ជាតិ
សេដ្ឋកិច្ច
WB៖ ភ្នំពេញ​ត្រូវការ​កែលំអ ដើម្បី​ចៀសវាង​ការ​រាលដាល​នៃ​ភាព​គ្មាន​សណ្ដាប់ធ្នាប់​
22, Dec 2017 , 10:05 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បន្ទាប់ពី​បាន​លូតលាស់​ដ៏​ឆាប់រហ័ស​ក្នុង​រយៈពេល ១០​ឆ្នាំកន្លងមក ដែល​បានរួម​ចំណែក​បង្កើន​ឱកាស​ការងារ និង​កាត់បន្ថយ​ភាពក្រីក្រ រាជធានី​ភ្នំពេញ​ត្រូវ​ការកែលំអ​ជាច្រើន​ទៀត​។ នេះ​បើតាម​របាយការណ៍​រប​ស់​ធនាគារពិភពលោក (World Bank) ស្ដីពី​ការអភិវឌ្ឍ​ទីក្រុង​ក្នុង​រាជធានី​ភ្នំពេញ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២០​ខែធ្នូ ដែល​បាន​លើកឡើងថា ការលើកកម្ពស់​ផែនការ ការគ្រប់គ្រង និង​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង គឺជា​ការ​រឿង​ចាំបាច់ ដើម្បី​បញ្ចៀស​ការរីក​រាលដាល​នៃ​ភាព​គ្មាន​សណ្ដាប់ធ្នាប់ ការស្ទះ​ចរាចរណ៍ និង​ការបំពុល​ផ្សេងៗ​។



​របាយការណ៍​ខាងលើនេះ ឲ្យ​ដឹងថា ទីក្រុង​ភ្នំពេញ​ប្រឈម​បញ្ហា​ជាច្រើន​ក្នុង​ការផ្ដល់សេវា​មូលដ្ឋាន ដែល​រួមមាន​ប្រព័ន្ធ​បង្ហូរ​ទឹកស្អុយ ស្ថានីយ​កែច្នៃ​ទឹកស្អុយ សេវា​ដឹកជញ្ជូន​សាធារណៈ និង​ការ​គ្រប់​កាកសំណល់​រឹង​។  ការគ្រប់គ្រង និង​ការផ្ដល់​ហិរញ្ញប្បទាន​លើ​ការរៀបចំ​ទីក្រុង អភិបាលកិច្ច និង​ការផ្ដល់សេវា ក៏​ជួប​បញ្ហា​ប្រឈម​ផងដែរ​។​

​របាយការណ៍​នេះ បន្ថែមថា ទោះបី​មានដំណើរ​ការរៀបចំ​ក្រុង​ដែលមាន​ស្រាប់​ក៏ដោយ ក៏​ការផ្ដល់​ហិរញ្ញប្បទាន និង​សមត្ថភាព​បច្ចេកទេស ជា​ញឹកញាប់ បង្ក​នូវ​ឧបសគ្គ​ជាច្រើន​ដល់​ផែនការ​អភិវឌ្ឍ​ទីក្រុង ទីតាំង និង​ផែនការ​ប្រើប្រាស់​ដី ជាពិសេស នៅ​ថ្នាក់​ខណ្ឌ និង​សង្កាត់​។​

​លោកស្រី Inguna Dobraja  នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា មានប្រសាសន៍​ដូច្នេះ​ថា​៖«​ភ្នំពេញ​ប្រឈម​នឹង​ឱកាស​ដ៏​សំខាន់​មួយ​ក្នុងការ​កែខៃ​ទីក្រុង​ជា​វិជ្ជមាន​មួយ​សម្រាប់​អនាគត​របស់ខ្លួន ការបង្កើត​ការងារ​ឲ្យ​បាន​ច្រើន​ថែមទៀត និង​ការបង្ក​លទ្ធភាព​ឲ្យ​មាន​សេវាកម្ម​កាន់តែ​ប្រសើរ​ជាង​មុន​»​។ លោកស្រី​បន្ថែមថា​៖«​ការអភិវឌ្ឍន​ទីក្រុង​ដែលមាន​ការគ្រប់គ្រង និង​រៀបចំ​ផែនការ​បានល្អ អាចជួយ​ធ្វើ​ឲ្យ​ទីក្រុង​មាន​ភាពល្បីល្បាញ​ក្នុងការ​ធានា​ឲ្យ​មាន​ស្ដង់ដារ​រស់នៅ​ប្រសើរ​សម្រាប់​អនាគត​មនុស្ស​ជំនាន់​ក្រោយ​»​។​

​ធនាគារពិភពលោក បានផ្ដល់​អនុសាសន៍​មួយចំនួន ដើម្បី​លើកកម្ពស់​ទីក្រុង​ភ្នំពេញ ឲ្យ​មាន​និរន្តរភាព និង​កាន់​តែមាន​ភាព​ប្រកួតប្រជែង​។ ធនាគារ​ន​នេះ បាន​ណែនាំ​ឲ្យ​កែលម្អ​ស្ថាប័ន និង​អភិបាលកិច្ច ដើម្បី​ឲ្យ​ទីក្រុង​អាច​អភិវឌ្ឍ​ទៅបាន​ប្រកបដោយ​ភាព​សុខដុម និង​ប្រសិទ្ធភាព​ជាង​មុន​។ ទន្ទឹមនឹងនេះ ភ្នំពេញ​ត្រូវ​កែលម្អ​ផែនការ​រៀបចំ​ទីក្រុង និង​ការអនុវត្ត​ផែនការ តាមរយៈ​ការបង្កើត​បទដ្ឋាន​គតិ​យុទ្ធ ក្របខណ្ឌ​ច្បាប់ និង​ពង្រឹង​ផែនការ​រៀបចំ​ទីក្រុង​ដែលមាន​ស្រាប់​។ លើសពីនេះ របាយការណ៍​បាន​ប្រាប់​ឲ្យ​មានការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ដែល​ប្រកបដោយ​និរន្តរភាព ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ និង​ភាព​ប្រកួតប្រជែង​។ ចុងក្រោយ របាយការណ៍​បាន​ណែនាំ​ឲ្យ​មានការ​ធានាថា​ការរៀបចំ​ទីក្រុង ដែល​គិតគូរ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ចៀសវាង​វិសមភាព​៕


Tag:
 ភ្នំពេញ​
  ធនាគារពិភពលោក​
© រក្សាសិទ្ធិដោយ thmeythmey.com