ជាតិ
​​​ន​យោ​បាយ​ជាតិ​
តើ​អតីត​បក្ស​សង្គ្រោះ​ជាតិ អាច​សុំ​ឲ្យ​តុលាការ​កំពូល​ជំនុំជម្រះ​ឡើងវិញ ឬ​មិនអាច​?
11, Dec 2017 , 8:40 pm        
រូបភាព
ក្រុមអ្នកកាសែតជាតិនិងអន្តរជាតិជាច្រើននាក់ បាននាំគ្នាទៅប្រមូលផ្តុំនៅមុខតុលាការកំពូល ក្នុងថ្ងៃបើកសវនាការរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២0១៧
ក្រុមអ្នកកាសែតជាតិនិងអន្តរជាតិជាច្រើននាក់ បាននាំគ្នាទៅប្រមូលផ្តុំនៅមុខតុលាការកំពូល ក្នុងថ្ងៃបើកសវនាការរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២0១៧
​ភ្នំពេញ​៖ មេធាវី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​អះអាងថា អតីត​មេដឹកនាំ​គណបក្ស​ដែល​ត្រូវបាន​រំលាយ​នេះ នៅតែមាន​សិទ្ធិ ដើម្បី​សុំ​ឲ្យ​ជំនុំជម្រះ​ឡើងវិញ បើទោះបីជា​តុលាការ​កំពូល ចេញ​សាលដីកា​រំលាយចោល ដោយ​បិទផ្លូវ​តវ៉ា​ក៏ដោយ​។ ប៉ុន្តែ មេធាវី​ក្រសួងមហាផ្ទៃ រួមទាំង​អ្នកនាំពាក្យ​គណបក្សកាន់អំណាច ជំទាស់​ការលើកឡើង​ខាងលើ ហើយ​ឆ្លើយតប​ថា ទៅ​មិន​រួច​នោះទេ​។



​រយៈពេល​ជិត​មួយ​ខែ ក្រោយពី​រង​ការរំលាយចោល​ពី​សំណាក់​តុលាការ​កំពូល មេធាវី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​កំពូល ​ដើម្បី​ស្នើសុំ​ឲ្យ​មានការ​ជំនុំជម្រះ​ឡើងវិញ​។ ​កាលពី​ថ្ងៃទី​៨ ខែធ្នូ លោក អ៊ូ ច័ន្ទ​រ័ត្ន និង​លោក កង គឹម​ហាក់ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​លោក​មេធាវី ផែង ហេង បាន​យក​បណ្តឹង​ទៅ​ដា​ក់នៅ​តុលាការ​កំពូល។ អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​មួយចំនួន ដូចជា​លោក អ៊ូ ច័ន្ទ​រ័ត្ន លោក កង គឹម​ហាក់ លោក លោក ប៉ុល ហំ​ម លោក គីម​សួរ ភិ​រិ​ទ្ធ និង​ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ ជាដើម ដែល​បាន​ចុះហត្ថលេខា​លើ​ពាក្យបណ្តឹង​សុំ​សើរើ បានបង្ហាញការមិនសុខចិត្ត ដោយ​លើកឡើងថា កន្លងមក ពួកគេ មិនដែលត្រូវ​បាន​កោះហៅ​ឲ្យ​ចូលរួម​ទាញហេតុផល​ដោយផ្ទាល់​មាត់ នៅក្នុង​តុលាការ​កំពូល លើ​បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។

លោក ផែង ហេង ដែលជា​មេធាវី​តំណាង​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា យោងតាម​ក្រមនីតិវិធី​រដ្ឋប្បវេណី ជនរងគ្រោះ​នៅតែមាន​សិទ្ធិ ដើម្បី​សុំ​ឲ្យ​តុលាការ​កំពូល សើរើ​ឡើងវិញ​។​ ​លោក លើកឡើងថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ មាន​ភស្តុតាង និង​អង្គហេតុ​ថ្មី ក្នុង​ការដាក់​បណ្តឹង​ទៅកាន់​តុលាការ​កំពូល​។

