កីឡាអន្តរជាតិ
អន្តរជាតិ
FA ពិន័យ Lanzini ២ប្រកួតដោយសារធ្វើពុតដួលលើទីលាន
× Manuel Lanzini ខ្សែប្រយុទ្ធរបស់ West Ham ជាកីឡាករទីពីរក្នុងក្របខណ្ឌ Premier Leagueដែលត្រូវរងពិន័យដោយសារធ្វើពុតជាដួល (Diving) បំភាន់ភ្នែកអាជ្ញាកណ្តាលដើម្បីបានបាល់ពិន័យ។
ទីភ្នាក់ងារសារព័ត៌មាន AFP ផ្សាយថា ក្នុងអំឡុងការប្រកួតក្របខណ្ឌលីកកំពូលអង់គ្លេសដែលក្រុមរហស្សនាមញរញួធំ យកឈ្នះ Stoke City ៣-០ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lanzini បានប៉ះទង្គិតជាមួយខ្សែការពារ Erik Pieters ហើយធ្វើពុតជាដួលក្នុងតំបន់គ្រោះថ្នាក់ដោយទទួលបានបាល់ពិន័យ១១ម៉ែត្រដែលទាត់បញ្ចូលទីដោយ Mark Noble។
ករណីនេះបានធ្វើឲ្យកីឡាករ វ័យ២៤ឆ្នាំ ត្រូវរងពិន័យពីសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស FA ចំនួន២ប្រកួតសម្រាប់ការប្រកួតក្នុងក្របខណ្ឌកំពូលអង់គ្លេស គឺពេលប៉ះជាមួយ Arsenal និង Newcastle។
FA បានប្រកាសដាក់ឲ្យប្រើប្រាស់ច្បាប់ថ្មីចាប់ពីរដូវកាល ២០១៧-២០១៨ នេះតទៅ ដោយដាក់ពិន័យកីឡាកររូបណាដែលធ្វើពុតដួលក្នុងទីលានបោកភ្នែកអាជ្ញាកណ្តាលឲ្យពិន័យទៅលើគូប្រជែង ដើម្បីទទួលបានកាតក្រហម ឬកាតលឿងទី២ និងបាល់ពិន័យ១១ម៉ែត្រ។
Lanzini ជាកីឡាករទី២ហើយដែលត្រូវសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសពិន័យ ក្រោយពេលខ្សែប្រយុទ្ធ Oumar Niasse របស់ Everton ត្រូវបានពិន័យលើកដំបូងគេបង្អស់សម្រាប់ច្បាប់ថ្មីក្នុងលីកទីមួយអង់គ្លេសនេះ៕
Tag:
បាល់ទាត់
FA
ធ្វើពុតដួល
© រក្សាសិទ្ធិដោយ thmeythmey.com