដោយសារ​វប្បធម៌​និ​ទណ្ឌ​ភាព និង​វប្បធម៌​ដែល​អ្នកមានអំណាច​អាច​រួច​ផុតពី​ទោសទណ្ឌ​ទោះ​ប្រព្រឹត្ត​ឃាតកម្ម ដូចជា​សម្លាប់​អ្នកកាសែត និង​សកម្មជន​នោះ​៕


Tag:
 ហ្វីលីពីន​
  សិទ្ធិមនុស្ស​
  និ​ទណ្ឌ​ភាព​
© រក្សាសិទ្ធិដោយ thmeythmey.com