អត្ថបទពាណិជ្ជកម្ម
បុគ្គលិក​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម ដើម្បី​ប្រយោជន៍​សង្គម​កាន់តែច្រើន
02, Dec 2017 , 3:05 pm        
រូបភាព
​ក្រុមហ៊ុន សាណូ​ហ្វី​កម្ពុជា សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​បង្កើត​កម្មវិធី​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​តម្រូវការ​ឈាម​នៅ​កម្ពុជា ខណៈដែល​ការផ្គត់ផ្គង់​ឈាម​ឲ្យ​ត្រូវ​នឹង​តម្រូវការ ឬ​សម្រាប់​ករណី​សង្គ្រោះបន្ទាន់ នៅតែ​ជា​បញ្ហា​ប្រឈម​នៅឡើយ​។

​នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន សាណូ​ហ្វី​កម្ពុជា លោកស្រី ដាវ ធូ​ង៉ា (Dao Thu Nga) បាន​មានប្រសាសន៍ថា​៖ «​ដោយសារ​តម្រូវការ​ឈាម​សម្រាប់​អ្នកជំងឺ មាន​កម្រិត​ខ្ពស់ ជាពិសេស​សម្រាប់​ករណី​សង្គ្រោះបន្ទាន់ យើង​យល់ឃើញថា កម្មវិធី​បរិច្ចាគ​ឈាម​ពិតជា​សំខាន់ និង​ចាំបាច់​។ ដូច្នេះ​យើង បង្កើត​កម្មវិធី​នេះ​ឡើង ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​តម្រូវការ​ឈាម និង​ជា​ផ្នែក​មួយ​នៃ​ការចែករំលែក​ក្តី​ស្រលាញ់​»​។



​លោកស្រី ដាវ ធុ​ង៉ា បាន​បន្ថែមថា កម្មវិធី​នេះ ក៏មាន​គោលបំណង​ក្នុង​ការជំរុញ​លើកទឹកចិត្ត និង​លើកកម្ពស់​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​ការបរិច្ចាគ​ឈាម​ផងដែរ​។ បើតាម​លោកស្រី ការបរិច្ចាគ​ដោយ​ស្ម័គ្រចិត្ត​គឺជា​មធ្យោបាយ​មួយ ដែល​បុគ្គលិក​ក្រុមហ៊ុន អាច​បង្ហាញ​ពី​សាមគ្គីភាព និង​ការប្តេជ្ញាចិត្ត​របស់​ពួកគេ ចំពោះ​សហគមន៍​កម្ពុជា​។ នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន សាណូ​ហ្វី​កម្ពុជា រូបនេះ បាន​សម្តែង​ពី​ចំណាប់អារម្មណ៍​យ៉ាង​ដូច្នេះ​ថា «​យើង មាន​មោទនភាព​ចំពោះ​បុគ្គលិក​របស់​យើង ដែល​បាន​យល់ដឹង និង​ស្ម័គ្រចិត្ត​ក្នុង​សកម្មភាព​សង្គម និង​បង្ហាញ​ក្តី​ស្រឡាញ់​របស់​ពួកគេ តាមរយៈ​ការបរិច្ចាគ​ឈាម​»​។

​ជុំវិញ​បញ្ហា​ខាងលើ លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​ថ្លែងថា ឈាម​ដែល​បរិច្ចាគ​ដោយ​ស្ម័គ្រចិត្ត​កាលពី​ឆ្នាំ​២០១៦ មានតែ​៣០%​ប៉ុណ្ណោះ ដែល​ភាគរយ​នេះ​គឺ​ទាប​ជាង​ភាគរយ​នៅតាម​បណ្តា​ប្រទេស​ដទៃទៀត​។​



​ចំណែកឯ លោក អ៊ុង ង៉ួ​ន​តុលា មន្ត្រី​ទំនាក់ទំនង​នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​កម្ពុជា បាន​ឲ្យ​ដឹងថា តម្រូវការ​ឈាម​ប្រចាំថ្ងៃ គឺ​ប្រហែល ២០០​ប្លោក​ក្នុង​មួយថ្ងៃ ប៉ុន្តែ​តម្រូវការ​នេះ នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​។ លោក​វេជ្ជបណ្ឌិត លើកឡើងថា ប្រជាជន​កម្ពុជា​មួយចំនួន ទំនងជា​មានការ​ភ័យខ្លាច​នឹង​ម្ជុលចាក់​ថ្នាំ ឬក៏​មានការ​យល់ច្រឡំ​ថា ការបរិច្ចាគ​ឈាម​ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​ហានិភ័យ​សុខភាព​។

​តាម​ការពិត ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត គឺមាន​សុវត្ថិភាព​ជាង​ការផ្តល់​ឈាម ដែល​ធ្វើឡើង​ភ្លាមៗ​ក្នុងពេល​មាន​អាសន្ន​។ នេះ​បើតាម​លោក អ៊ុង ង៉ួ​ន​តុលា ដដែល ដោយ​លោក បាន​ពន្យល់ថា វា​មាន​សុវត្ថិភាព​ជាង ព្រោះតែ​អ្នក​បរិច្ចាគ​ត្រូវតែ​ទទួលបាន​ការពិនិត្យ​សុខភាព​ដោយ​វេជ្ជបណ្ឌិត​ជំនាញ មុនពេល​ពួកគេ បរិច្ចាគ​ឈាម​។ លោក បន្តថា ការបរិច្ចាគ​ឈាម អាចមាន​សារៈប្រយោជន៍​ដល់​សុខភាព​អ្នក​បរិច្ចាគ​។



​លោក អ៊ុង ង៉ួ​ន​តុលា បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ការផ្តល់​ឈាម អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺមហារីក និង​ជំងឺ​ផ្សេងៗ​ទៀត​។ ហើយ​កោសិកា​ឈាម អាច​រស់​បានតែ ១២០​ថ្ងៃ​ប៉ុណ្ណោះ មុននឹង​វា​កើតឡើង​ជាថ្មី​ម្តងទៀត​។ ដូច្នេះ សូម​បរិច្ចាគ​ឈាម​ទៅកាន់​ប្រជាជន ដែល​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ ដូចជា​មនុស្ស​ដែល​រងគ្រោះ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ឬក៏​អ្នកជំងឺ​ខ្សោយតម្រងនោម ដែល​ត្រូវការ​ឈាម​ជាប្រចាំ​»​។



​លោក​វេជ្ជបណ្ឌិត​រូបនេះ បាន​អំពាវនាវ​ថា​៖«​ខ្ញុំ​សូម​សំណូមពរ​ឲ្យ​យុវជន និង​មនុស្សពេញវ័យ ដែលមាន​សុខភាព​ល្អ​និង​មាន​វ័យ​ចាប់ពី ១៨​រហូតដល់ ៦០​ឆ្នាំ បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ឲ្យ​កាន់តែច្រើន​»​។ បន្ទាប់មក លោក បាន​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា ដែល​បាន​ប្តេជ្ញាចិត្ត​បរិច្ចាគ​ឈាម ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ហើយក៏​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន បន្តសកម្មភាព​មនុស្ស​ធម៌​បែបនេះ​ជា​បន្តបន្ទាប់​ទៅមុខទៀត​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com