កីឡាជាតិ
ជាតិ
Toyota Mekong៖ ស្វាយរៀង​បន្ត​ខកចិត្ត​ឯ​បឹងកេត​បាន​កៅអី​ជា​លើក​ទី​៣
04, Dec 2017 , 2:54 pm        
រូបភាព
ដោយ:
​ក្រុម​បឹងកេត​ទទួលបាន​កៅអី​ឡើង​ទៅលេង​ពានរង្វាន់ Toyota Mekong Club ប្រចាំឆ្នាំ​២០១៧ ក្រោយ​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ៤-៣ នា​ការប្រកួត​សប្តាហ៍​ចុងក្រោយ​ដើម្បី​ឈរ​កំពូល​តារាង​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​។ ឱកាស​នេះ​កើតឡើង​បន្ទាប់ពី​ក្រុម​ភ្នំពេញ​ក្រោ​ន​ទម្លាក់​ព្រះខ័ន​រាជ​ស្វាយរៀង​ជាមួយ​ជ័យជម្នះ ២-១ នា​ការ​ជម្រុះ​ជើង​ទី​២​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។ ក្រុម​ក្រសួងការពារជាតិ​(​ទ័ព​) និង​ណាហ្គា​វើ​ល​បាន​រក្សាខ្លួន​ក្នុង​តំបន់ Top 4 ទោះបី​ក្រុម​ទាំងពីរ​បាន​ចាញ់​គូប្រកួត​រៀងៗ​ក៏ដោយ​។



​ជ័យជម្នះ ៤-៣ លើ​អាស៊ី​អឺរ៉ុប​និង​បរាជ័យ ២-១ របស់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ក្រោម​ថ្វី​ជើងភ្នំ​ពេញ​ក្រោ​ន​កាលពី​ថ្ងៃ​សៅរ៍​ទី​២ ខែធ្នូ សប្តាហ៍​មុន​ជួយ​ឲ្យ​បឹងកេត​ឈរ​កំពូល​តារាង​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ទាំងពីរ​ជើង​។ ភាពជោគជ័យ​របស់ខ្លួន​និង​ការទម្លាក់​ស្វាយរៀង​ពី​កំពូល​តារាង​របស់​ភ្នំពេញ​ក្រោ​ន​នាំ​ឲ្យ​បឹងកេត​ទទួលបាន​កៅអី​ឡើង​ទៅលេង​ពានរង្វាន់ Toyota Mekong Club Championship ៣​ឆ្នាំ​ជាប់ៗ​គ្នា​(២០១៥, ២០១៦, ២០១៧)​។ 



​បឹងកេត​ត្រូវ​ប្រកួត​ពីរ​ជើង​ជាមួយ​ក្រុម​ជើងឯក​រង V.League 1 របស់​វៀតណាម Sanna Khánh Hòa ក្នុង​វគ្គ​ជម្រុះ​ដើម្បី​រក​ក្រុម​ខ្លាំង​ឡើងទៅ​ជួប​ក្រុម Lao Toyota នៃ Premier League របស់​ឡាវ​ដែល​កំពុង​រង់ចាំ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ក្នុងនោះ​បឹងកេត​ប្រកួត​ជើង​ទី​១​ជាមួយ Sanna Khánh Hòa នា​ថ្ងៃទី​៩ ធ្នូ នៅលើ​ទឹកដី​វៀតណាម មុន​ប្រកួត​ជើង​ទី​២​នា​ថ្ងៃទី​១៣ ធ្នូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ 

​សម្រាប់​ការប្រកួត​ពានរង្វាន់ Toyota Mekong Club Championship ប្រចាំឆ្នាំ​២០១៦ បឹងកេត​ក្រោម​ការដឹកនាំ​របស់លោក ប្រាក់ សុវណ្ណារ៉ា ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ក្រោយ​ចាញ់​ក្រុម Lanexang United ក្រោម​ការដឹកនាំ​លោក Leonardo Vitorino នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ចំណែក​ក្រុម Buriram United បាន​គ្រង​ជើងឯក​ក្រោយ​យកឈ្នះ Lanexang United ទាំងពីរ​ជើង​ក្នុង​លទ្ធផល ២-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

