កីឡាអន្តរជាតិ
អន្តរជាតិ
Swansea ចង់បាន Louis van Gaal ក្រោយបញ្ចប់តំណែង Paul Clement
× Swansea City បានបញ្ឈប់តំណែងលោក Paul Clement ជាអ្នកចាត់ការទូទៅហើយនៅថ្ងៃពុធ ទី២០ ខែធ្នូនេះ បន្ទាប់ពីដឹកនាំក្រុមមិនបានល្អ ស្ថិតនៅបាតតារាងនៃក្របខណ្ឌ Premier League។ ក្លិបដែលមានមូលដ្ឋានក្នុងប្រទេសវែលស៍នេះ កំពុងសម្លឹងមើលអ្នកដឹកនាំថ្មី ដោយដាក់គោលដៅលើអតីតអ្នកចាត់ការ Manchester United លោក Louis van Gaal។
ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអង់គ្លេស វ័យ៤៥ឆ្នាំ ចាប់ពីដើមរដូវមក Swansea ឈ្នះតែ៣ប្រកួតប៉ុណ្ណោះ ក្នុងចំណោម១៨ប្រកួតនៃលីកកំពូលអង់គ្លេស មាន១២ពិន្ទុប្រឈមនឹងការកាត់ចោលទៅលីកទី២រដូវកាលក្រោយ។
លទ្ធផលមិនសមប្រកបនេះបានធ្វើឲ្យលោកប្រធានក្លិប Huw Jenkins បង្ខំចិត្តដកអតីតជំនួយការលោក Carlo Ancelotti កាលពីនៅដឹកនាំ Chelsea, Real Madrid និង Bayern Munich និងផ្តល់ឱកាសឲ្យអ្នកថ្មី ដើម្បីស្តារស្ថានការណ៍ក្រុមឡើងវិញ។ ក្រៅពីនោះ ជំនួយការរបស់លោក Clement ពីររូបរួមមានលោក Nigel Gibbs និង Karl Halabi ក៏បានចាកចេញពីក្រុមដែរ។
ក្លិបដែលស្ថិតនៅប្រទេសវេលស៍មួយនេះ ក៏បានប្រកាសដែរថា ខ្លួននឹងផ្តល់ព័ត៌មានបន្ថែមជុំវិញការតែងតាំងគ្រូថ្មី ក្នុងរយៈពេល២៤ម៉ោងទៀត។
បើតាមការផ្សាយរបស់ DailyStar ក្លិប Swansea កំពុងព្យាយាមបញ្ចុះបញ្ចូលលោក Louis van Gaal ឲ្យចូលកាន់តំណែងនេះដើម្បីជួយក្រុមឡើងទៅតំបន់សុវត្ថិភាពវិញ។
អ្នកចាត់ការសញ្ជាតិហូឡង់ វ័យ៦៦ឆ្នាំរូបនេះ ក៏ធ្លាប់បានប្រាប់ពីការវិលត្រឡប់ទៅកាន់ Premier League ដែរកាលពីចុងសប្តាហ៍កន្លងទៅ។
អតីតអ្នកចាត់ការ Barcelona និង Bayern Munich បានលើកឡើងថា៖«ខ្ញុំធ្លាប់និយាយថាខ្ញុំប្រហែលជាមិនត្រឡប់ទៅដឹកនាំក្រុមណាទៀតទេ ប៉ុន្តែខ្ញុំមានករណីលើកលែងមួយ។ ប្រសិនបើក្លិបអង់គ្លេសដ៏ធំមួយផ្តល់ឱកាសឲ្យខ្ញុំ ខ្ញុំនឹងធ្វើវា។ នេះដោយសារកាលពីមុនខ្ញុំបានឱកាសដឹកនាំ Manchester United ម្តងរួចមកហើយ»។
ក្រៅពី Van Gaal សមាសភាពពីររូបផ្សេងទៀតដូចជា Slaven Bilic និង Ronald Koeman ក៏នឹងអាចឡើងមកដឹកនាំ Swansea ផងដែរ៕
Tag:
បាល់ទាត់
Swansea City
Paul Clement
© រក្សាសិទ្ធិដោយ thmeythmey.com