Manchester City នៅតែអាចរក្សាភាពខ្លាំងរបស់ខ្លួនដោយមិនស្គាល់ចាញ់សោះក្នុងចំណោម១៧ប្រកួតនៅ Premier League ក្រោយយកឈ្នះ Swansea City ៤-០ នៅរាត្រីថ្ងៃទី ១៣ ខែធ្នូ។ ជ័យជម្នះ១៥ប្រកួតជាប់គ្នារបស់ក្រុមមានមូលដ្ឋានក្នុងក្រុង Manchester នេះ អាចបំបែកកំណត់ត្រាចាស់របស់ Arsenal ដែលធ្លាប់ឈ្នះ១៤ប្រកួតជាប់គ្នាក្នុងលីកលំដាប់កំពូលអង់គ្លេស។
ក្រុមរហស្សនាមមេឃខៀវនៅតែបន្តគំលាត១១ពិន្ទុលើក្រុមលេខ២ Manchester United ដរដែល បន្ទាប់ពីបង្ហាញខ្លួនក្នុងក្របខណ្ឌកំពូលក្នុងស្រុក ១៧ ប្រកួត ឈ្នះ ១៦ និងស្មើ១ ឈរនៅកំពូលតារាង មាន៤៩ពិន្ទុ។
ក្រោយឈ្នះ Swansea ៤-០ ក្នុងទឹកដី Liberty ដែលធ្វើបានដោយ David Silva ២គ្រាប់ Kevin de Bruyne មួយគ្រាប់ និង Sergio Aguero មួយគ្រាប់ បានជួយឲ្យក្រុមដែលដឹកនាំដោយអ្នកចាត់ការ Pep Guardiola បង្កើតកំណត់ត្រាថ្មីនៅ Premier League ជាមួយនឹងជ័យជម្នះ ១៥ប្រកួតជាប់គ្នា និងបំបែកកំណត់ត្រាចាស់របស់ក្រុមកាំភ្លើងធំ Arsenal ដែលធ្វើបាន ១៤ប្រកួតជាប់គ្នាកាលពី១៥ឆ្នាំមុន ពោលគឺក្នុងរដូវកាល ២០០២-២០០៣។
Manchester City ធ្លាប់ស្មើតែ១ប្រកួតប៉ុណ្ណោះក្នុងលីកលំដាប់កំពូលអង់គ្លេស នាជំនួបក្នុងសប្តាហ៍ទី២ ជាមួយ Everton ក្រៅពីនោះគឺឈ្នះទាំងអស់។
តើម្ចាស់ជើងឯក Premier League ឆ្នាំ ២០១២ និង ២០១៤ អាចរក្សាភាពមិនដែលចាញ់របស់ខ្លួនក្នុងរដូវកាលនេះបានដែរឬទេ? ហើយថាតើក្រុមមួយដែលអាចបញ្ឈប់គេបាន?៕
ខាងក្រោមនេះ ជាប្រវត្តិកំណត់ត្រាឈ្នះការប្រកួតជាប់គ្នាក្នុងក្របខណ្ឌ Premier League កន្លងមក៖
-Arsenal ឈ្នះ១៤ប្រកួតជាប់គ្នា ចាប់ពីខែកុម្ភៈ ដល់សីហា ឆ្នាំ២០០២
-Chelsea ឈ្នះ១៣ប្រកួតជាប់គ្នា ចាប់ពីខែតុលា ដល់ធ្នូ ឆ្នាំ ២០១៦
-Manchester United ឈ្នះ១២ប្រកួតជាប់គ្នា ចាប់ពីខែមីនា ដល់សីហា ឆ្នាំ២០០០
- Chelsea ឈ្នះ១១ប្រកួតជាប់គ្នា ចាប់ពីខែមេសា ដល់កញ្ញា ឆ្នាំ ២០០៩