កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao សង្ឃឹមថា​ចិន​នឹងមាន​កីឡាករ​លំដាប់​ពិភពលោក ក្រោយ​បើក​សាលា​ប្រដាល់​នៅ​ប៉េកាំង​
13, Dec 2017 , 9:39 am        
រូបភាព
​ស្តេច​ប្រដាល់​អាស៊ី Manny Pacquiao សង្ឃឹមថានឹង​ជួយ​ឲ្យ​វិស័យ​កីឡាប្រដាល់​សកល​ចិន ​រីកចម្រើន​ដល់​លំដាប់​ពិភពលោក បន្ទាប់ពី​បង្កើត​សាលាបង្រៀន​ប្រដាល់​មួយកន្លែង​ ក្នុង​ទីក្រុង​ប៉េកាំង​។​

 


សារព័ត៌មាន Rappler ផ្សាយថា ​អ្នក​ប្រដា​ល់ស​ញ្ជ​ាតិ​ហ្វីលីពីន វ័យ​៣៨​ឆ្នាំ រួមជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​កីឡា​ចិន Dancing Sports បានរៀបចំ​ពិធី​ចុះហត្ថលេខា​មួយ ​ដែល​រួមមាន​ផែនការ​សាងសង់​សាលា​ប្រដាល់​ មានឈ្មោះ​ថា Manny Pacquiao International Boxing Academy ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ចិន​។​

​សាលាបង្រៀន​នេះ ​នឹង​ប្រើប្រាស់​គ្រូបង្វឹក​ពី​បរទេស​ដើម្បី​ជួយ​អភិវឌ្ឍ​កីឡាករ​ប្រដាល់​ចិន ​ដែល​មិន​ធ្លាប់មាន​ឈ្មោះ​បោះ​សំឡេង ​លើ​ឆាក​អន្តរជាតិ​ពីមុនមក​។ ​

លោក Zhou Wenxin ប្រធាន​ក្រុមហ៊ុន Dancing Sports បាន​លើកឡើងថា ការចងភ្ជាប់​គ្នា​រវាង​ភាគី​ទាំងពីរ នឹង​ធ្វើអោយ​ទំនាក់ទំនង​ចិន​ និង​ហ្វីលីពីន​ កាន់តែ​ស៊ីជម្រៅ​ក្នុង​វិស័យ​កីឡា​ប្រដាល់សកល​។​

​ផែនការ​បើក​សាលា​របស់​ម្ចាស់​ខ្សែក្រវាត់​៨​ស្ថាប័ន​ នៅក្នុង​ប្រទេស​ចិន ​ត្រូវ​បានប្រកាស​ជា​លើកដំបូង​កាលពី​ឆ្នាំ ២០១៤ ហើយ Pacquiao ធ្លាប់​អះអាង​ដោយ​ជឿជាក់ថា ភាពជា​ដៃគូ​នេះ ​អាចជួយ​កាត់បន្ថយ​កំដៅ​នយោបាយ ​រវាង​ហ្វីលីពីន ​និង​ចិន​ ដែល​បាន​ចូលរួម​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។​

​ចាប់តាំងពី​ពេលនោះ​មក ​ទំនាក់ទំនង​បាន​ប្រសើរឡើង​គួរ​ឲ្យ​កត់សម្គាល់​ នៅក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ហ្វីលីពីន​បច្ចុប្បន្ន​ គឺ​លោក​រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ (Rodrigo Duterte) ។​

​មាន​សំណួរសួរថា ហេតុអ្វី ​កំពូល​អ្នក​ប្រដាល់​រួប​នេះ ​មិនបង្កើត​សាលា​នៅ​ប្រទេស​ខ្លួន​ជាមុនសិន ​មុននឹង​បើក​នៅក្រៅ​ប្រទេស​? Pacquiao ដែលជា​វីរបុរស​ម្នាក់​ នៅក្នុង​ប្រទេស​កំណើត និង​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​ផង​ បាន​និយាយថា​៖«​នៅ​ហ្វីលីពីន​យើង ​មិនមាន​បញ្ហា (​ផលិត​អ្នក​ប្រដាល់​ល្អ​) ទេ ដូច្នេះ​ការសម្រេច​បើក​សាលាបង្រៀន​នៅក្រៅ​ប្រទេស​ ជា​រឿង​ល្អ​បំផុត​»​។​

​នៅពេលនោះ​ហើយ ​ដែល​អ្នក​ប្រដាល់​រហស្សនាម PacMan បាន​ការពារ​ការសម្រេច​ចិត្ត ​បើក​សាលា​ប្រដាល់​នៅក្នុង​ប្រទេស​ចិន​ ជំនួស​ឲ្យ​ប្រទេស​របស់ខ្លួន​៕



Tag:
 ប្រដាល់​
  Manny Pacquiao
© រក្សាសិទ្ធិដោយ thmeythmey.com