អន្តរជាតិ
ប៉ាគីស្ថាន៖យ៉ាងហោច ៩នាក់ស្លាប់ដោយសារក្រុម​តាលីបង់វាយប្រហារសាលារៀន​
01, Dec 2017 , 3:49 pm        
រូបភាព
រូបភាព៖ The Nation
រូបភាព៖ The Nation
ដោយ: ថ្មីៗ
 មនុស្សយ៉ាងហោចណាស់ ប្រាំបួននាក់ស្លាប់​ដោយសារ​ការវាយប្រហារ​របស់​ក្រុមភេរវជន​តាលីបង់​នៅសាលារៀន​មួយកន្លែង​នៅទីក្រុង Peshawar ថ្ងៃសុក្រទី ១ ខែធ្នូនេះ។ ​មនុស្សជាច្រើននាក់​ផ្សេងទៀតរងរបួស​ដោយសារ​ការវាយប្រហារ​នេះដែរ។ នេះ​បើយោងតាម​ទីភ្នាក់ងារព័ត៌មាន AFP។ 



ក្្រមភេរវជន​តាលីបង់​បានបើក​ការ​​វាយប្រហារ​លើ​សាលារៀនមួយនៅ​ក្រុង Peshawar នៅថ្ងៃសុក្រទី ១ ខែធ្នូនេះ ដោយបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់​ប្រាំបួននាក់ស្លាប់។ បើតាម​អាជ្ញាធរក្នុងតំបន់ មនុស្ស​ជាច្រើន​នាក់ផ្សេងទៀតក៏រងរបួសផងដែរ ហើយក្រុមភេរវជន​ទាំងនោះ​ត្រូវបានបោសសម្អាតដោយ​ទាហាន និងកងសន្តិសុខ​រដ្ឋាភិបាលអស់ហើយ។​

ទីភ្នាក់ងារព័ត៌មាន AFP បានស្រង់សម្តី អ្នកនាំពាក្យមន្ទីរពេទ្យ Hayatabad ដូច្នេះថា៖« យើងបានទទួលសាកសពមនុស្ស ប្រាំមួយនាក់ និង មនុស្ស ១៨នាក់​ផ្សេងទៀតរងរបួសក្នុងនោះមានពីរនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ»។  

ចំណែកមន្ទីរពេទ្យមួយទៀតដែលជាមន្ទីរពេទ្យរដ្ឋាភិបាលនោះបានទទួលអ្នកស្លាប់បីនាក់ និងអ្នករបួស​ចំនួន​ ២០នាក់ផងដែរ។ ដូច្នេះ​សរុបទាំងអស់មនុស្សស្លាប់មានរហូតដល់​ប្រាំបួននាក់ឯណោះ៕

© រក្សាសិទ្ធិដោយ thmeythmey.com