អន្តរជាតិ
អគ្គលេខាធិការរង UN ទទូច​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​រិះរក​គ្រប់​វិធី​ទប់ទល់​កូរ៉េខាងជើង​
01, Dec 2017 , 10:08 am        
រូបភាព
ដោយ:
​ការបាញ់​សាកល្បង​មី​ស៊ី​ល​ជាថ្មី​របស់​ក្រុង​ព្យុងយ៉ាង បាន​បង្កើតជា​កង្វល់ និង​បន្ទុក​ធំ​ធ្ងន់​បន្ថែម​សម្រាប់​អង្គការសហប្រជាជាតិ ។ តាមរយៈ​កិច្ចប្រជុំ​បន្ទាន់​មួយ ប្រមុខ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​នយោបាយ បាន​ទទូច​ឲ្យ​អ្នកទទួលបន្ទុក​សន្តិសុខ​និង​សន្តិភាព​ពិភពលោក រិះរក​មធ្យោបាយ​តទល់​កូរ៉េខាងជើង​ឲ្យ​បាន ។



​អគ្គលេខាធិការរង​ទទួលបន្ទុក​កិច្ចការ​នយោបាយ​អង្គកា​រ​សហប្រជាជាតិ លោក Jeffrey Feltman នៅ​ថ្ងៃ​២៩ វិច្ឆិកា បាន​ថ្លែង​នៅក្នុង​ជំនួប​បន្ទាន់​រប​ស់​ក្រុមប្រឹក្សាសន្តិសុខ​ថា  ក្រុមប្រឹក្សាសន្តិសុខ ត្រូវតែ​ធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ការបង្ក​ហេតុ​របស់​កូរ៉េខាងជើង ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​មជ្ឈមណ្ឌល​ព័ត៌មាន​អង្គការសហប្រជាជាតិ ។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ អគ្គលេខាធិការរង ក៏បាន​បញ្ជាក់​នៅ​ចំពោះមុខ​ប្រទេស​មហាអំណាច ដែលជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ថា​៖«​ការ​រួមដៃគ្នា​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៅពេល គឺជា​រឿង​ដ៏​សំខាន់​និង​ចាំបាច់​បំផុត​ដើម្បី​តទល់​នឹង​សកម្មភាព​កូរ៉េខាងជើង​»​។

​បន្ថែម​ពីនេះ លោក​អគ្គលេខាធិការរង ក៏បាន​សុំ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ ដែល​រួមមាន​មហាអំណាច​ពិភពលោក អាមេរិក ចិន រុស្ស៊ី អង់គ្លេស និង​បារាំង ជា​សមាជិក​អចិន្ត្រៃយ៍​នោះ បង្កើត​ឱកាស​ដើម្បី​ផ្សាភ្ជាប់​ចំណង​ទូត​ជាមួយនឹង​កូរ៉េខាងជើង​ដើម្បី​ឈានទៅដល់​ការចរចា​មួយ​បញ្ឈប់​នូវ​ស្ថានភាព​ដ៏​គ្រោះថ្នាក់​នេះ ។

​ប្រមុខ​នយោបាយ​កំពូល​រូបនេះ បាន​ពណ៌នា​ការបង្ក​ហេតុ​របស់​កូរ៉េខាងជើង​យ៉ាង​ដូច្នេះ​៖«​នៅលើ​ពិភពលោក​នោះ គ្មាន​អ្វីដែល​គ្រោះថ្នាក់​ជាង​អ្វីដែល​កំពុងតែ​កើតឡើង​នៅក្នុង​ឧបទ្វីប​កូរ៉េ​ក្នុង​ពេលនេះ​នោះទេ​»​។

​សូម​រម្លឹក​ផងដែរ​ថា នា​ព្រឹក​ថ្ងៃ​២៩ វិច្ឆិកា កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ជាថ្មី​។ តាម​ការវាយតម្លៃ​ក្រសួងការពារជាតិ​អាមេរិក និង​យោធា​កូរ៉េខាងត្បូង​បង្ហាញថា មី​ស៊ី​ល​នេះ​អាច​ហោះ​បាន​ចម្ងាយ​ជាង​៩៦០​គីឡូម៉ែត្រ មុននឹង​ធ្លាក់​ចូលក្នុង​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​របស់​ជប៉ុន ហើយ​កៀក​ដែន​គោក​របស់​ជប៉ុន​ជាការ​បាញ់​លើក​មុនៗ​ទៀតផង ។​

​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា​នេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ក៏បាន​អនុម័ត​សម្រេច​ដែលជា​ទណ្ឌកម្ម​ធ្ងន់​ប្រឆាំងនឹង​កូរ៉េខាងជើង​ដើម្បី​ធានា​យ៉ាងណា​កុំ​ឲ្យ​ប្រទេសមួយ​នេះ គ្មាន​លំហូរ​ហិរញ្ញវត្ថុ​សម្រាប់​ទ្រទ្រង់​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ៕



Tag:
 កូរ៉េខាងជើង​
  ក្រុមប្រឹក្សាសន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com