អន្តរជាតិ
ប្រធានាធិបតី ពូ​ទីន បង្កើត​គោលនយោបាយ​ថ្មី​ដើម្បី​ជំរុញ​កំណើនប្រជាជន
02, Dec 2017 , 2:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ នៅតែមាន​កង្វល់​ធំ​ដោយសារ​ជនជាតិដើម​របស់ខ្លួន​ថយចុះ បើ​ប្រៀបធៀប​ទៅនឹង​កំណើនប្រជាជន​ពិភពលោក ។ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ ប្រមុខ​ក្រុង​មូ​ស្គូ ក៏បាន​ស្នើ​ឲ្យ​មាន​គោលនយោបាយ​លើកទឹកចិត្ត​កាន់តែច្រើន​ដើម្បី​គាំទ្រ និង​គាំពារ​គ្រួសារ​ទាំងឡាយណា ដែលមាន​សមាជិក​ច្រើន ។



​លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃ​២៨ វិច្ឆិកា បាន​ព្រមាន​ពី​ការថយចុះ​នៃ​ប្រជាជន​ដើម រុស្ស៊ី ដោយសារតែ​ការបាត់បង់​អាយុជីវិត​ក្នុងអំឡុងពេល​សង្គ្រាមលោក​លើក​ទី​ពីរ និង​បញ្ហា​សេដ្ឋកិច្ច​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៩០ ។ លោក បានស្នើ​ឲ្យ​ចាត់​វិធាន​ចាំបាច់​ដើម្បី​ទប់ស្កាត់​ការថយចុះ​នេះ​ឲ្យ​បាន ។​

​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua លោក​ប្រធានាធិបតី បានស្នើ​ឲ្យ​មានការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ក្រុមគ្រួសារ​ដែលមាន​សមាជិក​ច្រើន និង​មាន​ចំណូល​តិច ជាពិសេស ក្រុមគ្រួសារ​ថ្មីថ្មោង​។ ក្រៅពីនេះ លោក​ក៏​ស្នើ​បង្កើត​ឲ្យ​មាន​គោលនយោបាយ​លើក​ចិត្ត​សម្រាប់​គ្រួសារ​ដែលមាន​កូន​ទី​២ និង​ទី​៣ ។​

​លោក ពូ​ទីន ក៏បាន​អះអាងថា ចាប់ពី​ឆ្នាំ​២០១៨​ទៅ រដ្ឋាភិបាល នឹង​ផ្តល់ប្រាក់​ឧបត្ថម្ភ​សម្រាប់​ក្រុមគ្រួសារ​ដែល​ទើប​មានកូន​ទី​១ រហូតដល់​កូន​នោះ មាន​អាយុ ១៨​ខែ​ផងដែរ ។ ការផ្តល់សេវា​អប់រំ និង​សេវា​សុខភាព ក៏​ស្ថិតនៅក្នុង​គោលនយោបាយ​លើក​ចិត្ត​របស់លោក​ប្រធានាធិបតី​ផងដែរ ។

​បើ​យោងតាម​របាយការណ៍រ​បស់​ភ្នាក់ងារ​ស្ថិតិ​ជាតិ​រុស្ស៊ី គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០១៧ រុស្ស៊ី​មាន​ប្រជាជន​សរុប ១៤៦,៨ លាន​នាក់ ដែល​ចំនួន​នេះ បាន​កើន​បន្តិច​ធៀប​នឹង​ឆ្នាំមុន​ដែល​ចំនួន​ប្រជាជន​សរុប​មាន​ត្រឹមតែ ១៤៦,៦ លាន​នាក់​នោះ ។ គួរកត់សម្គាល់​នោះ តាម​ការអះអាង​របស់​ភ្នាក់ងារ​ជាតិ​រុស្ស៊ី​ដដែល ចំនួន​ប្រជាជន​ដែល​បាន​កើនឡើង​នេះ ជា​ផ្នែក​មួយ​នៃ​ការកើនឡើង​នៃ​ចំនួន​ជនអន្តោប្រវេសន៍​នោះទេ ពោលគឺ មិនមែនជា​កំណើនប្រជាជន​ដើម​សុទ្ធ​សាធ​ឡើយ ៕

Tag:
 វ៉ា្ល​ឌី​មៀ ពូ​ទីន​
  ប្រជាសាស្ត្រ​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com