កីឡាជាតិ
ជាតិ
ថាវរៈ​បង្ហាញខ្លួន​ចុងក្រោយ​ក្នុង​អាជីព ខណៈ​ក្រុម​បី​ប្រជែង​យក​កៅអី​មេគង្គ​តូយ៉ូតា
02, Dec 2017 , 1:18 pm        
រូបភាព
ខ្សែការពារអូម ថាវរៈ បង្ហាញខ្លួន​ចុងក្រោយក្នុងអាជីពជាកីឡាករបាល់ទាត់នាជំនួបជាមួយណាហ្គាវលើដែលជាក្រុម​ចាស់របស់ខ្លួន
ខ្សែការពារអូម ថាវរៈ បង្ហាញខ្លួន​ចុងក្រោយក្នុងអាជីពជាកីឡាករបាល់ទាត់នាជំនួបជាមួយណាហ្គាវលើដែលជាក្រុម​ចាស់របស់ខ្លួន
ដោយ: រួបរួម
តើ​ព្រះខ័ន​រាជ​ស្វាយរៀង បឹងកេត ឬ​ណាហ្គា​វើ​ល​? ថ្ងៃ​សៅរ៍ ទី​២ ខែធ្នូ ឆ្នាំ​២០១៧​នេះ កម្ពុជា​នឹង​រកឃើញ​តំណាង​របស់ខ្លួន​ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​មេគង្គ​តូយ៉ូតា​ក្លឹប​២០១៧ (Mekong Toyota Club Championships 2017) នា​ជំនួប​សប្តាហ៍​ចុងក្រោយ​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​។ ក្រុម​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ក្នុងការ​ប្រកួត​ទាំងពីរ​ជើង​នឹង​បាន​កៅអី​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​មេគង្គ​តូយ៉ូតា​ក្លឹប ជាមួយ​ក្រុម​វៀតណាម Quang Nam​។​



​ព្រះខ័ន​រាជ​ស្វាយរៀង កំពុង​ឈរ​មុខ​គេ​លើ​តារាង​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ ពី​ការប្រកួត​២១​សប្តាហ៍​កន្លងមក ដោយមាន​៤៦​ពិន្ទុ ខណៈ​បឹងកេត និង​ណាហ្គា​វើ​ល មាន​៤៥​ពិន្ទុ​។ បើទោះបីជា​បឹងកេត ឈរ​ពីលើ​ណាហ្គា​វើ​ល ដោយសារតែ​ពួកគេ​មាន​អាទិភាព​លើ​ជំនួប Head to Head រវាង​ក្រុម​ទាំងពីរ​។​

ម៉ោង​៣ និង​៣០​នាទី នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​៖ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ជួប ណាហ្គា​វើ​ល​
​ណាហ្គា​វើ​ល ត្រូវការ​ជ័យជម្នះ​ជាដាច់ខាត​លើ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ដើម្បី​រក្សា​ក្តី​សុបិន​របស់ខ្លួន​ក្នុងការ​បញ្ចប់​ចំណាត់ថ្នាក់​លេខ​១ លើ​តារាង​។ ប៉ុន្តែ​ដើម្បី​ឱកាស​បែបនេះ ពួកគេ​រំពឹងថា ទាំង​ព្រះខ័ន​រាជ​ស្វាយរៀង និង​បឹងកេត បញ្ចប់​ក្នុង​លទ្ធផល​ចាញ់ ឬ​ស្មើ ក្នុងជំនួប​របស់​ពួកគេ​នៅ​ម៉ោង​៦​ល្ងាច​។​

​អូ​ម ថាវរៈ ខ្សែការពារ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ និង​ជា​អតីត​កីឡាករ​ដ៏​យូរ​ឆ្នាំ​របស់​ណាហ្គា​វើ​ល ផងដែរ​នោះ នឹង​បង្ហាញខ្លួន​ចុងក្រោយ​បំផុត​សម្រាប់​អាជីព​ជា​កីឡាករ​បាល់ទាត់​។ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ថាវរៈ បានសរសេរថា​៖  «​ថ្ងៃនេះ​ជាការ​ប្រកួត​ចុងក្រោយ​នៃ​រដូវ​កាល​ឆ្នាំ​២០១៧ ហើយក៏​ជា​ថ្ងៃ​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​ខ្ញុំ​ដែរ ដោយសារតែ​វ័យ​កាន់តែ​ចាស់ ហើយ​មាន​បញ្ហា​សុខភាព និង ជំងឺ​ច្រើន ដូច្នេះ​ដល់ពេល​ដែល​ខ្ញុំ​ត្រូវ​ព្យួរ​ស្បែកជើង​ហើយ​»​។

