អន្តរជាតិ
ហា​វ៉ៃ​ដំឡើង​ស៊ី​រ៉ែ​ន​ប្រកាសអាសន្ន​នុយក្លេអ៊ែរ ក្រោយ​កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​
01, Dec 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋ​ហា​វ៉ៃ​ដែល​ស្ថិតនៅ​កណ្តាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​បានសម្រេច​ដំឡើង​ស៊ី​រ៉ែ​ន​ប្រកាសអាសន្ន​អាវុធ​នុយក្លេអ៊ែរ​ដែលមាន​តាំងពី​សម័យ​សង្គ្រាមត្រជាក់​នៅ​សប្តាហ៍​នេះ ក្រោយ​ពេលដែល​កូរ៉េខាងជើង​សាកល្បង​មី​ស៊ី​របស់ខ្លួន​ជាថ្មី​។ កូរ៉េខាងជើង​អួតថា ខ្លួន​មាន​សមត្ថភាព​បាញ់​មី​ស៊ី​ល​ដល់​គ្រប់​ទីកន្លែង​លើ​ពិភពលោក​។



​នៅ​ថ្ងៃ​សុក្រ ស៊ី​រ៉ែ​ន​ដែលមាន​សំឡេង​ថ្មី​សម្រាប់​ផ្តល់ដំណឹង​ដល់​ប្រជាជន​ពលរដ្ឋ​ពី​ការវាយប្រហារ​អា​វុ​ធនុ​យ​ក្លេ​អ៊ែរ​ត្រូវបាន​គេ​សាកល្បង​នៅ​រដ្ឋ​ហា​វ៉ៃ បន្ថែម​ពីលើ​ស៊ី​រ៉ែ​ន​ប្រកាសអាសន្ន​ពី​គ្រោះមហន្តរាយធម្មជាតិ​។ ស៊ី​រ៉ែ​ន​នេះ​ត្រូវបាន​បំពាក់​ជា​លើកដំបូង គិត​ចាប់តាំងពី​សង្គ្រាមត្រជាក់​បិទ​បញ្ចប់ទៅ​។​

«​យើង​ជឿថា វា​ជា​រឿង​សំខាន់​ដែល​យើង​ត្រូវ​ត្រៀមលក្ខណៈ​សម្រាប់​រាល់​គ្រោះមហន្តរាយ​ទាំងអស់​នៅពេល​ប​ច្ច​ប្បន្ន​ក្នុងនោះ​មាន​ទាំង​ការវាយប្រហារ​អា​វុ​ធនុ​យ​ក្លេ​អ៊ែរ​ផង​»​។ នេះ​ជាការ​បញ្ជាក់​របស់​អភិបាលរដ្ឋ​ហា​វ៉ៃ​លោក David Ige ដែល​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័​ត៌ AP ។​

​តំណាង​រដ្ឋ​ហា​វ៉ៃ​នេះ​បាន​បញ្ជាក់ថា ស៊ី​រ៉ែ​ន​ថ្មី​ដែល​ត្រូវ​សាកល្បង​នេះ​នឹង​អាច​ធានាបាន​ថា សាធារណជន​អាច​ដឹងបាន​ថា គេ​ត្រូវធ្វើ​អ្វី​នៅពេល​ដែលមាន​ករណី​វាយប្រហារ​កើតឡើង​។ ប្រសិនបើ​មានការ​បាញ់​មី​ស៊ី​ល ប្រជាជន​និង​អ្នកទេសចរ​អាចមាន​ពេល​ប្រហែល ២០​នាទី​ដើម្បី​ស្វែងរក​កន្លែង​សុវត្ថិភាព​។​

​លោក David Ige បាន​បន្ថែម​ដូច្នេះ​៖«​វា​ត្រូវមាន​វិធានការ​ផ្សេងគ្នា​ប្រសិនបើ​មានការ​វាយប្រហារ​នុយក្លេអ៊ែរ ដែល​វា​ប្លែក​ពី​ការត្រៀមខ្លួន​ពេល​មាន​ព្យុះ ឬ​មាន​រលក​យក្ស​ស៊ូណាមិ​នោះ​»​។​

​ប្រព័ន្ធ​ផ្តល់​សញ្ញា​ប្រកាសអាសន្ន​នេះ​នឹងមាន​សំឡេង​ប្លែក​ពី​សំឡេង​ស៊ី​រ៉ែ​ន​ដែល​បន្លឺ​ពេល​មាន​ព្យុះ ហើយ​វា​ជា​សំឡេង​ដែល​ប្រជាជន​រដ្ឋ​ហា​វ៉ៃ​ធ្លាប់​លឺ​ហើយ​នោះ​។

​អ្នករដ្ឋបាល​នៃ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​រដ្ឋ​ហា​វ៉ៃ Vern Miyagi បាន​អះអាងថា រដ្ឋ​ហា​វ៉ៃ​ពន្យារពេល​សាកល្បង​ស៊ី​រ៉ែ​ន​នេះ​កន្លងមក​ដោយសារ​អាជ្ញា​ធរ​ចង់​ទុកពេល​ឲ្យ​ប្រជាជន​បានដឹង​ជាមុន​។ អាជ្ញាធរ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​តាម​វិទ្យុ ទូរទស្សន៍ និង​ប្រកាស​ព័ត៌មាន​ឲ្យ​សាធារណជន​បានដឹង​ជាមុន​រួចហើយ ទើប​មានការ​សាកល្បង​ស៊ី​រ៉ែ​ន​នេះ​។

​សូមបញ្ជាក់ថា ការសាកល្បង​ស៊ី​រ៉ែ​ន​ប្រកាសអាសន្ន​ករណី​មានការ​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​នេះ​ធ្វើឡើង​ក្រោយ​ពេលដែល​កូរ៉េខាងជើង​បាញ់​សាកល្បង​អាវុធ​របស់ខ្លួន​ជាថ្មី​នៅ​ដើម​សប្តាហ៍​នេះ​។ ក្រោយ​បាញ់​សាកល្បង កូរ៉េខាងជើង​ប្រកាសថា មី​ស៊ី​ល​ខ្លួន​អាច​បាញ់​ដល់​គ្រប់​ទីកន្លែង​ទូទាំង​ពិភពលោក ដែល​បញ្ជាក់បាន​ថា​ខ្លួន​មាន​សមត្ថភាព​ដូច​បណ្តា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ដទៃទៀត​ដែរ​៕


Tag:
 ហា​វ៉ៃ​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com