អន្តរជាតិ
សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី​អស់តំណែង​ព្រោះ​និយាយ​កាន់ជើង​ចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​
30, Nov 2017 , 5:27 pm        
រូបភាព
ដោយ: ថ្មីៗ
​សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី​ម្នាក់​ជា​សមាជិក​គណបក្ស​ពលករ (ALP) ត្រូវបាន​ប្រធាន​បក្ស​បណ្តេញ​ចេញពី​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​ព្រឹទ្ធសភា ដោយសារ​បញ្ចេញយោបល់​គាំទ្រ​ចិន​ក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។



​ប្រធាន​គណបក្ស​ពលករ​អូស្ត្រាលី​លោក Bill Shorten បានសម្រេច​ដក​បញ្ចប់​តំណែង​លោក Sam Dastyari ដែលជា​ប្រធាន​គណៈកម្មាធិការ​ព្រឹទ្ធសភា និង​ជា​អនុប្រធាន​ផ្នែក​វិន័យ​ប្រចាំ​ព្រឹទ្ធសភា​ផងដែរ​។

​សារព័ត៌មាន​អូស្ត្រាលី ABC ផ្សាយ​ថា លោក Bill Shorten បាន​ទូរ​សព្ទ​ទៅកាន់​លោក Dastyari នៅ​ថ្ងៃ​ពុធ​ទី ២៩ វិច្ឆិកា ដោយ​លោក​ស្នើសុំ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​រូបនេះ​លាលែង​ពី​តំណែង​ដោយសារ​មាន​ជម្លោះ​ថ្មី​មួយ​ពាក់ព័ន្ធ​ការបញ្ចេញ​យោបល់​របស់​លោក​ពាក់ព័ន្ធ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ រដ្ឋាភិបាល​អូស្ត្រាលី​ក៏​ទាមទារ​ឲ្យ​លោក​លាលែង​ពី​តំណែង​ជា​សមាជិកសភា​ដែរ​។​

​ប្រធាន​គណបក្ស​ពលករ​លោក Shorten បាន​អះអាងថា ការសម្រេចចិត្ត​បញ្ចប់​តំណែង​របស់​សមាជិក​ព្រឹទ្ធសភា​ខាងលើ​គឺ​ដោយសារ​ទង្វើ​របសលោក​ផ្ទុយ​នឹង​គោលនយោបាយ​របស់​បក្ស​។

​លោក Shorten បានបញ្ជាក់​ដូច្នេះ​៖ «​វា​មិនមែន​ជាការ​ស​ម្រ​ច​ចិត្ត​ដែល​ខ្ញុំ​ធ្វើឡើង​ដោយ​មិន​គិត​ឡើយ​។ ខ្ញុំ​បាន​ប្រា​ប់លោក Dastyari ហើយ​ថា  ការយល់​ខុសពី​តួនាទី​របស់ខ្លួន​ក្នុងការ​ផ្តល់យោបល់​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ផ្ទុយ​នឹង​គោលនយោបាយ​របស់​គណ​បក្ស​ធ្វើ​ឲ្យ​លោក​បាត់បង់​តំណែង​»​។​

​តាមពិតទៅ​លោក Sam Dastyari បាន​បង្កើត​កំហុសឆ្គង​នៅពេលដែល​លោក​ផ្តល់យោបល់​ក្នុងពេល​ឃោសនាបោះឆ្នោត​ឆ្នាំ ២០១៦ ដែល​លោក​ការពារ​ជំហរ​របស​ចិន​ដែល​មិន​អនុវត្តតាម​សេចក្តីសម្រេច​របស់​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ពាក់ព័ន្ធ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះ​។ 

 ប៉ុន្តែ​លោក Dastyari បាន​បដិសេធ​ការទាមទារ​ឲ្យ​លោក​លាលែង​ពី​តំណែង​នេះ​ដោយសារ​លោក​បានទទួល​ស្គាល់​កំហុស និង​បាន​លាលែង​ពី​តំណែង​ជា​សមាជិក​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​ពលករ​ផងដែរ​កាលពី​ឆ្នាំមុន​។ លោក​ទទួលស្គាល់ថា កាលនោះ​អ្នកជំនួញ​ចិន​លោក Huang Xiangmo បានផ្តល់​អំណោយ​ដល់​លោក​ថែមទៀត​៕



Tag:
 អូស្ត្រាលី​
  គណបក្ស​ពលករ​
  Sam Dastyari
  Bill Shorten
© រក្សាសិទ្ធិដោយ thmeythmey.com