លោកមេធាវី មាន​សុទិដ្ឋិនិយម​ខ្ពស់​ថា តុលាការ​កំពូល នឹង​យក​បណ្តឹង​នេះ​ទៅ​ពិចារណា ហើយ​បើកសវនាការ ដើម្បី​ធ្វើ​សេចក្តីសម្រេច​ឡើងវិញ​។​ ​លោក​ បានបង្ហាញ​ក្តីសង្ឃឹម​យ៉ាង​ដូច្នេះ​៖«​បើ​តុលាការ​កំពូល ផ្អែកទៅលើ​ផលប្រយោជន៍​ច្បាប់ និង​គិតគូរ​ពី​ផលប្រយោជន៍​ជាតិ ហើយ​ដោះស្រាយ​ឲ្យ​គូភាគី​ម្ខាង​ទៀត បាន​អស់ចិត្ត បាន​ស្ងប់​ក្នុងការ​ទទួលយក​យុត្តិធម៌ ពី​តុលាការ​ឯករាជ្យ ខ្ញុំ​ជឿជាក់​១00​ភាគរយ​ថា តុលាការ នឹង​យក​រឿង​ហ្នឹង​មក​ជំនុំជម្រះ​សាជាថ្មី​»​។​

​លោក គី តិច និង​លោក លី ច័ន្ទ​តុលា ដែលជា​មេធាវី​តំណាង​ឲ្យ​ក្រសួងមហាផ្ទៃ បកស្រាយ​ផ្ទុយ​ពី​មេធាវី​តំណាង​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ មេធាវី​ទាំងពីរ មើលមិនឃើញ​ចំណុច​វិជ្ជមាន ឬ​ច្រក​ណាមួយ ដែល​នាំ​ឲ្យ​តុលាការ​កំពូល បើកសវនាការ ដើម្បី​ជំនុំជម្រះ​សាជាថ្មី តាម​ការទាមទារ​ខាងលើ​នោះទេ​។

​លោក​មេធាវី លី ច័​ន្ទតុលា យល់ស្រប​ថា ការដាក់​បណ្តឹង​សើរើ គឺមាន​ចែង​ក្នុង​ច្បាប់ ហើយ​តុលាការ​កំពូល ក៏​អាច​យកទៅ​ពិនិត្យ​ដែរ​។ ប៉ុន្តែ លោក លើកឡើងថា សម្រាប់​ករណី​ខាងលើ ដែល​សុំ​ឲ្យ​តុលាការ​កំពូល សើរើ និង​បើកសវនាការ​ឡើងវិញ គឺ​មិនអាច​ឡើយ ព្រោះ​ហេតុផល​នៃ​ការ​ដាក់បណ្តឹង​ មិន​សមរម្យ​។

​លោក​មេធាវី លី ច័ន្ទ​តុលា លើក​ហេតុផល​បែបនេះ​ថា​៖«​សម្រាប់​ការវិភាគ​របស់ខ្ញុំ ខ្ញុំ​ឃើញថា អ្នក​ដែល​ដាក់​ពាក្យសុំ​ជំនុំជម្រះ​សាជាថ្មី​នេះ គឺ​មិនមាន​គុណ​ស​ម្ប​តិ្ត​តាមផ្លូវ​ច្បាប់​ទេ​។ តាម​នីតិវិធី តុលាការ​កំពូល អត់​ចាំបាច់​បើកសវនាការ​ជំនុំជម្រះ​ទេ គឺ​តុលាការ​កំពូល អាច​សម្រេច ដោយ​មិនចាំបាច់​បើកសវនាការ​តែម្តង​»​។​

​អ្នក​ដែល​សុំ​ឲ្យ​សើរើ​ឡើងវិញ បាន​សរសេរ​ក្នុង​ពាក្យបណ្តឹង​ថា​ជា​ជនរងគ្រោះ មិនមែនជា គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។ នេះ​ជា​មូលហេតុ​ចម្បង ដែល​លោក លី ច័ន្ទ​តុលា អះអាងថា បណ្តឹង​ខាងលើ មិន​ត្រឹមត្រូវ​និង​មិន​សម​ហេតុផល​។ លោក និយាយ​ដូច្នេះ​ថា​៖«​ភាគី​នៅក្នុង​សំណុំរឿង គឺ​គណបក្ស​សង្គ្រោះ​ជាតិ​។ [​ប៉ុន្តែ​] គាត់​ដាក់ថា​ជា​ជនរងគ្រោះ គឺ​វា​អត់​ពាក់ព័ន្ធ​នៅក្នុង​សំណុំរឿង​ហ្នឹង ពីព្រោះ​ភាគី​នៅក្នុង​សំណុំរឿង​ហ្នឹង ដែល​សំខាន់​ជាងគេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​»​។​

