ជាតិ
សេដ្ឋកិច្ច
កាំកុងត្រូល ចាត់វិធានការ​លើ​ម្សៅ​ទឹកដោះគោ​របស់​ក្រុមហ៊ុន Groupe Lactalis ពី​បារាំង​
23, Dec 2017 , 9:00 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ អគ្គនាយដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម កំពុងមាន​វិធានការ​ចំពោះ​ផលិតផល​ចិញ្ចឹម​ទារក និង​កុមារ​តូចៗ ដែល​ផលិត​ដោយ​ក្រុមហ៊ុន Groupe Lactalis ពី​ប្រទេស​បារាំង ខណៈ​ក្រុមហ៊ុន​នេះ​កំពុង​ប្រមូល​ផលិតផល​របស់ខ្លួន​ដែលមាន​បញ្ហា​ពី​បណ្ដា​ប្រទេស​នានា​។



 
នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​អង្គភាព​មួយ​នេះ នៅ​ថ្ងៃទី​២២​ខែធ្នូ​។​
​បើតាម​អគ្គនាយកដ្ឋាន​កាំកុងត្រូល អាជ្ញាធរ​ប្រទេស​បារាំង បានចេញ​បទបញ្ជា​ស្ដីពី​ការព្យួរ​ការនាំចេញ ការធ្វើ​ចរាចរណ៍​លើ​ទីផ្សារ រយៈពេល​មួយឆ្នាំ និង​ប្រមូល​ត្រឡប់មកវិញ​នូវ​ផលិតផល​ចិញ្ចឹម​ទាក និង​កុមារ​តូចៗ ដែល​ផលិត​ដោយ​ក្រុមហ៊ុន Groupe Lactalis បន្ទាប់ពី​មាន​បញ្ហា​សុខភាព បាន​កើតឡើង​ចំពោះ​ទារក និង​កុមារ​តូច​ចំនួន ២៦​នាក់​។ ហើយ​លទ្ធផល​នៃ​ការវិភាគ​របស់​មជ្ឈមណ្ឌល​បង្អែក​ជាតិ​ប្រទេស​បារាំង បានបង្ហាញ​អំពី​ការចម្លង​បាក់តេរី Salmonella Agona នៅក្នុង​ផលិតផល​ខាងលើ​។ ក្រុមហ៊ុន​បាន​ប្រមូល​ត្រឡប់មកវិញ​នូវ​ផលិតផល​មាន​បញ្ហា​ពី​ទីផ្សារ​បារាំង និង​ពី​បណ្ដា​ប្រទេស​នានា ដែល​ក្រុមហ៊ុន​បាន​ចែកចាយ​។​
 
​ប៉ុន្តែ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បញ្ជាក់ថា មិនមែន​ផលិតផល​ទាំងអស់​របស់​ក្រុមហ៊ុន Lactalis សុទ្ធ​តែមាន​បញ្ហា​នោះទេ ពោលគឺ​មួយចំនួន តាម​ការប្រកាស​របស់​អាជ្ញាធរ​បារាំង​។​
​តំណាង​ក្រុមហ៊ុន​អង្គរ​ដា​វ័​ណ្ណ​(​ខេ​ម​បូ​ឌា​) ដែលជា​អ្នក​នាំចូល​ម្សៅ​ទឹកដោះគោ​របស់​ក្រុមហ៊ុន Lactalis ត្រូវបាន​ស្រង់​សំដី​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាលពីពេល​ថ្មីៗ​នេះ​ថា ក្រុមហ៊ុន​ខ្លួន​កំពុង​ប្រមូល​ម្សៅ​ទឹកដោះគោ​ពីរ​ប្រភេទ​ពី​ទីផ្សារ​ប្រទេស​កម្ពុជា ដែល​សង្ស័យថា​មាន​ប្រឡាក់​មេរោគ Salmonella ។​
 
​លោក មាស ច័ន្ទ​អេ​រី​វ័​ណ្ណ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អង្គរ​ដា​វ័​ណ្ណ ថ្លែងថា ផលិតផល​ដែល​សង្ស័យ​ទាំងពីរ​ប្រភេទ​នេះ​មាន​លេខ​បាច់ 17C0012746 ផុតកំណត់​នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩ សម្រាប់​ទឹកដោះគោ Celia AD និង​លេខ​បាច់ 17C0012679 ផុតកំណត់​នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៩ សម្រាប់​ទឹកដោះគោ Celia Mama ហើយ​ទឹកដោះគោ​ដែលមាន​លេខ​បាច់ និង​ថ្ងៃ​ផុតកំណត់​ផ្សេង​ពីនេះ​មិន​ពាក់ព័ន្ធ​នឹង​ការប្រមូល​នេះឡើយ​។​
 
​វត្តមាន​បា​តេ​រី Salmonella ក្នុង​ផលិតផល​ខាងលើ​នឹង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ទារក និង​កុមារ​តូច ដោយ​បង្ក​ឲ្យ​មាន​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ គ្រុនពោះវៀន ជាដើម​។ នេះ​បើតាម​ជា​អះអាង​របស់​អគ្គនាយដ្ឋាន​កាំកុងត្រូល ដែល​បាន​បន្តថា​ខ្លួន​កំពុង​ចាត់វិធានការ​រាំងខ្ទប់​មិន​ឲ្យ​នាំចូល​ផលិតផល​ខាងលើ និង​ផ្ដល់ព័ត៌មាន​ដល់​អ្នកពាក់ព័ន្ធ​ការលក់​ផលិតផល​នេះ ព្រមទាំង​ត្រួត​ពិ​និ​ត​នៅតាម​ផ្សារ​។ អង្គភាព​នេះ​បានផ្ដល់​លេខ​ទូរ​សព្ទ​បី​ខ្សែ​ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​រាយការណ៍​បើ​ប្រទះឃើញ​ទំនិញ​ទាំងនោះ ដែល​រួមមាន​លេខ ០១២ ២៧៨ ៧៨៩ ឬ ០៩២ ៩៩៩ ៨៦៧ ឬ ០១២ ៩៨៥ ៥៧៧ ៕
 
 
 

Tag:
 ម្សៅ​ទឹកដោះគោ​
  Lactalis
© រក្សាសិទ្ធិដោយ thmeythmey.com