កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd នឹង​ទិញ Bale ពី Real តែ​ហ៊ានថ្លៃ​ពាក់កណ្តាល​កាល​ដាក់​ដើមរដូវ​កាល​
05, Dec 2017 , 1:53 pm        
រូបភាព

 Manchester United នឹង​ចុះហត្ថលេខា​នាំយក Gareth Bale ពី Real Madrid លើ​តម្លៃ​ខ្លួន​ត្រឹមតែ ៥០​លាន​ផោន ប្រហែល ៦៧​លាន​ដុល្លារ​ប៉ុណ្ណោះ ពោលគឺ​ក្លិប​យក្ស​នៅ​អេ​ស្ប៉ា​ញ​មួយ​នេះ​ត្រូវ​ខាត​ជិត​៥០​លាន​ដុល្លារ​។​



​សារព័ត៌មាន The Sun បាន​ផ្សាយ​ថា អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម លោក Jose Mourinho នៅតែមាន​ចំណាប់​អារ​ម្ម​ណ៏​នាំយក​ខ្សែបម្រើ វ័យ ២៨​ឆ្នាំ​រូបនេះ បើទោះបី​រូបគេ​ញាំញី​ដោយសារ​របួស​មិនសូវ​បានបង្ហាញ​ខ្លួន​ក៏ដោយ​។ ប៉ុន្តែ​យ៉ាងណា អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ ហ៊ានថ្លៃ​ត្រឹម​ពាក់កណ្តាល ១០០​លាន​ផោន តែប៉ុណ្ណោះ​។

Mourinho ធ្លាប់​បរាជ័យ​យក​អតីត​យុវជន​របស់ Southampton នេះ ម្តង​រួចមកហើយ​កាលពីដើមរ​ដូ វ​កាល​កន្លងទៅ ទោះ​ដាក់​តម្លៃ​១០០​លាន​ផោន ១៣៤​លាន​ដុល្លារ ក៏ដោយ​។ Bale នៅជាប់​កិច្ចសន្យា​ជាមួយ​ក្រុម​រហស្សនាម​អធិរាជ​ស​ដល់​ឆ្នាំ​២០២២ ដោយ​ទទួលបាន​ប្រាក់​ឈ្នួល ៣៥​ម៉ឺន​ផោន ជាង​៤៧​ម៉ឺន​ដុល្លារ​ក្នុង​១​សប្តាហ៍​។​



​ខ្សែបម្រើ​អន្តរជាតិ​វេ​លស៍​មាន​បញ្ជា​របួស ២៦​លើក​មកហើយ​ចាប់តាំងពី​ចូលរួម​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក La Liga ៣៣​សម័យកាល ក្រោយ​ចាក​ចេញពី Tottenham Hotspur កាលពី​ឆ្នាំ​២០១៣ ក្នុងតម្លៃ​កំណត់ត្រា​ក្លិប ៨៥​លាន​ផោន ប្រមាណ​១១៤​លាន​ដុល្លារ​។ ដោយសារ​មិនសូវ​បានបង្ហាញ​ខ្លួន​ជួយ​ក្រុម​នេះហើយ ទើប​ធ្វើ​ឲ្យ​រូបគេ ស្ថិតក្នុង​បញ្ជី​ត្រូវ​លក់​ចេញ​របស់ Zinedine Zidane ដើម្បី​ប្រមូលប្រាក់​ទិញយក​កីឡាករ​ល្អៗ​ដ៏ទៃទៀត​មក​ពង្រឹង​ក្រុម​ឡើងវិញ​។​

​កីឡាករ​ដែល​អ្នកចាត់កា​រ​សញ្ជាតិ​បារាំង ដាក់​គោលដៅ​នាំយកមក​ទឹកដី Santiago Bernabéu នៅពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកទ្វារ​នៅ​ដើមខែ​មករា​ខាងមុខនេះ​មានដូចជា អ្នកចាំទី David De Gea, Neymar និង Kevin De Bruyne ជាដើម​៕


Tag:
 បាល់ទាត់​
  Gareth Bale
  Manchester United
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com