អន្តរជាតិ
ភាព​សុទិដ្ឋិនិយម​កំពុង​កើត​មាននៅ​ឥណ្ឌា​ចំពោះ​ការផ្លាស់ប្តូរ​ច្បាប់​ដ៏​ចាស់គំរិល​ដែលថា ការស្រឡាញ់​ភេទ​ដូចគ្នា គឺ​ខុសច្បាប់​
01, Dec 2017 , 7:59 pm        
រូបភាព
ដោយ: VOA
​ញូវដែលី ៖ ការប្រយុទ្ធ​តស៊ូ​របស់​សហគមន៍​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា ដើម្បី​លុបបំបាត់​ច្បាប់​តាំងពី​សម័យ​អាណានិគម ដែល​បានដាក់​ការរួម​ភេទ​រវាង​មនុស្ស​ភេទ​ដូចគ្នា​ជា​អំពើ​ឧក្រិដ្ឋ បាន​ឈានដល់​ផ្លូវបត់​មួយ​។ ច្បាប់​នេះ​ត្រូវបាន​លុបបំបាត់​កាលពី​ឆ្នាំ​២០០៩ ប៉ុន្តែ​ត្រូវបាន​យកមកអនុវត្ត​វិញ​នៅក្នុង​ឆ្នាំ​២០១៣ ដោយ​តុលាការ​កំពូល ហើយ​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សិទ្ធិ​ជន​ស្រឡាញ់​ភេទ​ដូចគ្នា​។ ក៏ប៉ុន្តែ មាន​សញ្ញា​វិជ្ជមាន​ថ្មី​ថា សេចក្តីសម្រេច​កាលពីពេល​ថ្មីៗ​នេះ​របស់​តុលាការ​កំពូល បាន​ត្រួស​ត្រាយផ្លូវ ដើម្បី​ផ្លាស់ប្តូរ​ច្បាប់​ដែល នឹង​ត្រូវបាន​ត្រួតពិនិត្យ​។​



​សំឡេង​វាយ​ស្គរ កាន់តែ​លាន់ឮ​ខ្លាំង សម្រែក​ច្រៀង​និង​ចង្វាក់រាំ​កាន់តែ​រស់​រវើក​ខណៈដែល​សហគមន៍​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​ធ្វើ​ការហែក្បួន​នៅក្នុង​ក្បួន​មោទនភាព​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា (Queer Pride) នៅក្នុង​រដ្ឋធានី​នៃ​ប្រទេស​ឥណ្ឌា​កាលពី​ពាក់​កណ្តាលខែ​ដំបូង​នៃ​ខែវិច្ឆិកា​។​

​ការ​ដង្ហែ​ក្បួន​នេះ​ធ្វើឡើង​ដើម្បី​អបអរ​សេចក្តីសម្រេច​ជា​ប្រវត្តិសាស្ត្រ​របស់​តុលាការ​កំពូល​ដែល​បានប្រកាសថា​ឯកជន​ភាព​គឺជា​សិទ្ធិ​មូលដ្ឋាន​ដែល​ត្រូវតែ​ការពារ ដែល​ក្នុងនោះ រួមទាំង​ជម្រើស​ផ្លូវភេទ​ផងដែរ​។​

​អ្នកស្រី Anjali Gopalan ជា​ស្ថាបនិក​របស់​មូលនិធិ Naz ដែលជា​មូលនិធិ​នាំមុខ​ក្នុងការ​ប្រយុទ្ធ​ផ្នែក​ច្បាប់​ទាមទារ​សិទ្ធិ​សម្រាប់​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​នៅក្នុង​ប្រទេស​ឥណ្ឌា ដែលជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​ទី​ពីរ​ក្នុង​ពិភពលោក​។ អ្នកស្រី​បាន​និយាយថា​ការជំនុំជម្រះ​នឹងមាន​ឥទ្ធិពល​សំខាន់​មួយ​នៅពេលដែល​តុលាការ​កំពូល​ត្រួតពិនិត្យ​ច្បាប់​ដ៏​ចាស់គំរិល​ហៅថា «​ផ្នែក​៣៧៧»​។​

«​តាមពិតទៅ ចៅក្រម​ប្រាំ​នាក់​ក្នុងចំណោម​ប្រាំបួន​នាក់ បាន​ចោទសួរ​ពី​សុពលភាព​នៃ​ច្បាប់​ផ្នែក​៣៧៧​នេះ​។ សម្រាប់​ខ្ញុំ វា​ពិតជា​អស្ចារ្យ​។ ខ្ញុំ​បន់​ឲ្យ​ទទួលបាន​ជោគជ័យ​។ ខ្ញុំ​មាន​មាន​អារម្មណ៍​ធូរស្រាល​បន្តិច ក្រោយពី​ការវិនិច្ឆ័យ​លើ​ឯកជន​ភាព​នេះ​»​។​

​លោក Manak Matiyani សប្បាយចិត្ត​នៅពេលដែល​ឮថា តុលាការ​កំពូល​ថា បញ្ហា​មួយចំនួន​មិនមែនជា​ការងារ​របស់​រដ្ឋាភិបាល​ទេ​។​

