ជាតិ
កម្ពុជា​នឹងមាន​ភ្លៀង​ស្ទើរ​ទូទាំងប្រទេស ពីថ្ងៃ​ទី​២៦-២៨​ធ្នូ
23, Dec 2017 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
 ​ភ្នំពេញ​៖ កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម ទៅ​ច្រើន ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​២៨ ខែធ្នូ ដោយសារ​ឥទ្ធិពល​ព្យុះ​ទី​២៧ ឈ្មោះ តឹ​ម​ប៊ិន​(TS TEMBIN) ដែល​នឹងធ្វើ​ដំណើរ​ពី​ភាគ​ខាងកើត​ប្រទេស​ហ្វីលីពីន ឆ្ពោះ​មក​តំបន់​ដីសណ្តរ​ទន្លេមេគង្គ ប្រទេស​វៀតណាម​។​

 

​យោងតាម​តាមដាន ស្ថានភាព​អាកាសធាតុ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២១ ខែធ្នូ បាន​ជូនដំណឹង​ថា វិ​សម្ពាធ​មួយ​ដែល​បានកើត​ឡើង នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​កាលពី​ថ្ងៃទី​១៩ ខែធ្នូ បាន​វិ​វ​ត្តិ​ទៅជា​ព្យុះ​ទី​២៧ ឈ្មោះ តឹ​ម​ប៊ិន​(TS TEMBIN) កាលពី​ម៉ោង​១​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២១ ខែធ្នូ​។ 
 
​តាម​ក្រសួង​ជំនាញ ព្យុះ​នេះ​កំពុង​ស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស​ហ្វីលីពីន ហើយ​វា​នឹងធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ហ្វីលីពីន ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង រួច​បន្តដំណើរ​មកកាន់​តំបន់​ដីសណ្ត​ទន្លេមេគង្គ ប្រទេស​វៀតណាម​។ ឥទ្ធិពល​របស់​ព្យុះ​ទី​២៧ នឹងធ្វើ​ឲ្យ​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៦ -២៨ ខែធ្នូ មាន​ពពក​ច្រើន​ដេរដាស មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំងប្រទេស ពី​មធ្យម​ទៅ​ច្រើន ពិសេស​បណ្តា​ខេត្ត​ដែល​ស្ថិតនៅ ជាប់​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​។ ចំណែក​តំបន់​មាត់សមុទ្រ និង​នៅលើ​ផ្ទៃសមុទ្រ ផ្ទៃមេឃ​មាន​ពពក​ច្រើន​ដេរដាស មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន មាន​ខ្យល់​បោកបក់​ខ្លាំង រលក់​សមុទ្រ​កម្ពស់​ខ្ពស់ៗ​។ 
 
​ក្រសួង​ធនធានទឹក បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ ពិសេស​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតឡើង​ជាយថាហេតុ​៕
 
 

Tag:
 ​អាកាសធាតុ​
 ​ភ្លៀង​
 ​ព្យុះ
© រក្សាសិទ្ធិដោយ thmeythmey.com