​លើសពីនេះ លោក លី ច័ន្ទ​តុលា  បាន​បន្ទោស​ថា មុន​បើកសវនាការ តុលាការ​កំពូល បាន​បង្គាប់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ឯកសារ​និង​ពឹងពាក់​មេធាវី ដើម្បី​តតាំង​តាមផ្លូវ​ច្បាប់ តែកាលនោះ ​គណបក្ស​សង្គ្រោះ​ជាតិ មិន​អើពើ​។ សម្រាប់​លោក លី ច័ន្ទ​តុលា វា មិន​ទំនង​សោះឡើយ ដែល​មកដល់ពេលនេះ អ្នក​ដាក់​បណ្តឹង​ខាងលើ បែរជា​លើកឡើងថា តុលាការ​កំពូល មិនបាន​ផ្តល់ឱកាស​ឲ្យ​ទៅវិញ​។

​មិនមែនត្រឹមតែ​មេធាវី​តំណាង​ឲ្យ​ក្រសួងមហាផ្ទៃប៉ុណ្ណោះទេ សូម្បីតែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក៏​យល់ថា ការបើក​សវនាការ​ឡើង​វិញ គឺទៅ​មិន​រួច​ដែរ​។ លោក បាន​បង្ហោះ​សារ​ទៅកាន់​ក្រុមអ្នកកាសែត​នៅក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម (Telegram) ថា យោងតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ការ​កាត់សេចក្តី​របស់​តុលាការ​កំពូល គឺ​បិទផ្លូវ​តវ៉ា ដូច្នេះ សាលដីកា​របស់​តុលាការ​កំពូល ត្រូវ​ចូល​ជា​ធរមាន​ភ្លាម បន្ទាប់ពីប្រកាស​។​

​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ ចំអក​ឲ្យអតីត​គណបក្ស​ប្រឆាំង​យ៉ាង​ដូច្នេះ​ថា​៖«​នាវា បាន​ចាក​ចេញពី​កំពង់ផែ​ហើយ គ្មាន​ថ្ងៃ​វិល​វិញ​ឡើយ​»​។

​លោក សុខ សំអឿន មេធាវី​ល្បីល្បាញ​មួយ​រូប ដែល​មិន​ស្ថិតនៅក្រោម​ការពឹង​ពាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ក្រសួងមហាផ្ទៃ បាន​ពន្យល់ថា ច្បាប់​អនុញ្ញាត​ឲ្យ​មានការ​ប្តឹង​សើរើ ហើយ​តុលាការ​កំពូល ក៏​អាច​បើកសវនាការ ដើម្បី​ជំនុំជម្រះ​សាជាថ្មី​ដែរ​។ ប៉ុន្តែ លោក សង្កត់ធ្ងន់ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដាក់​បណ្តឹង​សើរើ ហើយ​ចង់​ឲ្យ​តុលាការ​កំពូល​ជំនុំជម្រះ​ឡើងវិញ ត្រូវតែមាន​ភស្តុតាង​ថ្មី​និង​គ្រប់គ្រាន់​។​

​លោក​មេធាវី ដែលមាន​បទពិសោធ​យូរ​ឆ្នាំ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« តុលាការ​កំពូល​មិនមែន​ចេះតែ​សើរើ​ទេ​។ លុះត្រា​តែមាន​ភស្តុតាង​ថ្មី​គ្រប់គ្រាន់​។ តុលាការ​កំពូល សម្រេច​ពីរដង​។ ទីមួយ សម្រេច​ថា តើ​ការសើរើ​ហ្នឹង មាន​មូលហេតុ និង​សម​ហេតុ​សម​ផល​អត់​? លើក​ទី​ពីរ  ទើប​បើកសវនាការ​សា​ថ្មី​»​។

​លោក អ៊ុក គឹម​សិទ្ធិ អគ្គ​ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​នៃ​មហាអយ្យការ​អម​តុលាការ​កំពូល លើកឡើងថា តុលាការ​កំពូល នឹង​ពិចារណា​ពី​បណ្តឹង​សើរើ​នេះ​។ ប៉ុន្តែ ការសវនាការ​សាជាថ្មី​ឬ​យ៉ាងណា​នោះ លោក​មិនអាច​បញ្ជាក់បាន​ឡើយ ដោយ​លោក បានប្រាប់​ឲ្យ​រង់ចាំមើល​ទាំងអស់គ្នា ចំពោះការសម្រេច​របស់​តុលាការកំពូល នាពេលខាងមុខ​។

