កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ លោកពូទីនបន្ថែមប៉ូលិសសម្ងាត់ ព្រោះខ្លាចមានករណីវាយគ្នាដូចនៅ Euro 2016
× លោកវ្ល៉ាឌីមៀរពូទីននឹងប្រើប្រាស់ប៉ូលិសសម្ងាត់របស់រុស្ស៊ីដើម្បីពង្រឹងសន្តិសុខនៅក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup នៅឆ្នាំក្រោយ។ ប្រធានាធិបតីរុស្ស៊ីធ្វើបែបនេះ ដ្បិតខ្លាចក្រែងមានការប៉ះទង្គិចគ្នាដូចកាលពីអ្នកគាំទ្ររុស្ស៊ី និងអង់គ្លេសធ្លាប់មានបញ្ហានឹងគ្នាក្នុងព្រឹត្តិការណ៍ Euro 2016 ។
សារព័ត៌មាន DailyMail ផ្សាយថា ប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀរពូទីន បានចាត់ឲ្យក្រុមប៉ូលីសសម្ងាត់ KGB (Komitet Gosudarstvennoy Bezopasnosti) ទទួលបន្ទុកការពារសន្តិសុខក្នុងព្រឹត្តិការណ៍ពិភពលោកដែលរុស្ស៊ីធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០១៨ ដើម្បីកម្ចាត់ក្រុមអ្នកគាំទ្រណាដែលអុកឡុកនៅកីឡដ្ឋាន និងតាមដងផ្លូវជាដើម។
កាលពីនៅក្នុងការប្រកួតពានរង្វាន់ Euro ឆ្នាំ២០១៦ ដែលបារាំងធ្វើជាម្ចាស់ផ្ទះនោះ អ្នកគាំទ្ររុស្ស៊ីបានវាយប្រហារអ្នកគ្រាំទ្រអង់គ្លេសបង្កឲ្យមានភាពរញ៉េរញៃ ព្រមទាំងមានអ្នករងរបួសជាច្រើនថែមទៀត។ ជុំវិញករណីនេះ ត្រូវបានគេជឿជាក់ថា អាចនឹងកើតឡើងម្តងទៀតក្នុងការប្រកួត World Cup ឆ្នាំ២០១៨។
នេះមានន័យថាអ្នកគាំទ្ររុស្សីទំនងជាស្ថិតក្រោមការគ្រប់គ្រងខ្ពស់បំផុតពីសំណាក់កងកំលាំងពិសេស ក្រោមហេតុផលព្រួយបារម្ភកើតជម្លោះជាមួយអ្នកគាំទ្រគូប្រជែងដែលព្យាយាមបង្កបញ្ហា។
ការចូលរួមរបស់អង្គភាពសម្ងាត់ KGB គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់លោកពូទីនដើម្បីធ្វើយ៉ាងណាឲ្យអ្នកធ្វើដំណើរទៅរុស្ស៊ីក្នុងអំឡុងពេលប្រកួតមានភាពកក់ក្តៅ មិនមានការភ័យខ្លាចលើបញ្ហាសន្តិសុខ៕
Tag:
បាល់ទាត់ FIFA World Cup
រុស្ស៊ី
ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com