លោក Jose Mourinho កំពុងដាក់គោលដៅលើខ្សែបម្រើវ័យក្មេង Justin Kluivert របស់ក្រុម Ajax ដែលជាកូនប្រុសរបស់អតីតវីរបុរស Bacelona លោក Patrick Kluivert នៅក្នុងបញ្ជីទិញចូលរបស់ Manchester United ពេលទ្វារដោះដូរកីឡាករបើកនៅមករាខាងមុខនេះ។
យោងតាមការផ្សាយរបស់ TheSun ខ្សែបម្រើសញ្ជាតិហូឡង់ វ័យ១៨ឆ្នាំរូបនេះ ស្ថិតក្នុងចំណោមយុវជនដែលមានទេពកោសល្យ នៅក្នុងក្រសែភ្នែករបស់អ្នកចាត់ការរហស្សនាម The Special One ដើម្បីយកមកពង្រឹងតំបន់ស្លាបរបស់ Manchester United។
ដោយសារខកខាននាំយក Ivan Perisic ពី Inter Milan មកកាន់ទឹកដី Old Trafford អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ វ័យ៥៤ឆ្នាំ បានសម្លឹងមើលកីឡាករផ្សេងទៀតនៅខែមករា ហើយ Kluivert កំពុងស្ថិតក្រោមការតាមដានរបស់លោក។
កូនប្រុសរបស់អតីតខ្សែប្រយុទ្ធជម្រើសជាតិហូឡង់ Patrick Kluivert បានបង្ហាញខ្លួនលើកដំបូងឲ្យ Ajax កាលពីរដូវកាលមុនជាមួយភាពប៉ិនប្រសប់គួរឲ្យគត់សម្គាល់ និងជាពិសេសពេលលេងទល់នឹងក្រុមបិសាចក្រហមនៅវគ្គផ្តាច់ព្រ័ត្រ Europa League ដែលធ្វើឲ្យ Mourinho ចាប់អារម្មណ៍ ហើយក៏បានផ្តល់ដំបូន្មានខ្លះៗដល់រូបគេផងដែរ នៅក្រោយចប់ការប្រកួតដែល Manchester United ឈ្នះ Ajax ២-០ នោះ។
ក្រៅពី Kluivert មានកីឡាករផ្សេងទៀតដូចជា Malcom របស់ក្រុម Bordeaux Christian Pulisic របស់ Borussia Dortmund និង Thomas Lemar របស់ Manaco ក៏ស្ថិតក្រោមការចង់បានរបស់ Mourinho ដែរ៕