​ថាវរៈ អាយុ​៣២​ឆ្នាំ បាន​ប្រឡូក​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​តាំងពី​ឆ្នាំ​២០០៦​មក ដោយបាន​លេង​ឲ្យ​ក្លិប​ខេមរា​កីឡា ណាហ្គា​វើ​ល ក្រសួងការពារជាតិ និង​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​។ គេ​ក៏​ជា​អតីត​ខ្សែការពារ​ឆ្នើម​នៃ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ផងដែរ​។​

​សម្រាប់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ វា​គ្រាន់តែ​ជំនួប​បង្គ្រប់កិច្ច និង​ដើម្បី​អបអរ​វត្តមាន​ចុងក្រោយ​របស់ ថាវរៈ​ប៉ុណ្ណោះ ពីព្រោះ​បច្ចុប្បន្ន ពួកគេ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៦ ដែលជា​តំបន់​សុវត្ថិភាព ហើយក៏​មិនមាន​ពិន្ទុ​គ្រប់គ្រាន់​ដើម្បី​ប្រជែង​យក​តំណែង Top 4 នោះដែរ​។​

​ម៉ោង​៦​ល្ងាច នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​៖ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ជួប បឹងកេត​

​បឹងកេត​នៅ​រក្សា​ក្តី​រំពឹង​របស់ខ្លួន​ក្នុងការ​បង្ហាញ​វត្តមាន​ម្តងទៀត​នៅក្នុង​ព្រឹត្តិការណ៍​មេគង្គ​តូយ៉ូតា​ក្លឹប ខណៈ​ពួកគេ​ត្រូវ​តទល់​ជាមួយ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​។ ប្រសិនបើ ឈ្នះ​អាស៊ី​អឺរ៉ុប ខណៈ​ព្រះរាជ​ស្វាយរៀង ចាញ់ ឬ​ស្មើ​ភ្នំពេញ​ក្រោ​ន បឹងកេត​នឹង​ទទួលបាន​កៅអី​មេគង្គ​តូ​យ៉ូ​ត​ក្លឹប​ម្តងទៀត​។​

​រីឯ​អាស៊ី​អឺរ៉ុប វា​គ្រាន់តែ​ជំនួប​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ដោយ​ពួកគេ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៩ ដោយមាន​១៨​ពិន្ទុ​។​

​ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​៖ ព្រះខ័ន​រាជ​ស្វាយរៀង ជួប ភ្នំពេញ​ក្រោ​ន​
​នេះ​ជា​ឱកាស​មាស​របស់​ព្រះខ័ន​រាជ​ស្វាយរៀង​នា​ជំនួប​ស្វាគមន៍​ភ្នំពេញ​ក្រោ​ន​។ ជ័យជម្នះ​នឹង​នាំ​ឲ្យ​ពួកគេ​ទទួលបាន​កៅអី​ទៅកាន់​ការប្រកួត​ជម្រុះ​មេគង្គ​តូយ៉ូតា​ក្លឹប​ជាមួយ​ក្រុម​វៀតណាម Quang Nam​។​

​ដោយសារតែ​ព្រះខ័ន​រាជ​មាន​១​ពិន្ទុ​នាំមុខ ពួកគេ​មានលទ្ធភាព​ច្រើនជាង​បឹងកេត និង​ណាហ្គា​វើ​ល​។ សម្រាប់​ភ្នំពេញ​ក្រោ​ន ពួកគេ​អស់​ឱកាស​ឡើងទៅ​កាន់​តំបន់ Top 4 ហើយ បើទោះបីជា​ពួកគេ​ទទួលបាន​៣​ពិន្ទុ​បន្ថែម ឡើង​ស្មើ​ក្រសួងការពារជាតិ​ក៏ដោយ​។​

​នា​ជំនួប​កាលពី​ម្សិលមិញ ក្រសួងការពារជាតិ​ចាញ់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ២-១ ប៉ុន្តែ​ពួកគេ​មិនអាច​ខ្ទាត​ចេញពី​តំបន់ Top4 ឡើយ ដោយសារតែ​ពួកគេ​មានប្រៀប​លើ​ជំនួប Head to Head ជាមួយ​ភ្នំពេញ​ក្រោ​ន​៕


Tag:
 បាល់ទាត់
  Cambodian League 2017
© រក្សាសិទ្ធិដោយ thmeythmey.com