ជាតិ
លោក គាត ឈន់ បាន​គ្រឿង​ឥស្សរិយយស​ពី​ព្រះ​ចៅ​អធិរាជ​ជប៉ុន​
23, Dec 2017 , 6:00 pm        
រូបភាព
ដោយ: ថ្មីៗ
គ្រឿង​ឥស្សរិយយស «Grand Cordon of the Order of the Rising Sun» ពី​ព្រះ​ចៅ​អធិរាជ​ជប៉ុន ត្រូវបាន​ផ្តល់ជូន​លោក គាត ឈន់ ប្រធានកិត្តិយស​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ សមាជិកសភា អតីត​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ពិធី​បំពាក់ និង​ប្រគល់​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​

 


«​លោក គាត ឈន់ បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ជប៉ុន​-​កម្ពុជា តាមរយៈ​ការផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ទៅកាន់​ប្រជាជន​កម្ពុជា​នូវ​ការខិតខំ​ប្រឹង ប្រែង​របស់​ជប៉ុន តាំងពី​កាល​កសាង​សន្តិភាព​រហូតដល់​ស្តារឡើងវិញ​របស់​ប្រទេស​កម្ពុជា​»​។ នេះ​ជាការ​លើកឡើង​របស់លោក Hidehisa Horinouchi ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដោយ​ភ្ជាប់​ទៅនឹង​តួនាទី​ដ៏​សំខាន់​របស់លោក គាត ឈន់ ក្នុង​ជួរ​រដ្ឋាភិបាល ចន្លោះ​ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៦​។​
 
​លោក គាត ឈន់ ដែលមាន​ងារ​ជា​កិត្តិ​សេដ្ឋា​បណ្ឌិត បានចាត់ទុក​គ្រឿង​ឥស្សរិយយស «Grand Cordon of the Order of the Rising Sun» ពី​ព្រះ​ចៅ​អធិរាជ​ប៉ុន AKIHITO ជាការ​ទទួលស្គាល់​ការចូលរួម​វិភាគទាន​ខ្លួន​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​។​
 
​អតីតរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រូបនេះ បាន​អះអាងថា ជប៉ុន​រួមចំណែក​ដ៏​ធំ​ក្នុងការ​ធ្វើ​ឲ្យ​កម្ពុជា​រីកចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​លោក​ជឿជាក់ថា ទំនាក់ទំនង​នឹង​កាន់តែ​ស្និទ្ធ​ថែមទៀត​ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​សម្រាប់​កម្ពុជា​ផង ជប៉ុន​ផង ព្រមទាំង​តំបន់ និង​ពិភពលោក​ទាំងមូល​ផង​៕

Tag:
 ​គាត ឈន់​
  ឥស្សរិយយស​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com