​អគ្គ​ព្រះរាជអាជ្ញារង​រូបនេះ និយាយថា​៖«​យើង​បានទទួល​ពាក្យបណ្តឹង និង​បាន​ដាក់ជូន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​ហើយ ដើម្បី​ពិចារណា​ទៅតាម​ច្បាប់​។ ខ្ញុំ មិន​ពន្យល់​ពី​យោបល់​ខ្ញុំ​ផ្ទាល់​ទេ ដោយ​ចាំ​ឲ្យ​តុលាការ ចេញ​សេចក្តីសម្រេច​សិន ទើប​ខ្ញុំ​អាច​បញ្ជាក់បាន​»​។

​អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បាន​លើ​ឡើង​ក្នុង​បណ្តឹង​ថា តុលាការ​កំពូល បានសម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ​យ៉ាង​តក់ក្រហល់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ មិនបាន​ដឹង និង​មិនអាច​ប្រើប្រាស់​មធ្យោបាយ ដើម្បី​ការពារ​ខ្លួន​តាមផ្លូវ​ច្បាប់​។ ពួកគេ​សរសេរ​ក្នុង​ពាក្យបណ្តឹង​ថា​៖«​តុលាការ​កំពូល បានចេញ​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​ឲ្យ​ខូចប្រយោជន៍​របស់​យើងខ្ញុំ​យ៉ាងធ្ងន់ធ្ងរ​បំផុត ដោយ​យើងខ្ញុំ មិនបាន​ដឹង​អ្វី​សោះ​នៅក្នុង​សំណុំ​រឿងនេះ​។ ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺជា​ការរំលាយ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ទូទាំងប្រទេស និង​ប៉ះពាល់​ដល់​ឆន្ទៈ​ម្ចាស់ឆ្នោត​ស្ទើរ​ពាក់កណ្តាល​ប្រទេស​។ ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺជា​ការសម្រេច​ដោយ​ភាន់ច្រឡំ​យ៉ាងធ្ងន់ធ្ងរ​បំផុត​របស់​តុលាការ​កំពូល​»​។​

​យ៉ាងណា អ្នក​ខាងលើ ទទួលស្គាល់ថា កន្លងមក តុលាការ​កំពូល ពិតជា​បានចេញ​ដីកា បង្គាប់​ឲ្យ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ឯកសារ​នានា  ដើម្បី​តតាំង​។ ប៉ុន្តែ​ពួកគេ បកស្រាយ​ទៅវិញ​ថា លោក កឹម សុខា មិនអាច​ធ្វើតាម​ការបង្គាប់​នេះ​បានឡើយ ព្រោះ​លោក កឹម សុខា កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​។ ដូច្នេះ សម្រាប់​ក្រុម​អតីត​អ្នកតំណាងរាស្ត្រ​ទាំងនោះ យល់ថា លោក កឹម សុខា​ពុំមាន​លទ្ធភាព​ប្រមូល​និង​ផ្តល់​ភស្តុតាង ជូន​តុលាការ​កំពូល​នោះទេ​។ ពាក្យបណ្តឹង បាន​បញ្ជាក់ថា​៖«​នៅក្នុង​ពន្ធនាគារ ឯកឧត្តម កឹម សុខា មិនមាន​សិទ្ធិសរសេរ​លិខិតស្នាម ចុះហត្ថលេខា ឬ​ផ្តិតមេដៃ​ឡើយ បើ​ពុំមាន​ការអនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​»​។​

​ដោយមាន​ក្រសួងមហាផ្ទៃ ជាដើម​បណ្តឹង តុលាការ​កំពូល បាន​បើកសវនាការ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ហើយក៏​សម្រេច​ចេញ​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល និង​ហាម​ថ្នាក់ដឹកនាំ​១១៨​នាក់ នៃ​គណបក្ស​នេះ ក្នុង​ការធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។ ក្រោយ​ត្រូវបាន​រំលាយចោល​រួចហើយ អាសនៈ​នៅ​គ្រប់លំដាប់​ថ្នាក់​ទាំងអស់​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រួមមាន អាសនៈ​ជា​សមាជិក​រដ្ឋសភា អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត យកទៅ​បែងចែក​ឲ្យ​គណបក្ស​ដទៃ​៕
  




Tag:
 CNRP
  CPP
  មេធាវី​
  តុលាការ​កំពូល​
  សើរើ
© រក្សាសិទ្ធិដោយ thmeythmey.com