«​ក្នុងករណី​ដែល​វា​ជាការ​ព្រមព្រៀងគ្នា ដែល​អ្នក​មិនមាន​បំណង​ធ្វើបាប​អ្នកណា​នោះ វា​គឺជា​រឿង​របស់​បុគ្គល ហើយ​អ្នកមាន​សិទ្ធិ​ក្នុងការ​សម្រេចចិត្តថា​អ្នកជា​អ្នកណា តើ​អ្នកនឹង​រស់នៅ​បែបណា ដែល​ធ្វើ​ឲ្យ​យើង មានសង្ឃឹម​ច្រើន​»​។​

​មានការ​ប្រឆាំងនឹង​សិទ្ធិ​របស់​ក្រុមមនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​ពី​ក្រុម​អ្នក​កាន់សាសនា​ហិណ្ឌូ ឥស្លាម និង​គ្រឹ​ស្ត​សាសនា​ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​សីលធម៌​សាធារណៈ​។ ពួកគេ​និយាយថា​សង្គម​ឥណ្ឌា ប្រឆាំងនឹង​ការស្រឡាញ់​ភេទ​ដូចគ្នា ប៉ុន្តែ​មានប្រតិកម្ម​មិន​សមរម្យ​ចំពោះ​សេចក្តីសម្រេច​របស់​តុលាការ​។​

​ប៉ុន្តែ​ច្បាប់​ដែលមាន​អាយុកាល ១៥៦​ឆ្នាំនេះ ដែល​នឹងដាក់​ទោស​ដល់​អ្នក​ដែល​រួមភេទ​ជាមួយ​មនុស្ស​ភេទ​ដូចគ្នា​ឲ្យ​ជាប់ពន្ធនាគារ​រហូតដល់​ដប់ឆ្នាំ គឺ​កម្រ​នឹង​បាន​អនុវត្ត ហើយ​ប្រជាជន​ក្នុង​តំបន់​អ្នកមាន​រស់នៅ ដូចជា​លោក Matiyani​ជាដើម រស់នៅ​ដោយ​សេរី​ក្នុងនាម​ជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។​

​ប៉ុន្តែ​វា​បានធ្វើ​ឲ្យ​ក្រុមមនុស្ស​ដែល​មិនសូវមាន​បុព្វសិទ្ធិ​ជួបនឹង​ការយាយី​។ លោក Pobir Hazara ទទួលបាន​ការទទួល​ស្គាល់​នៅ​មូលនិធិ Naz ដែល​លោក​ធ្វើជា​ចុងភៅ ប៉ុន្តែ​លោក​មិនបានការ​ទទួលស្គាល់​នៅក្នុង​ទីសាធារណៈ​នោះទេ​។​

«​នៅពេលដែល​ខ្ញុំ​ជួប​ជាមួយនឹង​មិត្តភក្តិ​របស់ខ្ញុំ​នៅ​សួន​កម្សាន្ត​មួយ​ក្នុង​ថ្ងៃ​ឈប់សម្រាក ប៉ូលិស​បាន​លើកដៃ​ធ្វើ​សញ្ញា​ឲ្យ​យើង​ចេញ​។ ពួកគេ​និយាយថា​អ្នកនឹង​បង្ក​ភាព​រំខាន ហើយ​គំរាម​ចង់​ឃុំខ្លួន​ពួកយើង​បើ​យើង​មិន​ចាកចេញ​»​។​

​អ្នកស្រី Gopalan និយាយថា កង្វះ​សិទ្ធិ​អាចមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ផ្សេងៗ​គ្នា​ក្នុង​សហគមន៍​។​

«​បើសិនជា​អ្នកណាម្នាក់​ដែល​មកពី​សហគមន៍​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​ត្រូវបាន​គេ​រំលោភ​ផ្លូវភេទ វា​មានការ​ពិបាក​សម្រាប់​ពួកគេ​ក្នុងការ​ប្តឹងផ្តល់ ដោយសារតែ​នៅក្នុង​ច្បាប់​ផ្នែក​៣៧៧ មិនបាន​ចាត់ទុក​ពួកគេ​ថា​ជា​ផ្នែក​មួយ​ក្នុងសង្គម​។ ដូច្នេះ​បើសិនជា​យើង​មានច្បាប់​មួយ​ដែល​ការពារ​ពួកគេ យ៉ាងហោចណាស់​ពួកគេ​មាន​បង្អែក​»​។​

​ហេតុដូចនេះ​ហើយ​បានជា​លោក Matiyani និយាយថា​ក្បួន​ដង្ហែ​នេះ​គឺ មិនមែន​ត្រឹមតែ​ជាការ​អបអរ​មោទនភាព​របស់​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នានេះ​ទេ​។​

«​យើង​ត្រូវតែ​ចាំ​ថា​ក្បួន​ដង្ហែ​នេះ​គឺ​នៅតែ​ជា​បាតុកម្ម​នៅឡើយ ដើម្បី​បង្ហាញថា​សិទ្ធិ​របស់​ពួកគេ​នៅ​មិនទាន់​ទទួលបាន​នៅឡើយ​ទេ​»​។​

​ការការពារ​ស្របច្បាប់​សម្រាប់​ជម្រើស​ផ្លូវភេទ ដែលជា​សិទ្ធិ​មួយ​ដែល​មិន​ត្រូវបាន​យកចិត្តទុកដាក់​ក្នុងប្រទេស​ប្រជាធិបតេយ្យ​ភាគច្រើន​នោះ ជា​អ្វីដែល​អ្នកចូលរួម​សង្ឃឹមថានឹង​ទទួលបាន​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com