អន្តរជាតិ
ម៉ាឡេស៊ី​ណែនាំ​ឲ្យ​ប្តី​ប្រពន្ធ​ចំណាយ​១០​វិនាទី​បង្កើត​ភាព​ផ្អែម​ល្អែ​ម​រាល់ថ្ងៃ​ដើម្បី​ជីវិត​គ្រួសារ​រឹងមាំ​
02, Dec 2017 , 10:54 am        
រូបភាព
ដោយ:
«​ចំណាយពេល​ត្រឹមតែ​១០​វិនាទី​ដើម្បី​ថ្នាក់ថ្នម​គ្នា​ទៅវិញទៅមក​រវាង​ប្តី​ប្រពន្ធ អាចធ្វើ​ឲ្យ​ជីវិត​អា​ពា​ហ៌​ពិ​ពា​ហ៌​កាន់តែ​រឹងមាំ​។​» នេះ​គឺជា​ការណែនាំ​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ម៉ាឡេស៊ី ទៅកាន់​គូស្នេហ៍​ទាំងអស់ ដើម្បី​ចៀសវាង​ភាព​នឿយណាយ​ក្នុង​ជីវិត​ស្នេហារ និង​ឈានដល់​ការ​លែងលះគ្នា​វិញ ។



​ទំនងជា​អត្រា​នៃ​ការ​លែងលះគ្នា​នៅតែ​ជា​ក្តីបារម្ភ​នៅក្នុង​សង្គម​រស់នៅ​រប​ស់​ម៉ាឡេស៊ី​ហើយ​ទើបបានជា​ប្រធានបទ​នេះ ត្រូវបាន​លើក​ជជែក​ដេញដោល​ក្នុង​កិច្ចប្រជុំសភា​របស់​ម៉ាឡេស៊ី ។ តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​បង្កើត​យុទ្ធនាការ​មួយ​ដើម្បី​លើកកម្ពស់​ការរស់នៅ​ជីវិត​គូ​កាន់តែ​រឹងមាំ ដោយ​ណែនាំ​ឲ្យ​ប្តី​ប្រពន្ធ បង្កើត​ភាព​ផ្អែម​ល្អែ​ម​ជាមួយគ្នា​យ៉ាងតិច​១០​វិនាទី​ក្នុង​មួយថ្ងៃ ។

​អនុរដ្ឋមន្ត្រី​ម៉ាឡេស៊ី លោកស្រី Azizah Mohd Dun នៅ​ថ្ងៃ​២៨ វិច្ឆិកា បាន​ថ្លែងថា​៖«​ជាធម្មតា គូស្នេហ៍ ដែល​ទើប​រៀបការ តែង​បង្ហាញ​ពីស​កម្ម​ភាពខ្វះ​គ្នា​មិនបាន ។ តែ​ប៉ុន្មាន​ឆ្នាំក្រោយ​នៃ​ការរៀប​ការ ពួកគេ ក៏​ចាប់ផ្តើម​សោះកក្រោះ​នឹង​គ្នា ។ ដូច្នេះ​សូម​សាកល្បង​ចំណាយពេល​បន្តិចបន្តួច​ដើម្បី​ថ្នាក់ថ្នម​គ្នា​ទៅវិញទៅមក​ដើម្បី​រឹតចំណង​អ្នក​ឲ្យ​កាន់តែ​រឹងមាំ​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Today Online ។

​លោកស្រី​អនុរដ្ឋមន្ត្រី ថ្លែង​បែបនេះ ដើម្បី​ការពារ និង​ពន្យល់​សមាជិកសភា​បក្ស​ប្រឆាំង​ម៉ាឡេស៊ី ដែល​បាន​ចោទសួរ​រដ្ឋាភិបាល​ពាក់​ព័ន្ធ​នឹង យុទ្ធនាការ «​ថ្នាក់ថ្នម​គ្នា​១០​វិនាទី​ដើម្បី​ជីវិត​អា​ពា​ហ៌​ពិ​ពា​ហ៌​រឹងមាំ​» ។​

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោកស្រី​អនុរដ្ឋមន្ត្រី តាមរយៈ​កិច្ចពិភាក្សា​នោះ ក៏បាន​បន្ថែមទៀតថា ក្រសួង​នារី គ្រួសារ និង​ការអភិវឌ្ឍ​សហគមន៍​ម៉ាឡេស៊ី បាននិងកំពុង​តែ​ផ្សព្វផ្សាយ «​យុទ្ធនាការ​ថ្នាក់ថ្នម​គ្នា ១០​វិនាទី​» ទៅកាន់​គូស្នេហ៍​ថ្មីថ្មោង ដែល​យុទ្ធនាការ​នេះ ជា​ចំណាត់ការ​មួយ​របស់​រដ្ឋាភិបាល​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នៃ​ការកើនឡើង​នៃ​ការ​លែងលះ​របស់​គូស្នេហ៍​វ័យក្មេង​ក្នុងសង្គម​ម៉ាឡេស៊ី ៕

Tag:
 អាស៊ាន​
  ម៉ាឡេស៊ី​
  អា​ពា​ហ៌​ពិ​ពា​ហ៌
© រក្សាសិទ្ធិដោយ thmeythmey.com