Real Madrid បានឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup ក្រោយយកឈ្នះក្រុមមកពីអេមីរ៉ាតអារ៉ាប់រួម Al Jazira ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នារាត្រីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៧។
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ជាអ្នករកគ្រាប់បាល់តាមស្មើ ១-១ ក្នុងតង់ទី២ នាទី៥៣ ក្រោយពេលខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Romarinho ស៊ុតបញ្ចូលទី១គ្រាប់ឲ្យ Al Jazira នាំមុខ Real Madrid នៅតង់ទី១ នាទី៤១។
ក្រុមជើងឯកពីទ្វីបអឺរ៉ុបបានបន្តការវាយសម្រុកយ៉ាងខ្លាំងទៅលើក្រុមជើងឯកពីតំបន់អាស៊ី រហូតធ្វើបានសម្រេចគ្រាប់បាល់ជ័យជម្នះនៅនាទី ៨១ ដោយខ្សែបម្រើ Gareth Bale។ ចប់ការប្រកួត Real Madrid យកឈ្នះ Al Jazira ២-១។
ជ័យជម្នះនេះបានធ្វើឲ្យក្រុមការពារតំណែងជើងឯកកាលពីឆ្នាំមុន Real Madrid ឡើងទៅជួប Gremio ក្រុមមកពីប្រេស៊ីលក្នុងវគ្គផ្តាច់ព្រ័ត្រដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ១៧ ខែធ្នូ ខាងមុខនេះ។
ក្រុមរហស្សនាមអធិរាជសធ្លាប់ឈ្នះពាន FIFA Club World Cup ពីរដងមកហើយ គឺនៅក្នុងឆ្នាំ ២០១៤ និង២០១៦ ហើយប្រសិនបើឈ្នះលើកនេះម្តងទៀត បានន័យថាក្រុមដែលដឹកនាំដោយអ្នកចាត់ការសញ្ជាតិបារាំង Zinedine Zidane មួយនេះនឹងតាមស្មើកំណត់ត្រា Barcelona ដែលឈ្នះ៣ដងរួចមកហើយ៕