ជាតិ
ខែធ្នូ​៖ ពលករ​៣០​នាក់​នៅ​ម៉ាឡេស៊ី និង​ចិន ត្រូវ​ស្ថានទូត​ជួយ​ឲ្យ​ត្រឡប់មក​កម្ពុជា​វិញ​
23, Dec 2017 , 10:00 pm        
រូបភាព
រូបតំណាង។ AFP
រូបតំណាង។ AFP
ដោយ:
​យ៉ាងហោចណាស់​ពលករ​ចំណាកស្រុក​ចំនួន​៣០​នាក់ ត្រូវបាន​ស្ថានទូត​កម្ពុជា​ជួយ​ឲ្យ​ត្រឡប់មក​មាតុភូមិ​វិញ​បន្ទាប់ពី​ចាញ់បោក​មេខ្យល់​យកទៅលក់​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ចិន​។ ក្នុងចំណោម​ពលករ ៣០​នាក់​នេះ មាន​២៧​នេះ​ជា​ពលករ​ចំណាកស្រុក​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី និង ៣​នាក់​ជា​ស្ត្រី ដែល​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​។​



​ពលករ​ចំនួន ៣០​នាក់​បាន​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ក្នុង​ដំណាច់​ខែធ្នូ ឆ្នាំ​២០១៧​នេះ ដោយ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ជួយសង្គ្រោះ ក្នុងនោះ​មាន​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ស្ត្រី​ខ្មែរ​ដែល​រៀបការ​ជាមួយ​ជនជាតិ​ចិន ។ បើតាម​សេចក្ដីប្រកាស​របស់​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ស្ត្រី​ខ្មែរ ៣​រូប​ដែល​រៀបការ​ជាមួយ​ជនជាតិ​ចិន បាន​មកដល់​ប្រទេស​កម្ពុជា​វិញ​កាលពី​ថ្ងៃទី​៨ និង​ទី​១៤ ខែធ្នូ​។  ដោយមាន​ការអន្តរាគមន៍​ពី​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ក្វាង​ចូ​វ និង ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​សៀង​ហៃ សហការ​ណ៍​ជាមួយ​សមត្ថកិច្ច​ចិន​។​

​ចំណែកឯ​ពលករ​ចំនួន​២៧​នាក់​ផ្សេងទៀត​ដែល​ចាញ់បោក​មេខ្យល់ យកទៅលក់​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ជួយ​អន្តរាគមន៍​ពី​ប្រទេស​ម៉ាឡេស៊ី​វិញ​នៅ​ថ្ងៃទី​៨ ដល់​ថ្ងៃទី​២៥ ខែធ្នូ នេះ​។ ដោយបាន​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី សហ​ការណ៍​ជាម​ន្ត្រី​មាន​សមត្ថកិច្ច​ម៉ាឡេស៊ី ជួយសង្គ្រោះ​។​

លិខិត​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​ការហូបចុក ស្នាក់នៅ និង​ធ្វើដំណើរ​របស់​ពលករ​ចំណាកស្រុក​ទាំង​៣០​នាក់​នេះ គឺជា​បន្ទុក​របស់​ស្ថានទូត​កម្ពុជា​ទាំងអស់​។​

ជាការ​កត់សម្គាល់​ស្ទើរតែ​រៀងរាល់ខែ​ស្ថានទូត​កម្ពុជា​តែងតែ​ជួយ​អន្តរាគមន៍​ឲ្យ​មាន​មាតុភូមិនិវត្តន៍​របស់​ពលករ​ខ្មែរ​ដែល​ចំណាកស្រុក​ទៅធ្វើ​ការ​ក្រៅប្រទេស​ទាំង​ស្របច្បាប់​និង​មិន​ស្របច្បាប់​ជានិច្ច​។ ការជួយ​អន្តរាគមន៍​នេះ គេ​សង្កេតឃើញថា​ភាគច្រើន​ជា​ពលករ​ដែល​ចំណាកស្រុក​តាម​មេខ្យល់​ទៅ​ប្រទេស​ម៉ាឡេស៊ី និង​រៀបការ​ជាមួយ​ជនជាតិ​ចិន​ជាដើម​។ យ៉ាង​នាពេល​កន្លងទៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​តែងតែ​អំពាវនាវ​ឲ្យ​ពលករ​ចំណាកស្រុក​ទាំងអស់​ត្រូវ​ទៅធ្វើ​ការ​តាម​ក្រុមហ៊ុន​ដែល​ស្របច្បាប់ ចៀសវាង​ការ​កេងចំណេញ​កម្លាំង​ពលកម្ម និង​ការជួញដូរ​មនុស្ស​ជាដើម​៕


Tag:
 សង្គម​
 ​ពលករ​ចំណាកស្រុក​
 ​ស្ថានទូត​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com