​នៅ​ឆ្នាំ​២០១៥ បឹងកេត​ជា​ម្ចាស់​ជើងឯក​រង​ប្រចាំ​ពានរង្វាន់​នេះ​ក្រោយ​ចាញ់​ក្រុម Buriram United ១-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។ ទោះបី​បឹងកេត​បាន​ត្រឹម​ជើងឯក​រង​ក៏ដោយ​តែ​ក្រុម​នេះ​បាន​សាង​ប្រវត្តិសាស្ត្រ​ថ្មី​របស់ខ្លួន​ប្រចាំឆ្នាំ​២០១៥ តាមរយៈ​យកឈ្នះ​ក្រុម Lao Toyota ២-០ ឈ្នះ​មី​យ៉ាន់​ម៉ា Yangon United ៣-០ និង​ឈ្នះ​វៀតណាម Becamex Binh Duong ៣-២ នា​ការប្រកួត​វគ្គ​ជម្រុះ​មុន​ចាញ់​ក្រុម​ជើង​ខាងលើ​។​



​ទោះបី​ក្រុម​ភ្នំពេញ​ក្រោ​ន​យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង ២-១ ក៏ដោយ តែ​ជ័យជម្នះ​នេះ​មិន​អាចជួយ​ក្រុម​នេះ​គ្រង​តំបន់ Top 4 ឡើយ​។ ភ្នំពេញ​ក្រោ​ន​បាន​ត្រឹម​ឈរ​លេខ​រៀង​ទី​៥​មើល​គូប្រជែង​ក្រសួងការពារជាតិ​ដែល​ចាញ់​អគ្គស្នងការ​នគរបាល​ជាតិ ២-១ លេង​នៅ​វគ្គ​៤​ក្រុម​ចុងក្រោយ​តែប៉ុណ្ណោះ​។ ការ​អាច​តោង​ឈរ Top 4 របស់​ក្រសួងការពារជាតិ​ដែលមាន​៤២​ពិន្ទុ​ស្មើ​ជាមួយ​ភ្នំពេញ​ក្រោ​ន​ដោយសារ​ក្រុម​នេះ​យកឈ្នះ​ទាំងពីរ​ប្រកួត​ក្នុងការ​ប្រកួត Head to Head​។ ចំណែក​ក្រុម​គ្រង​កំពូល​តារាង​អស់​ជាច្រើន​សប្តាហ៍​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​ធ្លាក់​ពី​កំពូល​តារាង​មកឈ​រលេ​ខ​រៀង​ទី​២​ដោយមាន​៤៦​ពិន្ទុ​។

​ក្រុម​ណាហ្គា​វើ​ល​បាន​រង​ការខកចិត្ត​ដោយ​ចាញ់​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ២-១ នា​ការប្រកួត​សប្តាហ៍​ចុងក្រោយ​ដែល​ធ្វើ​ឲ្យ​ក្រុម​នេះ​បាន​បាត់បង់​ឱកាស​ឡើងទៅ​ឈរ​លេខ​រៀង​ទី​២​បន្ត​ឈរ​លេខ​រៀង​ទី​៣​ដោយមាន​៤៥​ពិន្ទុ​។ ទោះបី​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​, ប៉ូលិស​, អគ្គិសនី​កម្ពុជា​, វេ​ស្ទើ​ន​ភ្នំពេញ និង​អាស៊ី​អឺរ៉ុប​អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​តែ​ក្រុម​ទាំងនេះ​បាន​បន្ត​រក្សាខ្លួន​ក្នុង​ក្របខណ្ឌ​លី​ក​កំពូល​មិន​ដូច​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា និង​គីរីវង់​សុខ​សែន​ជ័យ​ដែល​រង​ការ​កាត់ចេញ​នោះឡើយ​៕



Tag:
 បាល់ទាត់​
  បឹងកេត​
  ស្វាយរៀង​
  Toyota Mekong Club
© រក្សាសិទ្ធិដោយ thmeythmey.com